ខេត្តកណ្តាល ៖ បន្ទាប់ពីឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានបើកវេទិកាសាធារណៈនៅចំណុចកណ្តាលបឹងឫស្សីកោះ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងនៅឃុំប្រាសាទ ស្រុកស្អាង កាលពីថ្ងៃទី២៥និង៣០ខែមីនា កន្លងទៅរហូតមកទល់បច្ចុប្បន្ននេះ ហាក់បីដូចជាពុំមានទទួលបានលទ្ធផលអ្វីបន្តិចណាសោះ ។ ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង និងខឹងសម្បាចំពោះគ្រឿងចក្រជាច្រើនគ្រឿងដែលកំពុងតែបន្តធ្វើ សកម្មភាពជីកកកាយឈូសឆាយលើកទំនប់វាតព័ទ្ធយកដីបឹងដែននេសាទជម្រក ត្រីពងកូនដែលជាដីរបស់រដ្ឋ ហើយថែមទាំងរំលោភចូលមកលើដីអាស្រ័យផលរបស់ពួកគាត់ថែមទៀត ។
ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង បានលើកឡើងស្រដៀងៗគ្នាថា ដីផ្ទៃបឹងដែននេសាទជម្រកត្រីពងកូនចាប់ពីស្រុកកៀនស្វាយ រហូតដល់ដីអតីតឡូត៍នេសាទលេខ៣ លេខ៤ និងលេខ៥ ស្ថិតក្នុងស្រុកស្អាង ត្រូវបានពួកឈ្មួញឃុបឃិតគ្នាជាមួយមន្ត្រីជំនាញ និងអាជ្ញាធរ យកគ្រឿងចក្រជាច្រើនគ្រឿងលួចធ្វើសកម្មភាពជីកកកាយពាសពេញផ្ទៃបឹង យ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ដើម្បីព័ទ្ធធ្វើព្រំរហូតរំលោភចូលដល់ដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលថែមទៀតយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
អ្នកភូមិតាយោនិងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកស្អាង ជាច្រើននាក់ បានលើកឡើងថា កាលយប់ថ្ងៃទី២៧-២៨ ខែមេសា មានគ្រឿងចក្រធំៗថ្មីៗចំនួន៤គ្រឿងបានមកលួចធ្វើសកម្មភាពឈូសឆាយ លើកទំនប់ព័ទ្ធមកដល់ក្រោយផ្ទះអ្នកភូមិតាយោទាំងកណ្តាលអធ្រាត្រ។ ពួកគាត់បានរាយការណ៍ទៅលោក ឈាង លី មេឃុំប្រាសាទ និងសុំកម្លាំងប៉ុស្តិ៍នគរបាលឲ្យមកជួយអន្តរាគមន៍ ប៉ុន្តែគ្មានអ្នកណាម្នាក់មកទេ។ រីឯលោកមេឃុំនិយាយថា រូបគាត់ដឹងដែរតែឲ្យគាត់ធ្វើយ៉ាងម៉េច ?
អាជ្ញាធរមានតួនាទីបម្រើប្រជាពលរដ្ឋ ពេលពលរដ្ឋមានកង្វល់ត្រូវចុះដោះស្រាយជូនពួកគាត់ ផ្ទុយទៅវិញអាជ្ញាធរឆ្លើយបែបនេះ ធ្វើឲ្យពួកគាត់មួម៉ៅក្តៅក្រហាយ ព្រោះអស់ផ្ទៃបឹងខាននេសាទត្រី ហើយឥឡូវខ្លាចអស់ដីបង្កបង្កើនផល និងដីជម្រករស់នៅទៀតផង ។ ប្រការនេះធ្វើឲ្យក្រុមអ្នកភូមិអស់ទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន ហើយសម្រេចចិត្តនាំគ្នាមួយភូមិប្រហែល៨០នាក់ ចុះទៅដេញគ្រឿងចក្រនោះទាំងយប់ ។
ក្រុមអ្នកភូមិបន្តថា អ្នកដែលនាំគ្រឿងចក្រលួចឈូសឆាយពេលយប់ចូលដល់ដីអាស្រ័យផលរបស់ ពួកគាត់នេះមាន ឈ្មោះ ម៉ែន សុធី ជាមន្ត្រីយោធាខេត្តកណ្តាល ឈ្មោះ ខុម ជាអតីតមន្ត្រីយោធាស្រុកកៀនស្វាយ និងឈ្មោះ រ៉ុន។ ប៉ុន្តែគ្រាន់តែឃើញអ្នកភូមិទៅដល់ ពួកគេនាំគ្នាបើកគ្រឿងចក្ររត់គេចចូលព្រៃបាត់ លុះពេលអ្នកភូមិនាំគ្នាឡើងមកផ្ទះដេក ស្រាប់តែមួយសន្ទុះក្រោយមក វេលាម៉ោងប្រហែល២រំលងអធ្រាត្រគ្រឿងចក្រទាំង៤គ្រឿងនោះ ក៏មកធ្វើសកម្មភាពជីកបន្តទៀត ហើយអ្នកភូមិក៏ចុះទៅដេញម្តងទៀតរហូតដល់ភ្លឺទើបបើកគេចទៅបាត់ ។
ដោយឡែក ប្រជាពលរដ្ឋនៅឃុំប្រាសាទឲ្យដឹងដែរថា មានគ្រឿងចក្រធំៗប្រហែលជាង១០គ្រឿង កំពុងធ្វើសកម្មភាពជីកបៀ ជីកប្រឡាយ សម្រាប់ដាក់សម្រាស់យកត្រីពាសពេញផ្ទៃដីបឹងអតីតឡូត៍នេសាទលេខ៥ យ៉ាងអនាធិបតេយ្យ ។ ប្រភពព័ត៌មានដដែលឲ្យដឹងក្រៅផ្លូវការថា គ្រឿងចក្រដែលមកជីកនេះសុទ្ធតែត្រូវរ៉ូវជាមួយមន្ត្រីជលផល និងអាជ្ញាធរដោយបង់លុយឲ្យក្នុង១គ្រឿងរាប់រយដុល្លារ បើមិនដូច្នោះទេមិនអាចដាក់គ្រឿងចក្រចុះបានទេ ។
ប្រភពព័ត៌មានបន្តថា គ្រាន់តែលោក ភ្នង ឆេង ប្រធានសហគន៍នេសាទលេខ៥តែឯងម្នាក់ យកគ្រឿងចក្រចុះជីកចំនួន៥គ្រឿងទៅហើយ ធ្វើសកម្មភាពជីកព័ទ្ធពេញដីផ្ទៃបឹងអតីតឡូត៍នេសាទលេខ៥ ។ រីឯពលរដ្ឋជួបភាពរាំងស្ងួតគ្មានទឹកប្រើប្រាស់ យកចបឬប៉ែលជីកតាមមុខផ្ទះយកទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំ បែរជាអស់លោកមន្ត្រីជលផល និងសហគមន៍មិនឲ្យពួកគាត់ជីកទៅវិញ ។
ពាក់ព័ន្ធនឹងករណីនេះ លោក ភ្នង ឆេង បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា គ្រឿងចក្ររបស់លោកដាក់មកជីកដីបឹងនេះ មាន៥គ្រឿងប្រាកដមែន ។ ប៉ុន្តែក្រោយមកនៅពេលដឹងថា អ្នកសួរជាអ្នកកាសែត ក៏ប្រាប់មិនច្បាស់លាស់ថាម្តងមាន២គ្រឿង ម្តងថាអត់ ហើយសួរវិញថា មានអ្នកណាអ្នកនិយាយរកសាក្សីមើល ហើយចុងក្រោយក៏ប្រាប់ថាជាប់រវល់ក៏ចុចទូរស័ព្ទបិទតែម្តង ។
ប្រជាពលរដ្ឋរងគ្រោះរាប់ពាន់គ្រួសារបានសំណូមពរដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ ដែលជាម្ចាស់ឆ្នោតផង មិនត្រូវបណ្តែតបណ្តោយឲ្យមានឆ្អឹងទទឹងកបែបនេះទេ ៕