រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោឡើងវិញជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម ។
ការអនុញ្ញាតយល់ព្រមរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥ កាលពីថ្ងៃទី២៧ មេសា ២០១៦នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២២ មេសា ២០១៦ បានដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន ហើយបានពន្យល់ហេតុផលពីមូលហេតុដែលអាចធ្វើការចិញ្ចឹមត្រីរ៉ស់និង ត្រីឆ្តោឡើងវិញ ដើម្បីបង្កើនប្រាក់ចំណូលនិងការងារជូនប្រជាពលរដ្ឋដោយបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បឹង ព្រែកមួយចំនួនបាននាំគ្នាចិញ្ចឹមត្រីទាំងពីរប្រភេទខាងលើជា លក្ខណៈគ្រួសារជាយូរលង់ណាស់មកហើយដើម្បីបង្កើនប្រាក់ចំណូល ដែលរដ្ឋបាលជលផលមានការលំបាកយ៉ាងខ្លាំងក្នុងការទប់ស្កាត់ទម្លាប់ ចិញ្ចឹមត្រីទាំងពីរប្រភេទនេះឲ្យមានប្រសិទ្ឋភាព ។
លិខិតដែលចុះហត្ថលេខាដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានពន្យល់បន្តថា ត្រីរ៉ស់និងត្រីឆ្តោជាប្រភេទត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយមានការនិយមចូលចិត្តបរិភោគជាទូទៅសម្រាប់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ។
ការសិក្សាស្រាវជ្រាវចម្បងៗរបស់ប្រទេសជិតខាងកម្ពុជាជាច្រើន ឆ្នាំកន្លងមក ដែលកម្ពុជាក៍បានចូលរួមសហការផងដែរនោះបានបង្ហាញថា គេអាចចិញ្ចឹមត្រីរ៉ស់បានតាមរយៈផ្តល់ចំណីសិប្បនិម្មិត (ចំណីគ្រាប់) ហើយមានការលូតលាស់លឿនជាងការផ្តល់ចំណីជាប្រភេទកូនត្រីទៅទៀតផង ។ ដូច្នេះការចិញ្ចឹមត្រីរ៉ស់ លែងចោទជាបញ្ហាទៀតហើយ ពោលគឺត្រីរ៉ស់អាចអនុញ្ញាតឲ្យចិញ្ចឹមជាទូទៅបាន (លក្ខណៈគ្រួសារ ឬពាណិជ្ជកម្ម) ។
ក្រសួងកសិកម្មបានលើកឡើងនៅក្នុងលិខិតផ្ញើជូនសម្តេចតេជោនាយក រដ្ឋមន្ត្រីដោយបន្ថែមទៀតថា មានការផលិតចំណីសិប្បនិម្មិតសម្រាប់ការចិញ្ចឹមត្រីរ៉ស់ ដែលចំណីនេះអាចនាំចូលពីប្រទេសថៃ និងវៀតណាមបានយ៉ាងគ្រប់គ្រាន់។
ដោយឡែកចំពោះត្រីឆ្តោពុំទាន់មានការស្រាវជ្រាវណាមួយបង្ហាញថា ប្រភេទត្រីនេះអាចចិញ្ចឹមដោយប្រើចំណីសិប្បនិម្មិតជំនួសត្រីល្អិត បាននៅឡើយទេ ទោះបីរដ្ឋបាលជលផលបានសហការជាមួយប្រទេសជិតខាងស្រាវជ្រាវជាច្រើន ឆ្នាំហើយក៍ដោយ ប៉ុន្តែស្ថានភាពនៃប្រទេសកម្ពុជា លទ្ឋភាពនៃការចិញ្ចឹមត្រីឆ្តោនៅតែអាចធ្វើបានដោយកត្តា៣យ៉ាង គឺ៖
1. -មានប្រភេទត្រីសមុទ្រល្អិតៗប្រមាណជា៦ម៉ឺនតោនក្នុងមួយ ឆ្នាំ ដែលគេយកមកធ្វើជីនិងកិនធ្វើជាចំណីសត្វ ឬនាំចេញទាំងស្រស់សម្រាប់ចិញ្ចឹមត្រីឆ្តោទៅប្រទេសជិតខាងកម្ពុជា ជាដដែល ។
2. -ក្រៅពីប្រភេទត្រីល្អិត គឺមានចំណីផ្សេងទៀតសម្រាប់ការចិញ្ចឹមត្រីឆ្តោបានដូចជា ៖ សាច់ខ្ចងមាសដែលបំផ្លាញដំណាំស្រូវ សាច់កណ្តុរ ដែលអាចប្រមូលផលបានរាប់តោនក្នុងមួយថ្ងៃៗនិងកាកសំណល់ផ្សេងៗពី សត្តឃាតដ្ឋានថែមទៀត ។
3. -ដោយយល់ឃើញពីសារៈសំខាន់នៃវិស័យជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តខិតខំសហការជាមួយប្រទេសជិតខាង និងអង្គការនានាក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀតលើបច្ចេកទេស ចិញ្ចឹមត្រីឆ្តោ ដើម្បីជំរុញវិស័យនេះឲ្យមានការរីកចម្រើនក្នុងទិសដៅផ្គត់ផ្គង់ តម្រូវការទីផ្សារឲ្យបានគ្រប់គ្រាន់ ៕