ស្ទឹងត្រែង ៖ គោ-ក្របីអ្នកភូមិចំនួន៥ឃុំបានងាប់ជាបន្តបន្ទាប់គិតត្រឹមវេលា ម៉ោង៣និង០៥នាទីរសៀលថ្ងៃទី២៨ មេសានេះ មានចំនួន៥៤ក្បាលបន្ថែមទៀត លើចំនួនគោក្របី៣០០ក្បាលដែលងាប់កាលពីថ្ងៃទី២៧មេសាម្សិលមិញ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានបានឲ្យដឹងទៀតថា ចំនួនគោ-ក្របីដែលងាប់៥៤ក្បាលបន្ថែមទៀតនេះនៅក្នុងឃុំចំនួន៥ នោះរួមមាន៖ឃុំព្រែកមាស ស្រែសំបូរ សេកុង សន្តិភាពនិងឃុំថ្មកែវ ស្រុកសៀមប៉ាង ។ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យងាប់គោ-ក្របីខាងលើ ដោយសារធាតុអាកាសក្តៅហួតហែង កង្វះទឹកនិងគ្មានចំណីអាហារ ។
កាលពីថ្ងៃម្សិលមិញលោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងបានប្រាប់ថា នៅឃុំចំនួន៤ទូទាំងស្រុកសៀមប៉ាង មានករណីគោ-ក្របីងាប់ ដែលបង្ករឡើងពីកម្តៅថ្ងៃរីងហួតអត់ទឹកផឹក និងគ្មានចំណីអាហារ ។ លោកអភិបាលស្រុកបានរៀបរាប់ថា នៅឃុំសេកុង ក្របីបានងាប់ចំនួន១៨០ក្បាល និងគោងាប់ចំនួន២០ក្បាល ឃុំព្រែកមាស មានក្របីងាប់ចំនួន១៨ក្បាល និងគោងាប់ចំនួន១៣ក្បាល ឃុំថ្មកែវមានក្របីងាប់ចំនួន១៥ក្បាល និងគោងាប់ចំនួន៥ក្បាល និងឃុំស្រែសំបូរ មានក្របីងាប់ចំនួន២៣ក្បាល និងគោងាប់ចំនួន២៧ក្បាល ដែលក្នុងចំណោមទាំង៤ឃុំនោះ សរុបទាំងគោ និងក្របីងាប់អស់ចំនួន៣០១ក្បាល ចំនួនតួលេខនេះ សម្រាប់តែកំឡុងក្នុងមេសា២០១៦នេះប៉ុណ្ណោះ ។
ចំណែកនៅភូមិជាច្រើនទូទាំងស្រុកសៀមប៉ាងនោះដែរ ក៏កំពុងរងគ្រោះដោយកង្វះទឹកប្រើប្រាស់នោះដែរ ហើយកងកម្លាំងប្រដាប់អាវុធមានកងកម្លាំងយោធាខេត្តស្រុកកងកម្លាំង កងរាជអាវុធហត្ថខេត្តស្រុករួម និងអាជ្ញាធរបានដឹកទឹកពីទីរួមខេត្តទៅចុះចែកជូនប្រជាពលរដ្ឋ ប្រើប្រាស់នោះដែរ។
ដោយឡែកនៅតាមបណ្តាស្រុកមួយចំនួនទៀត ទទួលរងគ្រោះធម្មជាតិដោយកម្តៅថ្ងៃនោះដែរ តែមិនមានរបាយការណ៍ជាលាយលក្ខអក្សនៅឡើយទេ ។ សម្រាប់ស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន២ ដែលកំពុងប្រឈមនិងកង្វះទឹកប្រើប្រាស់ ដោយទឹកអូរត្រពាំងស្រះអណ្តូងជាច្រើន បានរីងហួតសេសសល់អណ្តូងបន្តិចបន្តួច មានការដាក់វេណគ្នាដងទឹកសម្រាប់ប្រើប្រាស់ហើយក្នុងនោះដែរអណ្តូង ដែលចេញទឹកអាចដងបានត្រឹម៣០លីត្រ ទៅ៩០លីត្រប៉ុណ្ណោះ ឃុំដែលកំពុងប្រឈមនោះមានឃុំចំការលើ និងឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងទន្លេដល់ទៅ៤មានទន្លេសេកុង ទន្លេមេគង្គ ទន្លេសេសាន និងទន្លេស្រែពក តែមិនអាចផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាសរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ បូករួមអាកាសធាតុក្តៅហែងសីតុណ្ហភាពឡើងចាប់ពី៣៤អង្សាសេដល់៤២អង្សា សេទៀតនោះ ធ្វើឱ្យយរីងហួតអណ្តូងត្រពាំងបឹងអូរ ទើបមានការងាប់សត្វពាហនៈ និងកង្វះទឹកស្អាតប្រើប្រាស់បែបនេះ ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ មេសា ២០១៦នេះ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការងាប់សត្វពាហនៈ ពិសេសគោ-ក្របី ដោយសារតែធាតុអាកាសក្តៅ និងបានអំពាវនាវឲ្យមានការរួមគ្នាជួយសង្គ្រោះប្រជាជននិងសត្វ ទាំងនោះ ៕