កំពង់ស្ពឺ ៖ ជានិច្ចកាលគេតែងសង្កេតឃើញថា ការដឹកជញ្ជូនឈើប្រណីតក្នុងខេត្តកំពង់ស្ពឺ នៅតែមានសកម្មភាពយ៉ាងងងើល ដោយគ្មានញញើតច្បាប់បន្តិចណាទាល់តែសោះ ខណៈប្រមុខរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំរុះ ដើម្បីបង្ក្រាបនៅភាគខាងកើតប្រទេសក្តី។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ឧសភា ២០១៦ នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន មានមនុស្សមួយក្រុមដែលសុទ្ធសឹងជាអ្នករកស៊ីឈើខុសច្បាប់ បានណាត់គ្នាជួបជុំនៅទីនោះ ដើម្បីមើលឈើ និងប្រុងដឹកចេញទៅលក់បន្ត។ ឈ្មួញឈើទាំងនោះ មានម្នាក់ត្រូវបានស្គាល់ជាទាហានភូមិភាគ៣។
យោងតាមសេចក្តីរាយការណ៍បានប្រាប់ថា មានការណាត់ជួបគ្នា ដើម្បីដោះដូរឈើពីរថយន្តមួយទៅរថយន្តមួយទៀត។ ដោយទទួលបានព័ត៌មានជាក់លាក់នេះហើយ អ្នកព័ត៌មានយើងបានចុះទៅដល់ទីនោះឃើញថា ដូចអ្វីដែលជាសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមែន។ ពេលទៅដល់យើងបានទំនាក់ទំនងទៅមន្ត្រីរដ្ឋបាលព្រៃឈើឱ្យចុះមក ពិនិត្យ តែក្រោយពេលមកដល់គេជួបនិយាយគ្នាជាមួយទាហានឈ្នួញឈើ ហើយក៏បែកគ្នាវិញទៅ។ ដោយមន្ត្រីម្នាក់និយាយថា ឈើទាំងនោះគឺដឹកយកទៅឱ្យមេ តែគេមិនបានដឹងថា ជាមេមួយណាឡើយ។ អ្វីដែលជាការកត់សម្គាល់ គឺត្រង់ថា អស់លោកជំនាញចុះទៅដល់ហើយ មិនត្រឹមតែមិនបង្ក្រាបនោះទេ ថែមទាំងនិយាយថា ឈើតិចពេក ហើយក៏បើកឡានចេញទៅ។