ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងមួយជុំវិញការគ្រប់គ្រង វត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅគ្រប់ស្ថាប័នទាំងអស់។
សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ឲ្យដឹងថា «ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិកាគ្រប់គ្រងស្ថាប័នទាំងអស់ថា ដើម្បីចូលរួមគ្រប់គ្រងវត្តមានការងារពិតប្រាកដ របស់មន្ត្រីរាជការស៊ីវិល និង មន្ត្រីជាប់កិច្ចសន្យា នៅតាមស្ថាប័នទាំងអស់ មេត្តាជំរុញឲ្យប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ អនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមាន មន្ត្រី រាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅតាមអង្គភាព នីមួយៗឲ្យបានគ្រប់ជ្រុងជ្រោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ»៕