សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​អ្នកចេញលុយ​បោះ​អាវខ្មៅ សម្រាប់ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ឱ្យ​ប្រយ័ត្ន​ខ្លួន

10-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាងថា សម្តេច​បាន​ស្គាល់​ច្បាស់​នូវ អ្នកចេញ​ថវិកា​បោះ​ពុ​ម្ភ​អាវខ្មៅ​សម្រាប់​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» (Black Monday) ដែល​ចូលរួម​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​សម្តេច​បាន​ផ្តាំផ្ញើ​ដល់​បុគ្គល​ម្នាក់​នោះ ឱ្យ​មានការ​ប្រយ័ត្ន​ខ្លួន កុំឱ្យ​ល្មើសច្បាប់​។​

​ថ្លែង​នៅក្នុង​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ដល់​អ្នក​ដែល​បំផុស​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» កុំឱ្យ​បំពាន​ច្បាប់​ផងដែរ​។​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អ្នក​ដែល​បំផុស​នោះ ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ក្រែង​នាំទៅដល់​នីតិបុគ្គល ខ្ញុំ​គ្រាន់តែ​ផ្តាំផ្ញើ​ទេ ហើយ​សុំ​ម្នាក់​ដែល​ផ្តល់​លុយកាក​បោះ​ពុ​ម្ភ​អាវ​នោះ ប្រយ័ត្នប្រយែង ! គេ​ស្គាល់មុខ​ច្បាស់​ណាស់​ទៅហើយ​»​។​

​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី រាប់សិប​នាក់ បានធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង មន្ត្រី​អង្គការ​អាដហុក​៤​នាក់ និង​មន្ត្រី គ​.​ជ​.​ប ម្នាក់ ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ហើយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។ អំឡុង​តវ៉ា​នេះ សមត្ថកិច្ច​ឃាត់​មនុស្ស​៨​នាក់ ដើម្បី​អប់រំ ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា រួច​ហើយក៏​ដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​វិញ នៅ​យប់​ថ្ងៃ​ដដែល​តែម្តង​។​

​យុទ្ធនាការ​ស្លៀក​ខ្មៅ ត្រូវបាន​ហាមឃាត់ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែមាន​ច​រឹត​ដូច​ទៅនឹង​ចលនា​ដែល​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ​។ កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ចាត់វិធានការ​រាល់​សកម្មភាព និង​ការធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នេះ ដើម្បី​រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​ពង្រឹង​នីតិរដ្ឋ របស់​ជាតិ​ទាំងមូល​។​
​មជ្ឈដ្ឋាន​មួយចំនួន​តូច​បាន​យល់ច្រឡំ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ហាមឃាត់​មិនឱ្យ​ស្លៀកពាក់​ខ្មៅ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់ថា រដ្ឋាភិបាល​មិនបាន​ហាមឃាត់​មិនឱ្យ​ស្លៀក​ខ្មៅ​នោះទេ គ្រាន់តែ​ទប់ស្កាត់​យុទ្ធនាការ​មួយ ដែល​ធ្វើ​ខុសច្បាប់​ប៉ុណ្ណោះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ទោះបីជា​ពណ៌ ខ្ញុំ​បាន​ប្រាប់​ទៅ​សម្តេច ស ខេង ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ដទៃទៀត កុំ​ខ្វល់​ពី​រឿង​ពណ៌ អ្នកឯង​ចង់​ពណ៌​អ្វី​ក៏ដោយ ឱ្យតែ​ធ្វើ​ខុសច្បាប់​ដាក់​ទាំងអស់​»៕

ចំនួនអ្នកទស្សនា

    20654727

  • ថ្ងៃនេះ81
  • ម្សិលមិញ4001
  • សប្តាហ៍នេះ17671
  • ខែនេះ212271
  • ឆ្នាំនេះ212271
  • សរុប20654727