ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ៦ ជាច្រើនគ្រួសារ ជាពិសេសអ្នកដែលរស់នៅក្បែរដេប៉ូខ្សាច់ទាំង ០២ទីតាំង ដែលទីតាំង ០១ ត្រូវបានគេស្គាល់ថា ជាឪពុករបស់លោក លី គឹមហេង ដែលជាថៅកែរកស៊ីខ្សាច់ដ៏ល្បី ដែលស្ថិតនៅផ្លូវមាត់ទន្លេជាប់ និងផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងទីតាំង ០១កន្លែងទៀត ត្រូវបានគេស្គាល់ថា ជារបស់ឈ្មោះ តា ហួរ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានរងការប៉ះពាល់ដោយសារតែមានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿងបាន ដឹកខ្សាច់ពេញៗ រថយន្ត ដោយមានរថយន្តខ្លះមិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរ និងបានជ្រុះរប៉ាត់រប៉ាយលើផ្លូវជាតិតែម្តង ដែលបង្កឱ្យមានដីខ្សាច់ហុយទ្រលោមមកតាមដងផ្លូវ ហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តា មានវិធានការណែនាំដល់ម្ចាស់ដេប៉ូខ្សាច់មួយនេះផង ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរដេប៉ូខ្សាច់នេះ បានឲ្យដឹងថា ដេប៉ូខ្សាច់នេះបានធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមានដេប៉ូខ្សាច់នេះ ប្រជាពលរដ្ឋដែលរស់នៅទីនេះ មានការខឹងទៅនិងដេប៉ូខ្សាច់ ហើយពេលខ្លះថ្ងៃក្ដៅដីហុយទ្រលោមពិបាកដកដង្ហើមខ្លាំងណាស់ និងថ្លង់សំឡេងគ្រឿងចក្រទាំងយប់ទាំងថ្ងៃ ។បើតាមប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិនេះ ក៏បានរអ៊ូរទាំអំពីបញ្ហាដីខ្សាច់ហុយចូលភ្នែក និងពិបាកដកដង្ហើមផងដែរ ហើយអ្នកធ្វើដំណើរតាមម៉ូតូក៏មានបញ្ហាប្រឈមខ្លាចរអិលដួលម៉ូតូដោយ សារតែដីខ្សាច់ជ្រុះពេញផ្លូវ ។ កន្លងមកក្រសួងរ៉ែ និងថាមពល ព្រមទាំងនគរបាលចរាចរបានចុះណែនាំអ្នកដឹកជញ្ជូនខ្សាច់ ដី ថ្ម នៅកំណាត់ផ្លូវជាតិលេខ២ ពីការដឹកលើសចំណុះធ្វើឲ្យហុយ និងអាចបង្កឧបទ្ទវហេតុ ឬគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ។
យោងតាមក្រសួងធនធានរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ បានបញ្ជាក់ថា លោក ឌិត ទីណា រដ្ឋលេខាធិការ និងនគរបាលចរាចរបានធ្វើការចុះពន្យល់ដល់ឡានដឹកជញ្ជូនខ្សាច់ ដី ថ្ម នៅកំណាត់ផ្លូវជាតិលេខ២ ក្នុងខេត្តកណ្តាល ដើម្បីឲ្យពួកគាត់បានយល់ថា ការដឹកលើសចំណុះ ឬហួសទ្រុងដោយគ្មានការគ្របត្រឹមត្រូវ និងធ្វើឲ្យមានការធ្លាក់អាចម៍ដី ថ្ម ឬខ្សាច់ ធ្វើឲ្យហុយ និងអាចបង្កឧបទ្ទវហេតុ ឬគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុថែមទៀតផង ។ លើសពីនេះក្រុមការងារក៏បានណែនាំ និងតម្រូវឲ្យអ្នកបើកបរឡានដឹកជញ្ជូនទាំងនោះ ឲ្យអនុវត្តតាមវិធានការចំពោះការដឹកជញ្ជូន រ៉ែសំណង់គ្រប់ប្រភេទ ពោលគឺមិនត្រូវដឹកជញ្ជូនលើសកម្រិតហួសពីទ្រុងរថយន្តឡើយ ហើយត្រូវមានគម្របតង់កៅស៊ូគ្របពីលើឲ្យបានជិត និងចងឲ្យជាប់គត់មត់ បើមិនដូច្នោះទេ នគរបាលចរាចរណ៍ នឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរឹង ។
ក្រោយមកក្រសួង ក៏បានចុះធ្វើការណែនាំដល់ការដ្ឋាន រ៉ែសំណង់មួយកន្លែង ទៀតនៅខេត្តកណ្ដាល ធ្វើការពន្យល់ណែនាំ នៅទីតាំងការដ្ឋានផ្ទាល់តែម្តង ដើម្បីឲ្យការជីកដីដាក់ឡានដឹកជញ្ជូន របស់គាត់ត្រឹមតែទ្រុង និងគ្របបានត្រឹមត្រូវ មុននឹងចេញពីការដ្ឋាន ។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា ដេប៉ូខ្សាច់ចំនួន ០២កន្លែង អាជ្ញាធរធ្លាប់ចុះណែនាំជាច្រើនលើកមកហើយ ប៉ុន្តែខាងម្ចាស់ទីតាំងទាំង ០២កន្លែង មិនបានអនុវត្តន៍តាមការណែនាំរបស់សាលាខណ្ឌនោះឡើយ ៕