ក្រចេះ៖ នាយកវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅ ស្រុកឆ្លូង ខេត្ត ក្រចេះ លោក អ៊ិត សុភាព ត្រូវបានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើកូដកម្មចង់ទម្លាក់ និង ស្នើឲ្យមានការដកចេញពីដំណែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ ដោយសារពួកគាត់ មិនពេញចិត្ត និងទង្វើរបស់ លោកនាយកនាពេលកន្លងមក នៃការងារដឹកនាំសាលា។
លោក អ៊ួក ស៊ាងអន ដែលជាគ្រូបង្រៀន នៅ វិទ្យាល័យ គាត ឈន់ បានប្រាប់ ថា៖ «លោកគ្រូ អ្នកគ្រូ មិនពេញចិត្តនូវទង្វើ ជាច្រើនរបស់ លោក នាយក អ៊ិត សុភាព នោះទេ ទី១ លោក ជាមនុស្សមិនមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ ទី២ ជាមនុស្សដែលមានគំនិត គុំគួនទៅលើ លោកគ្រូ អ្នកគ្រូ ក្រោមឱវាទក៏ដូចជា សិស្សានុសិស្សផងដែរ និង ទី៣ នៅពេលដែល លោកគ្រូ ចង់ធ្វើអ្វីមួយមិនដែលមកពិភាក្សា ជាមួយ លោកគ្រូ អ្នកគ្រូ នោះទេ គឺគាត់ចង់ធ្វើអ្វីតាមតែចិត្តរបស់គាត់»។
លោកបានបន្ដទៀតថា «កន្លងមកលោកនាយករូបនេះ បានប្រើអំពើហិង្សា ទៅលើសិស្សផងដែរ សូម្បីតែសិស្សស្រីនៅពេលដែលសិស្ស ធើ្វខុសគាត់មិនដែលអប់រំត្រឹមត្រូវនោះទេ»។
សូមបញ្ជាក់ផងដែរថា លោកនាយក អ៊ិត សុភាព បានក្លាយជានាយកវិទ្យាល័យ គាតឈន់ តាំងពីឆ្នាំ២០១០មកម្ល៉េះ។ ក្រោយពីការលើបដា ធ្វើកូដកម្មរួចមក ខាងការិយាល័យអប់រំស្រុកឆ្លូង និងមន្ទីអប់រំខេត្ត បានចុះទៅសម្របសម្រួល ហើយខាងមន្ទីរក៏បានសន្យាថាសុំពេល មួយខែកន្លះ ដើម្បីធ្វើការដោះស្រាយជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ ខេត្ តក្រចេះ បានប្រាប់ នៅរសៀលនេះថា ក្រោយពីមានការតវ៉ាពីលោកគ្រូ អ្នកគ្រូ កាលពីព្រឹកមិញ ខាងមន្ទីរក៏បានធ្វើការកោះប្រជុំភ្លាមហើយការប្រជុំ នេះផងដែរ បានសម្រេចជាលទ្ធផល ដូចជា ឱ្យលោកគ្រូ អ្នកគ្រូ ចូលបង្រៀនសិស្សជាធម្មតាវិញ ហើយពាក់ព័ន្ធជាមួយការដកលោកនាយក មន្ទីរសុំពេលមួយខែកន្លះ ដើម្បីធ្វើការស៊ើបអង្កេតរកហេតុផលមួយត្រឹមត្រូវ។លោកក៏បានបញ្ជាក់បន្ថែមថា កន្លងមកថ្មីៗនេះ ខាងការិយាល័យអប់រំស្រុក ក៏បានកោះហៅលោកនាយក ទៅធ្វើការណែនាំឱ្យលោកនាយក ប្រើពាក្យសម្ដីគួរសមទៅលើលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សវិញ៕