ឧកញ៉ា ឡោក ហួរ ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​ដែនដី ព្រោះ​មានទំនាស់​ដីធ្លី​ច្រើន​កន្លែង

10-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា របស់​ឧកញ៉ា ឡោក ហួរ នៅពេលនេះ​ត្រូវបាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​របស់ខ្លួន​ទូទាំងប្រទេស​ថា លោក​ឧកញ៉ា ឡោក ហួរ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ របស់​ក្រសួង ព្រោះ​មានទំនាស់​ដី​ជាមួយ​ប្រជាពលរដ្ឋ​ច្រើនណាស់ នេះ​បើ​យោងតាម​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​អ្នកនាំពាក្យ​រូបនោះ​បានបញ្ជាក់ នៅ​រសៀល​ថ្ងៃទី​០៩ ខែឧសភា​នេះ ថា «​នាពេល​ថ្មីៗ ឯកឧត្តម​រដ្ឋមន្ត្រី​បានប្រកាស​នៅក្នុង​កិច្ច ប្រជុំ​អំពី​លោក​ឧកញ៉ា ឡោក ហួរ មានទំនាស់​ដីធ្លី​ច្រើនណាស់​, តាម​ព័ត៌មាន​ដំបូង​នាពេលនេះ​មាន​ចំនួន​៥​កន្លែង​ហើយ ទាំង​នៅ​ភ្នំពេញ និង​តាម​ខេត្ត​នានា​។ អ៊ីចឹង​ឯកឧត្តម​រដ្ឋមន្ត្រី​ដាក់​បញ្ជីខ្មៅ​»​។​

​នាពេល​កន្លងមក​ថ្មីៗ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​ថ្លែងថា លោក​នឹង​រៀបចំ​ដាក់​បញ្ជូន ឈ្មោះ​បុគ្គល​ណាក៏ដោយ តែងតែ រំលោភ​យក​ដី​ប្រជាពលរដ្ឋ ទោះ​មាន​ឋានៈ​អ្វី​ក៏ដោយ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ សម្រាប់​ការស្នើ​ចុះបញ្ជី ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី ហើយ​លោក​ក៏​នឹង រាយការណ៍ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផងដែរ​។​

​ការ​ថ្លែង​ព្រមាន​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ជា សុផារ៉ា យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្ទៃ ក្នុង​របស់​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នេះ​បើតាម​ការបញ្ជាក់ របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងប្រាប់ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ លោក ជា សុផារ៉ា បាន​ថ្លែងថា «​ខ្ញុំ​នឹង​ការបញ្ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ សម្រាប់​ការស្នើ​ចុះ ឬ​ផ្ទេរកម្មសិទ្ធិ និង​រាយការណ៍ ជូន​សម្តេច​រាល់​បុគ្គល​ណា ដែល​តែងតែមាន​ករណី​រំលោភ យក​ដី​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ​»​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯ​ក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី​បញ្ជា​ឲ្យ​មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែនដី​ទាំងអស់ មិនត្រូវ​ចុះហត្ថលេខា លិខិតស្នើ​ចុះបញ្ជី ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី ជូន​បុគ្គល​ដែលមាន​ឈ្មោះ ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​ជា​ដាក់​ខាត​។​
​សូម​ជំរាប​ថា បន្ទាប់ពី​ឧកញ៉ា ឡោក ហ៊ួ​រ បាន​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង យកទៅ​ធ្វើ​សកម្មភាព​ជីក​លើក​ទំនប់ រំលោភ​យក​ដីព្រៃ​លិច​ទឹក ដី​បឹង​អតីត​ឡូត​នេសាទ និង​ដី​ប្រជាពលរដ្ឋ ដែល​កំពុង​មានទំនាស់​ដោះស្រាយ​មិនទាន់​ចប់ រាប់សិប​ហិកតា នៅក្នុង​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង ហើយ​អ្នកស្រុក​ប្ដឹងទៅ​អភិបាល​ខេត្តកណ្តាល​រួចមក​, លោក ម៉ៅ ភិ​រុណ បានចេញ​លិខិត​មួយច្បាប់​ផ្ញើជូន អភិបាលស្រុក​កៀនស្វាយ និង​អភិបាលស្រុក​ស្អាង ដឹកនាំ​មន្ត្រី​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច រួមមាន​នគរបាល អាវុធហត្ថ និង​យោធា​ស្រុក​កៀនស្វាយ មាន​ចំនួន​ជិត​៣០​នាក់ ចុះទៅ​កាន់​ទីតាំង​ប្រព្រឹត្ត​បទល្មើស នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ដែលជា​តំបន់​ដី​បឹង​ព្រៃ​លិច​ទឹក ក៏​ឃើញ​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព ហើយ​ចាប់​យកមក​ទុក​នៅ​សាលាស្រុក​។​

​នៅ​លិខិត​របស់​ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត បាន​បញ្ជាក់ថា ត្រូវធ្វើ​ការទប់ស្កាត់ និង​បញ្ឈប់​សកម្មភាព​ជីក​លើក ឈូសឆាយ ដី​អនាធិបតេយ្យ​ក្នុង​តំបន់​ដែល​លោក​ឧកញ៉ា ឡោក ហ៊ួ​រ ឬ​អ្នកដទៃ​ផ្សេងទៀត គ្រប់គ្រង​មិន​ស្របច្បាប់ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ ទិញ ឬ​ផ្ទេរសិទ្ធិ​គ្រប់គ្រង ព្រមទាំង​ចេញ​លិខិតស្នាម​លើដី​វិវាទ​។​
​ទន្ទឹមនឹងនោះ​សាលាខេត្ត​កណ្តាល នឹង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ចុះ​អង្កេត​ស្រាវជ្រាវ ដោះស្រាយ​លើដី​ទំនាស់​ជាក់ស្តែង តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្ត​រឿង​ជំលោះ​ដីធ្លី ជាមួយ​ឧកញ៉ា ឡោក ហួរ ខាងលើនេះ​, អ្នកស្រុក​កៀនស្វាយ និង​អ្នកស្រុក​ស្អាង​កំពុង​ទល់ភ្នែក ចាំមើល​ចំណាត់ការ​របស់​អភិបាលខេត្ត​កណ្ដាល លើ​ករណី​ឧកញ៉ា ឡោក ហួរ បំពាន​យក​ដី​បឹង និង​ដី​ប្រជាពលរដ្ឋ​.!៕

ចំនួនអ្នកទស្សនា

    20654177

  • ថ្ងៃនេះ3541
  • ម្សិលមិញ3811
  • សប្តាហ៍នេះ17121
  • ខែនេះ211721
  • ឆ្នាំនេះ211721
  • សរុប20654177