ប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការចុះផ្សាយ​របស់ The Cambodia Daily ដែល​បំផ្លើសការពិត

11-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ បាន​សម្តែង​ការ​ប្រតិកម្ម​យ៉ាងខ្លាំង និង​ខកចិត្ត​ចំពោះ​ការចុះផ្សាយ​របស់​កាសែត The Cambodia Daily ដែល​បាន​និយាយ​បំផ្លើស​ខុសពី​ការពិត​នូវ​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​ដាក់​ចំណងជើង​ថា «​លោក ហ៊ុន សែន ហាមឃាត់​អ្នក​ដែល​ស្លៀកពាក់​ពណ៌​ដូចៗ​គ្នា មិន​ឲ្យ​ប្រមូលផ្តុំ​សាធារណៈ​»​។​

​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ថ្លែង​ប្រតិកម្ម​យ៉ាងខ្លាំង និង​ខក​ចិត្តជា​ពន់ពេក ជុំវិញ​ការចុះផ្សាយ​ចំណងជើង​របស់​កាសែត The Cambodia Daily នៅ​ព្រឹក​ថ្ងៃនេះ​ថា ពាក្យពេជន៍​លើ​ចំណងជើង លើ​អត្ត​បទ​នេះ គឺ​បាន​បំផ្លើស​ទាំងស្រុង​នូវ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​លក្ខណៈ​ញុះញង់ បំផ្លើស និង​ក្លែង​ខុសពី​ប្រសាសន៍​ដើម​របស់​សម្តេច ដោយ​នេះ​មាន​ចេតនា​យ៉ាងច្បាស់​លាស់ ក្នុង​គោលបំណង​ញុះញង់ និង​ដុត​កំហឹង​ប្រជាពលរដ្ឋ​។​

​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​អះអាង​យ៉ាងច្បាស់​ទៀតថា ចំណងជើង​របស់​កាសែត​មួយ​នេះ «​លោក ហ៊ុន សែន ហាមឃាត់​អ្នក​ដែល​ស្លៀកពាក់​ពណ៌​ដូចៗ​គ្នា មិន​ឲ្យ​ប្រមូលផ្តុំ​សាធារណៈ​» គឺមាន​បំណង​ឲ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស មានការ​ច្រឡំ​យ៉ាង​ធ្ងន់​បំផុត​ចំពោះ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ រាជរដ្ឋាភិបាល​ហាម​ចំពោះ​ជន​ទាំងឡាយណា​ដែល ប្រព្រឹត្តិ​ទង្វើ​ខុសច្បាប់​ត្រូវ​ចាប់​ទាំងអស់ ទោះបី​ស្លៀកពាក់​ពណ៌​អ្វី​ក៏ដោយ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ «​ខ្ញុំ​បាន​ប្រាប់​ទៅ​សម្តេច ស ខេង ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ដទៃទៀត កុំ​ខ្វល់​ពី​រឿង​ពណ៌ ហ្អែ​ង​ចង់​ពណ៌​អី​ក៏ដោយ ឲ្យ​តែ​ធ្វើ​ខុសច្បាប់​ដាក់​ទាំង​អស់ហ្នឹង​! អត់​មាន​រញ៉េរញ៉ៃ​ទេ [...]​។ [...] កន្លែង​ខ្លះ​គេ​ហៅ​ពណ៌​ទឹកក្រូច ខ្លះ​គេ​ថា​ពណ៌​ក្រហម ខ្លះ​គេ​ថា ពណ៌​ខ្មៅ ខ្ញុំ​ថា ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុសច្បាប់​ដាក់​ទាំង​អស់ហ្នឹង តុលាការ​គេ​បង្កើតឡើង ដើម្បី​អនុវត្ត​ច្បាប់ កម្លាំងប្រដាប់អាវុធ​គេ​បង្កើតឡើង ដើម្បី​ការពារ​រដ្ឋ គុក​គេ​បង្កើតឡើង​ដើម្បី​ដាក់​អ្នកទោស​កុំ​ឆ្ងល់​ពេក​»​។​

​ជុំវិញ​ការចុះផ្សាយ​របស់ The Cambodia Daily ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ទាមទារ​ឲ្យ​កាសែត​មួយ​នេះ ធ្វើការ​កែតម្រូវ​ជាបន្ទាន់ និង​ប្រញាប់​ចំពោះ​ការចុះផ្សាយ​ខុស​វិជ្ជាជីវៈ​របស់ខ្លួន​ឡើងវិញ ដើម្បី​គោលបំណង​ជៀសវាង​ការភ័ន្តច្រឡំ​របស់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​សូម​ជំរាប​ថា កាលពី​ម្សិលមិញ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នា​មជ្ឍមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ បានបញ្ជាក់​ដូច្នេះ​ទៀតថា «​សូមកុំ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ ដើម្បី​បំពាន​អ្នកដទៃ កុំ​ឲ្យ​សោះ​រាជរដ្ឋាភិបាល​ត្រូវការ រក្សា​សន្តិភាព សម្រាប់​ប្រទេស រក្សា​នូវ​ស្ថេរភាព​នយោបាយ​សម្រាប់​ប្រទេស ដើម្បី​ការអភិវឌ្ឍ បុគ្គល​ធ្វើ​ខុសត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ បើ​កុំ​តែ​អ្នកឯង​ធ្វើ​ខុស វា​គ្មាន​នរណា​គេ​ទៅ​ចាប់​អ្នកឯង​ទេ គ្មាន​នរណា​យក​អ្នកឯង​ទៅ​កាត់ទោស​ទេ​»​។​

ចំនួនអ្នកទស្សនា

    20654977

  • ថ្ងៃនេះ331
  • ម្សិលមិញ4001
  • សប្តាហ៍នេះ17921
  • ខែនេះ212521
  • ឆ្នាំនេះ212521
  • សរុប20654977