លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ ខេត្តកណ្តាល កំពុង​ជិះសេះ​លែងដៃ ក្នុងការ​ដេញថ្លៃ​គម្រោង ជាមួយ​ក្រុមហ៊ុន​ចង​មុង

28-April-2016 | ដោយ មែន កំសត់


 កណ្តាល ៖ ប្រភពព័ត៌មាន ពី​សាលា​ខេត្តកណ្តាល បាន​រាយការណ៍​មក​ថា លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ ខេត្តកណ្តាល បំពេញការងារ មិន​ត្រឹមត្រូវ​នោះទេ គឺ​បាន​ឃុបឃិត ជាមួយ​បក្ខពួក កិបកេង​ថវិកាជាតិ តាមរយៈ​ការដេញថ្លៃ គម្រោង​សាងសង់ សំណង់​ផ្សេងៗ នៅក្នុង​ខេត្តកណ្តាល​។ សូម្បី​ថ្នាក់ដឹកនាំ ខេត្តកណ្តាល ក៏​មិន​ហ៊ាន​រិះគន់ ឬ​សួរដេញដោល ពី​ភាពមិនប្រក្រតី ក្នុងការ​ដេញថ្លៃ​សាងសង់ សំណង់​ផ្សេងៗ ដែល​ដំណើរការ​គម្រោង​ដោយ នាយក​ចាត់ការ​វិនិយោគ ខេត្តកណ្តាល លោក ទ្រី ប៊ុន​ហៀ​ង ដែរ ព្រោះ​លោក ទ្រី ប៊ុន​ហៀ​ង មាន​ខ្នង​ក្រាស់ នៅក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​។  

​ក្រុមហ៊ុន​សាងសង់​ផ្លូវលំ​មួយ នៅ​ខេត្តកណ្តាល បាន​បង្ហើប​ថា ប្រសិនបើ​មាន ក្រុមហ៊ុន​ណា​ត្រឹមត្រូវ ចង់​ចូលរួម​សាងសង់ សំណង់​ផ្សេងៗ ដែល​ដំណើរការ​ដោយ ស្ថាប័ន​ជំនាញ​ក្រោម​ការគ្រប់គ្រង​របស់ សាលាខេត្ត​កណ្តាល គឺ​មិន​ងាយស្រួល​នោះទេ ព្រោះ​លោក ទ្រី ប៊ុន​ហៀ​ង បាន​បង្ក​ការលំបាក តាមច្រើន​រូបភាព ទប់ស្កាត់​មិន​ឲ្យ ក្រុមហ៊ុន​ត្រឹមត្រូវ ចូលរួម​ដេញថ្លៃ​បាន ដោយ​ជោគជ័យ និង​មាន​តម្លាភាព នោះទេ​។ ប្រភព​ដដែល បានបញ្ជាក់​ថា​លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ ខេត្តកណ្តាល ត្រូវគេ​ដឹងថា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ជំនាញ​មួយចំនួន និង​ក្រុមហ៊ុន​ខិលខូច ដើម្បី​ឲ្យ​គម្រោង​សាងសង់ ធ្លាក់​ទៅលើ​ដៃ ក្រុមហ៊ុន​ខិលខូច ហើយ​ពួកគេ បាន​ចែក​ផលចំណេញ ដោយ​គ្មាន​ខ្វល់ខ្វាយ ពី​ផលប្រយោជន៍​រួម​នោះទេ​។

​មន្ត្រី​បម្រើ​ការងារ​នៅ សាលាខេត្ត​កណ្តាល មួយរូប បាន​បង្ហើប​ថា ថ្មីៗ​នេះ​នៅ​សាលាខេត្ត​កណ្តាល មានការ​ដាក់​ឲ្យ​ដេញថ្លៃ សាងសង់​ផ្លូវ​បេតុង ចំនួន ៧​ខ្សែ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម ចំនួន ២​ខ្សែ ហើយ​ដែលមាន ភាពមិនប្រក្រតី​ជាច្រើន បានកើត​ឡើង ខណៈ​មាន​ក្រុមហ៊ុន​មួយចំនួន ត្រូវបាន​គេ​ប្រាប់ថា មិនបាច់​ចូលរួម ដេញថ្លៃ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គម្រោង​សាងសង់​ភាគច្រើន ត្រូវបាន​គេ​រៀបចំ ផ្ទៃក្នុង​រួចរាល់​ទៅហើយ ដូច្នេះ​ការដាក់​ឲ្យ​ដេញថ្លៃ ជា​សាធារណៈ គ្រាន់តែ​ជា​ឆាកល្ខោន សម្តែង​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន បាន​មើល​ប៉ុណ្ណោះ ៕
​ប្រភព​៖​វត្តភ្នំ​

ចំនួនអ្នកទស្សនា

    20650717

  • ថ្ងៃនេះ81
  • ម្សិលមិញ3811
  • សប្តាហ៍នេះ13661
  • ខែនេះ208261
  • ឆ្នាំនេះ208261
  • សរុប20650717