ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។ ជាមួយគ្នានេះ សម្តេចក៏បានផ្ញើសារព្រមានថា នឹងមិនអត់ឱនឱ្យនរណាម្នាក់ ឬក្រុមណាមួយដែលព្យាយាមបំផ្លាញសន្តិភាព របស់កម្ពុជានោះទេ។
នេះគឺជាសារសំខាន់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារក្រុងសិរីសោភ័ណ ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ក្រុថសំរោង ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតចំពោះជនមួយក្តាប់តូច ឬអ្នកណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសន្តិភាពរបស់កម្ពុជា ហើយរុញឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្តងទៀត។ សម្តេចថា សន្តិភាពនេះសម្តេចបានខិតខំជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកអភិវឌ្ឍឱ្យរីកចម្រើន និងបង្កើតឱកាសលូតលាស់ទាំងអស់គ្នា។ សម្តេចបានព្រមានថា សិទ្ធិបញ្ចេញមតិគឺមានព្រំដែនកំណត់ ហើយកុំអាងតែមានសិទ្ធិបញ្ចេញមតិ មកនិយាយប៉ះពាល់ដល់គេឯងនោះទេ គេនឹងវាយបក និងឆ្លើយតបទៅវិញហើយ ព្រោះគេមានសិទ្ធិការពារខ្លួនរបស់គេដែរ។
* ខ្លឹមសារមួយទៀត គឺសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីទាំងអស់ បើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារខ្វះទឹកនោះទេ។ អត់បាយបាន៥ថ្ងៃតែបើអត់ទឹកតែ៥ម៉ោងនឹងយ៉ាប់រស់។
ជាមួយគ្នានេះ សម្តេចប្រកាសមិនឲ្យក្រសួងនានា ហៅអភិបាលខេត្តឡើងមកប្រជុំនៅភ្នំពេញឡើយ បើហៅត្រូវពិភាក្សាជាមួយក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រី ដោយទុកពេលវេលា ឲ្យអភិបាលខេត្តទាំងអស់អន្តរាគមន៍ដឹកទឹក ចែកជូនប្រជាពលរដ្ឋ អភិបាលខេត្តប្រៀបដូចជាប្រធានរដ្ឋ១ក្នុងប្រទេស ។ សម្តេចអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានា ចូលរួមបរិច្ចាកទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាត។ ក្រៅពីនោះសម្តេចតេជោ បានស្នើឲ្យកាកបាទក្រហមកម្ពុជា បង្វែរទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ។
* សម្តេចតេជោ អំពាវនាវឲ្យមន្ត្រីគណបក្សប្រជាជន ត្រូវចូលរួមចែកទឹកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេចបានចាត់ទុកថា បញ្ហាកង្វះទឹកនេះជាគ្រោះមហន្តរាយសម្រាប់កម្ពុជា។ សម្តេចមិនបានស្នើថ្វាយព្រះមហាក្សត្រ និងរដ្ឋសភា ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ប៉ុន្តែសម្តេចបានប្រកាសដាក់ជំនួសមកវិញនូវយុទ្ធនាការ ដឹកទឹកចែកជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បក្សនយោបាយទាំងអស់ ក្រុមហ៊ុន អង្គការ សប្បុរសជន ចូលរួមក្នុងយុទ្ធនាការចែកចាយទឹក ដល់ប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ ផ្ទាល់មិនចាំបាច់ឆ្លងអភិបាលខេត្ត ស្រុកឡើយ ជុំវិញនេះសម្ដេចប្រគល់ការងារជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទទួលបន្ទុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានក្រសួងហិរញ្ញវត្ថុជា អ្នកផ្ដល់ថវិកា។ សម្តេចនឹងចាំមើលថា តើបក្សនយោបាយណាខ្លះ ដែលចូលរួមចែកទឹកដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមដណ្តើមសន្លឹកឆ្នោត។ សម្តេចសង្ឃឹមថាគណបក្សទាំងអស់នឹងយល់ពីស្ថានភាព នៅកម្ពុជានាពេលនេះ ដូច្នេះសូមរួមគ្នាជួយប្រជាពលរដ្ឋ៕