ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានត្រៀមវិធានការរួចជាស្រេច យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះយុទ្ធនាការស្លៀកពាក់ខ្មៅ និងការប្រមូលផ្តុំខុសច្បាប់ស្លៀកពាក់ខ្មៅ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ដែល ទទួលបានមុននេះ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ និងមានការបង្ហោះជូននៅលើ Page Facebook ក្រសួងមហាផ្ទៃនោះ បានឲ្យដឹងថា «ថ្មីៗនេះមានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយបំផុសឲ្យមាន យុទ្ធនាការស្លៀកពាក់ខ្មៅ និងធ្វើការប្រមូលផ្តុំ ដើម្បីឲ្យមានការទាមទារការដោះលែងជនល្មើសមួយចំនួន ដែលត្រូវតុលាការ ឃុំខ្លួនជាបណ្តោះអាសន្ន»។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «... អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងគោលដៅថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ក្នុងក្របខណ្ឌ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»៕