កណ្តាល ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរ សាធារណការ ខេត្តកណ្តាល បានឃុបឃិតជាមួយលោក ជួរ ឈុនឡេង ដែលជាអនុប្រធានមន្ទីរ ឲ្យមន្ត្រីជំនិតរបស់ខ្លួន បង្កើតស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត នៅតាមដងផ្លូវមួយចំនួន ដើម្បីប្រមូលលុយ តាមរបៀបពុករលួយ ព្រោះតែស្ថានីយ៍ ជញ្ជីងទាំងនោះ ត្រូវបានសម្របសម្រួល ឲ្យមានភាពស្របច្បាប់ តែធ្វើសកម្មភាព មិនខុសពីកុងត្រូលជជុះ បង្ខំឲ្យអ្នករកស៊ីដឹកទំនិញ ចូលបង់លុយយ៉ាងអនាធិបតេយ្យ។
ជាក់ស្តែង ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួល បានក្លាយជា ប្រភពចំណូលដ៏សំខាន់ របស់លោក ម៉ឹង យូទ្បេង និងលោក ជួរ ឈុនឡេង តាមរយៈការចាត់មន្ត្រីជំនិត ឲ្យដាក់គោលដៅឈរជើង សម្រាប់ថ្លឹងរថយន្ត លើសទម្ងន់ តែភាពពិតគឺមន្ត្រីទាំងនោះ កំពុងប្រមូលលុយ តាមរបៀបពុករលួយ រាល់ថ្ងៃ។ ក្រុមការងារដាក់ប៉ុស្តិ៍ នៅចំណុចខាងលើ ជាមន្ត្រីក្រសួង និងមន្ទីរសាធារណការ ខេត្តកណ្តាល រួមសហការជាមួយ មន្ត្រីសាលាខេត្តកណ្តាល បង្កើតជាប៉ុស្តិ៍ ជញ្ជីងថ្លឹងរថយន្ត ដឹកលើសទម្ងន់ ដើម្បីផាកពិន័យ ប៉ុន្តែតាមការសង្កេត មិនដែលឃើញមន្ត្រីទាំងនោះ ធ្វើការពិនិត្យថ្លឹងរថយន្ត ទៅតាមលក្ខណៈ បច្ចេកទេសនោះទេ គឺគ្រាន់តែឲ្យរថយន្តឈប់ ចូលទៅបង់លុយ ប្រៀបបាននឹង កុងត្រូលជជុះ។
ប្រភពបានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះ បានដាក់ពង្រាយ កម្លាំងចល័តគ្រប់ច្រកល្ហក តាមឃាត់រថយន្ត ដឹកថ្មក្រួសខ្សាច់ និងរថយន្តដឹកទំនិញ មិនឲ្យរួចមួយគ្រឿងនោះទេ ពោលគឺរថយន្តដឹកថ្ម និងដឹកដីខ្សាច់ ដែលឆ្លងកាត់ជញ្ជីងនោះ ក្នុងមួយគ្រឿង ត្រូវបង់លុយ ចាប់ពី ២ម៉ឺនរៀល រហូតទៅដល់ ១០ម៉ឺនរៀល ដូច្នេះក្រុមជញ្ជីងនេះ អាចប្រមូលប្រាក់ ក្នុងមួយថ្ងៃៗ បានរាប់លានរៀល។ ក្នុងករណីដែល រថយន្តមួយណា មិនព្រមឈប់បង់លុយ ក្រុមមន្ត្រីដែលប្រចាំការ នៅទីនោះ បើកឡានប្រដេញចាប់ ដោយប្រើពាក្យសំដី យ៉ាងអសីលធម៌បំផុត។ អ្នករកស៊ីដឹកថ្ម ខ្សាច់ បានស្នើឲ្យ មន្ត្រីជំនាញថ្នាក់លើ ចុះត្រួតពិនិត្យកែសម្រួល ក្រុមមន្ត្រីដែលឈរជើង តាមជញ្ជីងថ្លឹងរថយន្ត ក្នុងខេត្តកណ្តាល ឡើងវិញផង កុំឲ្យអនាធិបតេយ្យខ្លាំងពេក៕