ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស

03-May-2016 | ដោយ មែន កំសត់


សៀមរាប ៖ នា​រសៀល​ថ្ងៃទី​១ ខែឧសភា នៅ​វិទ្យាល័យ​១០​មករា មានការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​មកពី​រាជធានី​-​ខេត្ត ទាំង​២៥ ក្នុងចំណោម​បេក្ខជន​គ្រប់មុខ​វិជ្ជា​ទាំង​២​កម្រិត គឺ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​សរុប​ចំនួន​៤៨០​នាក់ មកពី​គ្រឹះ ស្ថាន​មធ្យមសិក្សា​ទូទាំងប្រទេស​ចំនួន​២២០ ក្រោម​អធិបតីភាព​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ។ មានការ​កត់សម្គាល់ឃើញ​ថា សិស្ស​មកពី​ខេត្តបាត់ដំបង​និង​រាជធានី​ភ្នំពេញ ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​ងគ ។​

​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ សម័យ​ប្រឡង​ថ្ងៃទី​២៥ ខែមេសា ២០១៦ ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជ្រើស​រើសយក​វិទ្យាល័យ​១០​មករា ១៩៧៩(​ខេត្តសៀមរាប​) ធ្វើជា​មណ្ឌល​ប្រឡង ។​
​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការប្រឡង​នេះ នា​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ ក្នុងឱកាស​បិទ​សម័យ​ប្រឡង​និង​ចែក​រង្វាន់​ជ័យលាភី​ដល់​សិស្ស​ពូកែ ដែល​បាន​រកឃើញ​ដោយ​ឆ្លងកាត់​ការប្រឡង​នោះបាន​ឱ្យដឹងថា ការទទួលស្គាល់​សិស្ស​ពូកែ​ទូទាំងប្រទេស ក្នុង​មួយកម្រិត​ថ្នាក់​ស្មើនឹង​៣០​នាក់ ទាំង​២​កម្រិត​ថ្នាក់ ស្មើនឹង​៦០​នាក់ ដោយ​ចែកចេញ​លម្អិត​ក្នុង​មួយ​មុខវិជ្ជា​ត្រូវ​ជាប់​១០​នាក់ ។​
​លទ្ធផល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ទី​៩ សិស្ស​មកពី​ខេត្តបាត់ដំបង មាន​អត្រា​ប្រឡង​ជាប់​ច្រើនជាងគេ ក្នុងនោះដែរ បើតាម​ការ​កត់ សម្គាល់  សិស្ស​នារី​ប្រឡង​ជាប់​លើ​មុខវិជ្ជា​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ស្ថិតក្នុង​អត្រា​ខ្ពស់ជាង​សិស្ស​ប្រុស​(១០​នាក់​សិស្ស​នារី​ដណ្តើមបាន ជ័យលាភី ៦​នាក់​) ។ ជាមួយនេះ លទ្ធផល​នៃ​ការប្រឡង​សិស្ស​ពូកែ​ក្នុង​កម្រិត​ថ្នាក់​ទី​១២ គឺ​សិស្ស​មកពី​រាជធានី​ភ្នំពេញ ទទួលបាន​អត្រា​ប្រឡង​ជាប់​ខ្ពស់​ជាងគេ ។​
​បើតាម​ការកត់សម្គាល់ ជាទូទៅ​សិស្ស​នារី​មាន​សមត្ថភាព​ខ្លាំង​ជាង​សិស្ស​ប្រុស​ខាង​ការប្រឡង យក​ជ័យលាភី​ផ្នែក​អក្សរ​សិ​ស្ប៍​ខ្មែរ (១០​នាក់ សិស្ស​នារី​ទទួលបាន​ជ័យលាភី​៨​នាក់​)​។ ចំណែកឯ​សិស្ស​ប្រុស​វិញ ទទួលបាន​លទ្ធផល​ប្រឡង​សិស្ស​ពូកែ​បាន​ច្រើន​លើ​ផ្នែក​មុខវិជ្ជា​គណិត វិទ្យា និង​រូបវិទ្យា ។​

​ឯកឧត្តម​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ជ័យលាភី​នាពេលនោះ​ថា ដើម្បី​រួមចំណែក​ពង្រឹងគុណភាព​អប់រំ ជា​រៀងរាល់ខែ ក្នុងអំឡុង​ខែមេសា ក្រសួង​តែងតែ​រៀបចំ​ឱ្យមាន​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស លើ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដើម្បី​រកឱ្យឃើញ​សិស្ស​ឆ្នើម​ក្នុង​ការសិក្សា ដែលជា​ប្រភពធនធាន មនុស្ស ព្រោះនេះ​ជា​ទំពាំង​ស្នង​ប្ញ​ស្សី សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ការប្រឡង​ជ្រើសរើស សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០១៦​នេះ សិស្ស​ទាំងអស់​យកចិត្ត​ទុកដាក់​ខិតខំ​ប្រឹង ប្រែង​ខ្លួនឯង ពុំ​មានការ​សូកប៉ាន់​មេ​ប្រយោគ​ណាមួយ​ឡើយ គឺ​ដោយ​សុក្រឹត និង​យុ​តិ្ត​ធម៌ ។ យុវតី ជៀម សៀវ​គីម សិស្ស​ថ្នាក់​ទី​១២ មកពី​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង ដែល​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សិស្ស​ពូកែ​ផ្នែក​អក្ស​សិល្ប៍​ខែ្មរ បាន​ឡើង​ប្តេជ្ញាចិត្ត​ចំពោះមុខ​គណៈអធិបតី​ថា កញ្ញា​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សិស្ស​ពូកែ​ផ្នែក​អក្ស​សិល្ប៍​ខែ្មរ នាពេលនេះ គឺ​ដោយសារ​មានការ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង និង​បាន​លោកគ្រូ​អ្នកគ្រូ​ជួយ​ពន្យល់ ព្រមទាំង​ឪពុកម្តាយ​យក ចិត្ត​ទុកដាក់ និង​ជួយ​អប់រំ ក្នុងការ​សិក្សា​រៀនសូត្រ​របស់​នាង ។​

​យុវតី​បន្តទៀតថា ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស ថ្នាក់​ទី​៩ និង​ទី​១២ ពុំមាន​ការបោះ​ប្រ៊ូ​យ៉ុង ឬ​សូកប៉ាន់​គណៈ កម្ម​ការ មេ​ប្រយោគ​ណាមួយ​ឡើយ គឺ​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ទាំងអស់​គ្នា ដោយ​សុក្រឹត និង​ភាពយុត្តិធម៌ ។ កញ្ញា បានស្នើ​ឱ្យ​យុវជន​ទាំងអស់​ខិតខំ​រៀនសូត្រ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល សង្គម​ស្អប់ខ្ពើម ព្រោះ​យើងទាំងអស់គ្នា​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​សម្រាប់​ប្រទេសជាតិ ៕

ចំនួនអ្នកទស្សនា

    20651747

  • ថ្ងៃនេះ1111
  • ម្សិលមិញ3811
  • សប្តាហ៍នេះ14691
  • ខែនេះ209291
  • ឆ្នាំនេះ209291
  • សរុប20651747