សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ញើលិខិត​រំលែក​ទុក្ខ ជូន​ដល់​ក្រុមគ្រួសារ​សព​លោក ទៀន ករុណា

29-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឲ្យ លោក យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ កាកបាទក្រហមកម្ពុជា និង​សហការី ជា​តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាំយក​នូវ​លិខិត​រំលែក​ទុក្ខ​ថវិកា​១០​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ទៅ​ចូលរួម​បុណ្យសព លោក​អនុសេនីយ៍ឯក ទៀន ករុណា នាយរង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព ដោយសារ​ការបាញ់​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន ក្នុងពេល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់​ទី ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ ។​

​ជាមួយនឹង​សមានចិត្ត​ដ៏​សោក​សង្វេក​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក យូ ឡា​ណា បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ជាមួយ​លោកស្រី កែវ លីដា ដែល​ត្រូវជា​ភរិយា​សព លោក​អនុសេនីយ៍ឯក ទៀន ករុណា ចំពោះ​ការបាត់បង់​នូវ ស្វាមី និង​បិតា ប្រកបដោយ​ព្រហ្ម​វិហារធម៌ មាន​ទឹកចិត្ត​សណ្តោស​ប្រណី​ថ្លៃថ្លា ដែល​បាន​ពលី​កម្ម​ជាច្រើន បូជា​សព្វបែបយ៉ាង​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា មិន​គិតពី​ការនឿយហត់ ជ​ម្នៈ​នូវ​រាល់​ឧបសគ្គ​នានា ដើម្បី​កូនៗ​មាន​អនាគត​រុងរឿង និង​ជា​វីរៈ​កងរាជអាវុធហត្ថ​មួយរូប ដែល​សកម្ម​ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច មិន​ខ្លាច​បូជា​អាយុជីវិត ក្នុងការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ពោរពេញ​ដោយ​ស្នាដៃ និង​គុណបំណាច់​យ៉ាង​ប្រសើរ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​យើង ។​

ស្ថិតក្នុង​មរណទុក្ខ​ដ៏​សែន​ក្តុកក្តួល​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ក្ខ​ន្ធ សព​លោក​អនុសេនីយ៍ឯក ទៀន ករុណា បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​​ជាមួយគ្នា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូល​បុណ្យ​ជា​បច្ច័យ​ចំនួន​១០​លាន​រៀល អង្ករ ១០០​គីឡូក្រាម ទឹកបរិសុទ្ធ ៥​កេស ទឹកក្រូច ៥​កេស មី​យើង ៥​កេស និង​ត្រីខ ៥០​កំប៉ុង​៕

ចំនួនអ្នកទស្សនា

    20650697

  • ថ្ងៃនេះ61
  • ម្សិលមិញ3811
  • សប្តាហ៍នេះ13641
  • ខែនេះ208241
  • ឆ្នាំនេះ208241
  • សរុប20650697