ភ្នំពេញ៖ នៅទីបំផុត កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសម្រេចសរសេរលិខិតចំហរចំនួន៤ទំព័រ ដោយបានរៀបរាប់អំពីការឈឺចាប់ និងថ្លាថ្លែងអំពីអង្គការការពារសិទ្ធិមនុស្ស អាដហុក និងអ្នកពាក់ព័ន្ធមួយចំនួន ដែលបានបញ្ចុះបញ្ចូលលួងលោមឲ្យរូបនាងនិយាយភូតកុហកពីការពិត ប្រាប់ដល់មហាជន សារព័ត៌មាន សមត្ថកិច្ច និងអំពីរឿងមានទំនាក់ទំនងស៊ីជម្រៅជាមួយលោក កឹម សុខា។
កញ្ញា ស្រីមុំ បានសរសេរនៅក្នុងលិខិតចំហរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា រូបនាងមិនអាចបន្តការបិទបាំង ចំពោះទង្វើខុសច្បាប់ ពីសំណាក់បុគ្គលមួយចំនួន និងអ្នកពាក់ព័ន្ធ ដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាង និងក្រុមគ្រួសារនាងឲ្យ និយាយភូតកុហកពីការពិតបានទៀតទេ។ ដោយអ្នកដែលពាក់ព័ន្ធ បញ្ចុះបញ្ចូលឲ្យរូបនាងនិយាយកុហកនោះរួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្ត្រីអង្គការអាដហុក និងលោកស្រី ធី ឃីៈ ប្រធានអង្គការ សីលការ, ប្រធានអង្គការ ណ្កដស៊ី, ឈ្មោះ ស៉ឺន សាលី មន្ត្រីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំ ស្រកស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កញ្ញា ស្រីមុំ ធ្វើការថ្កោលទោស និងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចចំពោះ អ្នកដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាង និងក្រុមគ្រួសារនាង ឲ្យនិយាយភូតកុហកពីការពិត ដូចបានរៀបរាប់ឈ្មោះខាងលើ។
សូមជំរាបថា ពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយលោក កឹម សុខា, កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ នេះបើយោងតាមពាក្យ បណ្តឹងរបស់កញ្ញា ស្រីមុំ ដែល ទើបទទួលបាននៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦៕