សម្តេច​តេ​ជោ ហ៊ុន សែន​៖ មិនមាន​ការអត់អោន​ឲ្យ​អ្នកណា​ក៏ដោយ ដែល​ធ្វើការ​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន

25-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ប៉ុ​ន្មា​នាទី​មុននេះ​បន្តិច សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា មិនមាន​ការអត់អោន​ឲ្យ​អ្នកណា​ក៏ដោយ ដែល​ធ្វើការ​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន នេះ​បើ​យោងតាម Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាកដឹកនាំ​គ្រប់​ជាន់ថ្នាក់ រៀបចំ​មេធាវី ដើម្បី​ត្រៀម​ប្តឹង​ទៅកាន់​តុលាការ ក្នុងករណី​មានការ​មួលបង្កាច់​រំលោភ​សិទ្ឋិ គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ជន​ណាក៏ដោយ​
​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ទាំងស្រុង​នៅលើ Facebook ថា​៖ «​មិនមាន​ការអត់អោន​ឲ្យ​អ្នកណា​ក៏ដោយ ដែល​ធ្វើការ​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស ប្រជាជន​។ យើង​គោរព​សិទ្ឋិ​បញ្ចេញមតិ ប៉ុន្តែ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មូល​បង្កាច់បង្ខូច​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​ចំពោះ​គណបក្ស​ប្រជាជន​។​
* សិទ្ឋិ​បញ្ចេញមតិ និង​ការ​មួលបង្កាច់​មាន​ចរិត​ខុសគ្នា​ដូច​មេឃ​និង​ដី ។​
* សិទ្ឋិ​របស់​អ្នកមាន​ព្រំប្រទល់​ជាមួយនិង​សិទ្ឋិ​អ្នកដទៃ​។ គណបក្ស​ប្រជាជន​ចាំបាច់​ត្រូវរ​ក្សាន​នូវ​សិទ្ឋិ​របស់ខ្លួន ដើម្បី​ការពារ​កិត្តិយស និង​សេស​ចក​តី​ថ្លៃថ្នូ​ក្នុ​នាម​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​។​
* សូម​អំពាវនាវ​ចំពោះ​អ្នកវិភាគ អ្នក​អត្ថាធិប្បាយ កុំ​ព្យា​យា​ក្លែងបន្លំ ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ថា​វា​ដូចគ្នា​។ អស់លោក​មាន​សិទ្ឋិ សូម​កុំភ្លេចថា យើងខ្ញុំ​ក៏មាន​សិទ្ឋិ​ដូច​ស់លោក​ដែរ​។​
* ខ្ញុំ​អំពាវនាវ សមាជិក​សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាកដឹកនាំ​គ្រប់​ជាន់ថ្នាក់ រៀបចំ​មេធាវី ដើម្បី​ត្រៀម​ប្តឹង​ទៅកាន់​តុលាការ ក្នុងករណី​មានការ​មួលបង្កាច់​រំលោភ​សិទ្ឋិ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ជន​ណាក៏ដោយ​។ កន្លងមក​យើង​បាន​អត់ឱន​ចំពោះ​ជនខិលខូច​ទាំងនេះ ច្រើនណាស់​រួចមកហើយ ប៉ុន្តែ​ពួកគេ​មិនបាន​គិតដល់​សេចក្តីថ្លៃថ្នូរ​របស់​យើង​ឡើយ​។ ការអត់ឱន​ពិតជា​មាន​ព្រំដែន ដែល​បង្ខំ​អោយ​យើង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​ជន​ទាំងឡាយណា​ដែល​នៅតែ​បន្ត​ការ​មួល​បង្កាច់បង្ខូច​កិត្តិយស​សេចក្តីថ្លៃថ្នូ​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​យើង​។ ពេលនេះ​យើង​កំពុង​រៀបចំ​ពាក្យ​ប្តឹង​ចំពោះ​បុគ្គល ដែល​បាននិងកំពុង​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​។​
 
​សូម​ជំរាប​ថា កាលពី​ម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ ថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) កំពុង​ពិចារណា​ប្តឹង លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត បន្ទាប់ពី​អ្នកវិភាគ​សង្គម​រូបនេះ ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នករៀបចំ​យុទ្ធសាស្ត្រ​រឿងអាស្រូវ​ស្នេហ៍ លោក កឹម សុខា និង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ​។​
​លោក សុខ ឥសាន បាន​បញ្ជាក់ថា លោក អ៊ូ វីរៈ កំពុង​ដើរ​លាប​ពណ៌​ដាក់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ  ភ័ន្តច្រឡំ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា ករណីនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល ជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​
​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ លោក អ៊ូ វីរៈ បានលើកឡើង​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហ៍​រវាង​លោក កឹម  សុខា និង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ នាពេល​កន្លងមក ជាការ​រៀបចំ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​បំបាក់ ប្រជាប្រិយភាព​លោក កឹម សុខា​។​

​វិទ្យុ​អាស៊ីសេរី​បាន​ដកស្រង់​សម្តី លោក អ៊ូ វីរៈ​ថា «​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​នៅពេលនេះ គឺ​ព្យាយាម​គាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុ​របស់លោក​។ ទោះបីជា​យ៉ាងណា តុលាការ​ប្រហែលជា​មិនទាន់​អាច​ចាប់ខ្លួន​ភ្លាមៗ​ទេ ដោយ​រង់ចាំ​ស៊ើប អង្កេត​បន្ថែម​៖ “​គឺជា​ការគាបសង្កត់​ខ្លាំង​មែនទែន ហើយ​អាចមាន​ប្រសិទ្ធភាព និង​អាច​រុញ​ឲ្យ​បក្សប្រឆាំង​ទាល់ច្រក ហើយ​បើ​ទាល់ ច្រក នឹងធ្វើ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​”»​។​

​លោក អ៊ូ វីរៈ លើកឡើង​តាមរយៈ​វិទ្យុ​នេះ​ទៀតថា «​ការដែល​គណបក្ស​ប្រជាជន​កម្ពុជា រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង​នយោបាយ តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះ ដែរ​»​។​
​ចំពោះ​រឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា CPP នឹង​ប្តឹង​អ្នកវិភាគ​មួយចំនួន​ទៀតផង ដែរ ក្នុងករណី​ដែល​អ្នកវិភាគ​មាន​និន្នាការ​នយោបាយ​ទាំងនោះ ដើរ​និយាយថា លាប​ពណ៌​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ប្រជា​ពល  រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​​សូមបញ្ជាក់ថា លោក អ៊ូ វីរៈ និង​លោក កឹម សុខា គឺជា​អតីត​កូនចៅ និង​មេ​កើយ​និង​គ្នា នៅពេលដែល​លោក កឹម សុខា ធ្វើជា​ប្រធាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    20648897

  • ថ្ងៃនេះ2081
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11841
  • ខែនេះ206441
  • ឆ្នាំនេះ206441
  • សរុប20648897