ឯកឧត្តម​ផៃ ស៊ី​ផាន ៖​លោក​សម រង្ស៊ី​ថា​ជា អន​ក្ខ​រ​ជន

12-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​ដែល​បាន​ប្រៀបធៀប​ជំនួយ​ពី ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ថា “​ជំនួយ​ពី​ចិន​ជាការ​ដាក់បន្ទុក​យ៉ាង​ធ្ងន់​ទៅលើ​កូនចៅ ឯ​ជំនួយ​ពី​អាមេរិក​ផ្ដល់​ផលប្រយោជន៍​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​”​នោះ​ឯកឧត្តម​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ហៅ​លោក​សម រង្ស៊ី ថា ជា​អន​ក្ខ​រ​ជន​ដែល​ខ្វះ​ការទទួល​ព័ត៌មាន​។​
    
 ដើម្បី​ជាការ​បំភ្លឺ​ដល់​សាធារណជន​ឲ្យ​យល់ និង​ជាការ​ឆ្លើយតប​ទៅ​លោក​សម រង្ស៊ី វិញ​ផង​នោះ ឯកឧត្តម​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា​ជំនួយ​ដែល​កម្ពុជា​ទទួលបាន​ពី​អាមេរិក​សព្វថ្ងៃ ជា​ជំនួយ​សង្គមកិច្ច ដែល​ភាគច្រើន​គេ​ផ្ដល់​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែលមាន​និន្នាការ​និង​គោរព​តាម​គោលការណ៍ ដែល​អាមេរិក​បានដាក់​ឲ្យ​។ ចំណែកឯ​ជំនួយ​ពី​ចិន​វិញ ជា​ជំនួយ​ផ្នែក​សេដ្ឋកិច្ច ដែលជា​ជំនួយ​ធំ​បំផុត​សម្រាប់​ជំរុញ​ឲ្យ​កម្ពុ​ជាមាន​និរន្ដរភាព សេដ្ឋកិច្ច មាន​ឥស្សរភាព និង​មានការ​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​។​
    
 ឯកឧត្តម​ផៃ ស៊ី​ផាន​បាន​មានប្រសាសន៍​ពន្យល់ថា “​ជំនួយ​សហរដ្ឋអាមេរិក​គេ​ហៅថា​SBA ដែលជា​ជំនួយ​ឧបត្ថម្ភ​ក្នុង​ការងារ​សង្គមកិច្ច​ពាក់ព័ន្ធ​ភាគច្រើន អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​មិនមាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​សេដ្ឋកិច្ច​នោះទេ​...​រីឯ​ជំនួយ​របស់ ប្រទេស​ចិន​...​ទី​១.​គឺ​ឈរ​ទៅលើ​កិច្ចពង្រឹង​សេដ្ឋកិច្ច ដែល​គេ​ហៅថា SBI ដែលជា​ជំនួយ​បណ្ដាក់ទុន​ផ្ទាល់​...​អាស្រ័យ​ហេតុ​ដូច្នេះហើយ ជំនួយ​ប្រទេស​ចិន​គឺជា​ជំនួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ឥស្សរភាព​សេដ្ឋកិច្ច ...”​។​
    
​លើសពីនេះ​ទៀត មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូបនេះ ក៏បាន​បន្ដទៀតថា ជំនួយ​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ដោយ​គិត​ជា​ផលិតផល​សរុប​៧% រហូត​នាំ​ឲ្យ​មានការ​វាយតម្លៃ​ខ្ពស់​ពី​ធនាគារពិភពលោក​និង​ធនាគារ​អ​ភ​វឌ្ឍន៍ អាស៊ី​ប៉ុណ្ណោះ​ទេ ជំនួយ​ពី​ប្រទេស​ចិន គឺ​ធ្វើ​ឲ្យ​កម្ពុជា មានលទ្ធភាព​ក្នុង​ការពារ​អធិបតេយ្យភាព​ទៀតផង​។ “...​គឺ​ជំនួយ​មួយចំណែក​ធ្វើ​ឲ្យ​កម្ពុជា​មានលទ្ធភាព​ក្នុងការ​បម្រើ កិច្ចការពារ​អធិបតេយ្យភាព​...​ដូចជា​ជំនួយ​ក្នុងការ​ពង្រឹង​វិស័យ​កងទ័ព នៅពេលដែល​សហរដ្ឋអាមេរិក​ផ្ដាច់ជំនួយ​កងទ័ព ស្របពេល​ហ្នឹង​មានការ​វិវាទ​អាវុធ​ជាមួយ​ប្រទេស​ថៃ យើង​ឃើញថា ចិន​បាន​នាំមុខ រួច​ធ្វើ​ឲ្យ​យើង​មានលទ្ធភាព សមត្ថភាព ក្នុង​ការពារ​អធិបតេយ្យ​កម្ពុជា​ដែល​អាមេរិកាំង​អត់​ដែល​នឹកឃើញ​ជួយ​នោះទេ ...”​។​
    
​គួររំលឹកថា កាលពី​ថ្ងៃទី​១០ ខែឧសភា លោក​សម រង្ស៊ី បាន​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ដោយ​បាន ប្រៀបធៀប​ជំនួយ​ពី​ប្រទេស​ចិន និង​ពី​សហរដ្ឋអាមេរិក​ថា “​ជំនួយ​ពី​ប្រទេស​ចិន ភាគច្រើន ផ្តល់​ជា​អំណោយ និង​ប្រាក់កម្ចី​ដែល​រដ្ឋាភិបាល​យកទៅ​ប្រើ​ប្រាស់​ដោយ​ខ្ជះខ្ជាយ និង​ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​តាមតែ​អំពើ​ចិត្ត​។ ប្រាក់កម្ចី​ដ៏​សន្ធឹកសន្ធាប់ គឺជា​ការដាក់បន្ទុក​យ៉ាង​ធ្ងន់​ទៅលើ​កូនចៅ​យើង​ជំនាន់​ក្រោយ ដែល​នឹងត្រូវ​សងបំណុល ដែល​រដ្ឋាភិបាល​សព្វថ្ងៃ បាន​ខ្ចី​ពី​បរទេស​។ ជំនួយ​ពី​សហរដ្ឋអាមេរិក ភាគច្រើន​ផ្តល់​ជា​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។ ជំនួយ​បែបនេះ ជួយ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ជាក់ស្តែង​ដោយ​បើក​ទីផ្សារ​យ៉ាង​ធំ​ឲ្យ ទំនិញ​ផលិត​នៅ​កម្ពុជា និង​ដោយ​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​ពី​សហរដ្ឋអាមេរិក មក​បើក​សហគ្រាស និង​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​ដែល​នឹង​នាំមក​នូវ​ការបង្កើត​ការងារ​ដ៏​ល្អ ប្រសើរ (​ពលករ​ជំនាញ​ខ្ពស់ ប្រាក់ខែ​ច្រើន​) ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក ជាពិសេស​យុវជន​៕

ចំនួនអ្នកទស្សនា

    20655427

  • ថ្ងៃនេះ781
  • ម្សិលមិញ4001
  • សប្តាហ៍នេះ18371
  • ខែនេះ212971
  • ឆ្នាំនេះ212971
  • សរុប20655427