សម្តេច​តេ​ជោ​៖​អ្នកឯង​ធ្វើ​អី​ខុស ទៅ​ដេក​ព្រៃ​ស​ជា​រឿង​របស់​អ្នកឯង​

02-May-2016 | ដោយ មែន កំសត់


 ព្រះសីហនុ​៖​ ដោយ​ទំនង​ចង់​សំដៅលើ ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​តុលាការ​លើ​មន្ត្រី​សង្គម ស៊ីវិល​មួយចំនួន​រួមទាំង​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់​ផង សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​ពិធី​ចូលរួម​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា​កាលពី​ព្រឹក​ម៉ិ​ញ​នៅ ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​សារ​នយោបាយ​ទាន់សភាពការណ៍​មួយ​ថា​មិនមាន ការលើកលែង​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​អង្គការសហប្រជាជាតិ​(UN) ដែល​ប្រព្រឹត្ត​ខុស បើទោះជា​មាន​អភ័យឯកសិទ្ធិ​ក៏ដោយ ដោយ​សម្តេច​ថា​នឹងមិន​មានការ​ដោះដូរ​អ្វី​នោះទេ​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ដូច្នេះ​ថា​"​អ្នកឯង បង្ករឿង រឿង​ទាំងឡាយ​អ្នកឯង​កុំ​ចោទ​រដ្ឋាភិបាល ប្រជាជន​គេ​អត់​ធ្វើ​អី​គេ​សប្បាយ តែ​អ្នកឯង​ធ្វើ​អី​ខុស ទៅ​ដេក​ព្រៃ​សវា​ជា​រឿង​របស់​អ្នកឯង​តើ ។​ទាំង​ពួក​គ្រឿងញៀន ទាំង​ពួក​ល្មើសច្បាប់​ទាំងឡាយ ទៅ​ដេក​ព្រៃ​ស អាហ្នឹង​សម​មុខ​ហើយ ...​បើ​វា​ធ្វើ​ខុស​អាណា​ទៅ​ជួយ​វា​កើត​។​ហើយ​កុំ​និយាយ​រឿង​ដោះដូរ អត់​មានអី​ដោះដូរ​ទេ ។​ម្សិលមិញ​មានការ​ប្រជុំ​ប៉ុនប៉ង​អោយមាន​ការដោះដូរ​...​សូម្បីតែ នាយករដ្ឋមន្ត្រី​ក៏​អំណាច​មាន​ព្រំដែន​ដែរ សូម​អស់លោក​NGO​ឬក៏​ជា​អ្នកធ្វើការ​នៅ​អង្គការសហប្រជាជាតិ កុំ​អាង​អភ័យឯកសិទ្ធិ​ហ្នឹង​អោយសោះ ទោះបី​ម៉ែ​អភ័យឯកសិទ្ធិ ឪ​អភ័យឯកសិទ្ធិ តែ​ដល់​ម៉ោង​គេ​ដាក់ ក៏​គេ​ដាក់ កុំ​ជោរ​....​អាហ្នឹង​និយាយ​អោយ​ច្បាស់ អ្នកឯង​សូក​សាក្សី អ្នកឯង​សង្កត់​គេ ...​មក​ចង់​ដោះដូរ​អី​ណា​អត់​មាន​ដោះដូរ​ទេ​..."​។​

​ក្នុងពេល ជាមួយគ្នា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​កុំ​ឲ្យ​បរទេស​ណាមួយ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស កម្ពុជា​ដោយ​ត្រូវ​ចេះ​គោរព​ឯករាជ្យភាព​និង​អធិបតេយ្យ​របស់​កម្ពុជា ព្រោះថា​កម្ពុជា​មិនដែល​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ នោះទេ​។
​សម្តេច​តេ​ជោ​ក៏បាន​ថ្លែងថា​នយោបាយ​នៅ​កម្ពុជា​មិនមាន វិបត្តិ​ដូច​បក្សប្រឆាំង​លើកឡើង​នោះទេ​និង​ថា​បក្សប្រឆាំង​៖"​បោក ប្រជាពលរដ្ឋ​មិន​គ្រប់គ្រាន់​ទេ ទៅ​បោក​ព្រះមហាក្សត្រ​ទៀត​"​។​

 សូមបញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ស្ថានការណ៍​នយោបាយ​នៅ កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយ កាលពី​ថ្ងៃទី​២៨ ខែមេសា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៣​រូប​ក្នុងចំណោម​៥៥​រូប បានដាក់​លិខិត​មួយច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​ដោយបាន​ទូលថ្វាយ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​និង​ស្នើសុំ ព្រះរាជអន្តរាគមន៍​ឲ្យ​បន្ថយកម្តៅ​នយោបាយ​៕

ចំនួនអ្នកទស្សនា

    20651107

  • ថ្ងៃនេះ471
  • ម្សិលមិញ3811
  • សប្តាហ៍នេះ14051
  • ខែនេះ208651
  • ឆ្នាំនេះ208651
  • សរុប20651107