ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរអាចទៅប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៉ីអន នៅដើមខែមិថុនា ឆ្នាំ២០១៦នេះហើយ។ ដំណឹងនៃការដាក់ឲ្យដំណើរការទីតាំងប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអននេះ ត្រូវបានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួង សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការបង្កើតកន្លែងប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល។ ជាពិសេសការបង្កើតទីតាំងប្តូរប័ណ្ណបើកបរនៅអ៉ីអន ជាកិច្ចខិតខំបង្ខិតសេវាឲ្យទៅកាន់តែជិតប្រជាពលរដ្ឋ ដែលជាផែនការកំណែទម្រង់ ១០០ថ្ងៃរបស់ក្រសួងសាធារណការ។
ឆ្លើយតបសំណើបង្កើតទីតាំងប្តូរប័ណ្ណបើកបរនេះ ផ្សារអ៊ីអនម៉ល បានផ្តល់ទីធ្លាសាធារណៈទំហំ ៤០ម៉ែត្រការ៉េ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងជាមួយប្រព័ន្ធទិន្នន័យ ក្រសួងពីចម្ងាយជាលើកដំបូង។ ទីតាំងផ្តល់សេវាសាធារណៈថ្មីនេះ នឹងជួយសម្រួលដល់ការផ្តល់ប័ណ្ណបើកបរ កាន់តែលឿន និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកមិញនេះ ក៏បានពិភាក្សាទៅលើការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីប័ណ្ណបើកបរ, ការចុះបញ្ជីយានយន្ត និង ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ប្រព័ន្ធនេះ នឹងក្លាយជាទៅជាគន្លឹះដោះស្រាយបញ្ហា ក្នុងការជំរុញឲ្យមានតម្លាភាព សន្សំពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញក្រុមការងារ ដែលទទួលបន្ទុកឲ្យដាក់បន្ថែមសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត ដល់ថ្នាក់ខេត្តបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះ នឹងជួយសម្រួលដល់ម្ចាស់យានយន្តទាំងអស់ ក្នុងការស្នើសុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅទីតាំងក្នុងខេត្តរបស់ខ្លួន ឬនៅខេត្តជិតៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃផែនការ ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំ ក៏បានពិភាក្សាដំណើរការកសាងច្រកព្រំដែនស្ទឹងបត់ផងដែរ។ រថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យបំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ។ ច្រកនេះ នឹងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត។
ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យនាយកដ្ឋានទាំងអស់ពិនិត្យឡើងវិញ និង រៀបចំនីតិវិធីការងារក្នុងនាយកដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយពេលវេលា និងការរាំងស្ទះនានា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានប្រកាសពីគម្រោងចុះពិនិត្យផ្លូវជាតិលេខ១១ ពីអ្នកលឿង ខេត្តព្រៃវែង ដល់ស្រុកថ្នល់ទទឹង ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧១C ពីស្រុកស្រឡប់ ខេត្តត្បូងឃ្មុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម នៅថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០១៦៕