ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួនជាង១០០ នាក់ តំណាងឲ្យប្រជាពលរដ្ឋ៥២៤នាក់មកពីភូមិខ្នងក្រពើលិចនិងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានយកញត្តិមកដាក់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះបានយល់ព្រមត្រឡប់ទៅលំនៅដ្ឋានវិញហើយ ក្រោយពីក្រសួងបានទទួលញត្តិរបស់គេ។
មន្ត្រីក្រសួងរៀបចំ ដែនដី បានឱ្យដឹងថាក្រសួងនឹងជូនដំណឹង ទៅកាន់ប្រជាពលរដ្ឋវិញ នៅល្ងាចថ្ងៃដដែល អំពីដំណោះស្រាយបញ្ហារបស់ពួកគាត់ ហើយក្រសួងបានយល់ព្រមយកមកដោះស្រាយ ជូនពួកគាត់ ពីព្រោះក្រសួងមានសមត្ថកិច្ចលើកិច្ចការងារនេះ។
ខណ:ដែល ប្រជាពលរដ្ឋជាង១០០ យកញត្តិមកតវ៉ា និងប្រមូលផ្តុំនៅខាងមុខក្រសួងនោះ គេសង្កេតឃើញថា មានវត្តមានថ្នាក់ដឹកនាំមួយចំនួននៅក្នុងគណ:កម្មការទទួលញត្តិ និងពាក្យបណ្តឹងរបស់អ្នកតវ៉ា ដឹកនាំដោយលោក សេង ឡូតអគ្គនាយករដ្ឋបាលនិងជាអ្នកនាំពាក្យក្រសួងដែនដីចេញមកទទួលញត្តិ ពីពួកគាត់។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោក សេង ឡូត បានប្រាប់ថា បើសិនប្រជាពលរដ្ឋ នៅតែធ្វើដំណើរយកញត្តិ ទៅដាក់នៅរដ្ឋសភានិងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនោះ ខាងក្រសួងនឹងមិនទទួលញត្តិនោះឡើយ តែក្រោយការពិចារណា និងពិភាក្សាគ្នារួចមក ក្រុមប្រជាពលរដ្ឋទាំងនេះបានយល់ព្រមមិនធ្វើការដង្ហែក្បួនទៅកាន់ រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនោះទេ។
តំណាង ប្រជាពលរដ្ឋបាននិយាយថា ជម្លោះដីធ្លីនេះ បានកើតឡើងនៅក្នុងរង្វង់ដី ចំនួន២៩ហិកតា ដែលប្រជាពលរដ្ឋថាខាងអាជ្ញាធរខេត្តបានដកហូតយក៕