សំណង់​ឧកញ៉ា​ញឹក ផន រំលោភ​ចូល​ដី​ចំណី​ទន្លេសាប គ្មាន​អាជ្ញាធរ​ហាមឃាត់​

12-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ សំណង់​ផែ​មួយកន្លែង​កំពុង​សាងសង់​យ៉ាង​រលូន រំលោភ​ចូល​ដី​ចំណី​ទន្លេសាប​នៅក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ ដើម្បី​ពង្រីក​ផ្ទៃ​ខ្លួន​ឲ្យ​បាន​ធំ​ថែមទៀត និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​គ្រឹះ​សសរស្ពាន ដោយសារតែ​ការបុក​គ្រឹះ​សាងសង់​ផែ​មួយ​នេះ​។​

​គេ​ដឹងថា​ផែ ដែល​កំពុង​សាងសង់​រំលោភ​ចូល​ដី​ចំណី​ទន្លេ​នេះ មាន​ប្រវែង​បណ្ដោយ​ប្រហែល​១០០​ម៉ែត្រ តាម​ជួរ​មាត់ទន្លេ និង​ទទឹង​ជាង​១០​ម៉ែត្រ ដែល​បាន​សាងសង់​ចូលទៅក្នុង​ដី​ចំណី​ទន្លេ​យ៉ាងជ្រៅ​។ សំណង់​ផែ​មួយ​នេះ មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែល​គេ​ដឹងថា​ជា​របស់លោក​ឧកញ៉ា​ដ៏​មានអំណាច​ម្នាក់​ឈ្មោះ​ញឹក​ផន ហៅ​តា​កៅ ដែល​កន្លងមក​សំបូរ​រឿងអាស្រូវ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាច្រើន​នៅ​ខណ្ឌ​មួយ ចំនួន​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​។​

​សំណង់​ផែ​សង្ស័យ​អត់​ច្បាប់​របស់​ឈ្មោះ​ញឹក ផន ហៅ​តា​កៅ ដែល​ពី​មុនគេ​ដឹងថា​ទីតាំង​នេះ​គឺជា​កន្លែង​ដេប៉ូ​ខ្សាច់​យ៉ាង​ធំ​ផងដែរ បាន​សាងសង់​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​ហើយ គ្មាន​អាជ្ញាធរ​ណា​ហាមឃាត់​ឡើយ​។​

​គេ​ពុំ​ដឹងថា មានការ​ត្រូវរ៉ូវ​គ្នា ឬ​មានការ​អន្តរាគមន៍​យ៉ាងណា​នោះទេ បានជា​សំណង់​ផែ​អត់​ច្បាប់​មួយ​នេះ​សង់​រំលោភ​ចូលក្នុង​ទន្លេ​បាន​យ៉ាង ស្រួល​ដូច្នេះ​។ នៅ​តំបន់​នេះ​ផងដែរ បើតាម​ច្បាប់​របស់​រដ្ឋា​ភិ​បាល​គេ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ផែ​នោះទេ ដែល​អាជ្ញាធរ​សង្ស័យថា អត់​ច្បាប់​។​
​ពាក់ព័ន្ធ​នឹង​ករណី​សំណង់​រំលោភ​ចូល​ដី​ចំណី​ទន្លេ​មួយ​នេះ ប្រជាពលរដ្ឋ​អះអាងថា បើ​ប្រជាពលរដ្ឋ​តូចតាច​ធ្វើ​អី​បន្តិចបន្តួច​មិន​បានទេ ប៉ុន្តែ​បើ​ឧកញ៉ា​ធំៗ ឬ​ថៅកែ​គ្រាក់ៗ​ចង់​ធ្វើ​អី​ក៏​បានដែរ ឲ្យ​តែមាន​លុយ​។ ពួកគាត់​សំណូមពរ​ទៅ​លោក​ជា​សុផារ៉ា ទេសរដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគររូបណីយកម្ម និង​សំណង់ ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មី​មេត្តាជួយ​មើល​រឿងនេះ​ផង ព្រោះ​លោក​ធ្លាប់​ព្រមាន​ចាត់វិធានការ​បញ្ចូល​ម​ន្ត្រី ឬ​ឧកញ៉ា ណា​ដែល​រំលោភ​ដី​រដ្ឋ ឬ​ដី​ប្រជាពលរដ្ឋ​ទៅក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​រដ្ឋាភិបាល ដូច្នេះ​លោក​ឧកញ៉ា​ម្នាក់នេះ​ល្មម​លៃលក​ផង​។​
​ពាក់ព័ន្ធ​នឹង​ករណី​សំណង់​ផែ​ខាងលើនេះ លោក​ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ឲ្យ​ដឹង តាម​ទូរស័ព្ទ​ថា គាត់​ពុំទាន់​បានដឹង​ពី​ករណីនេះ​ទេ ចាំ​គាត់​ទាក់ទង​ទៅ​លោក​ចៅសង្កាត់​ស្វាយប៉ាក​សិន​។​
​ទាក់ទង​នឹង​រឿងនេះ​កម្ពុ​ជាថ្មី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា​ញឹក ផន ដែរ តែ​ពុំ​អាច​សុំ​ការទំនាក់ទំនង​បានទេ​៕
​ប្រភព​៖​កម្ពុ​ជាថ្មី​

ចំនួនអ្នកទស្សនា

    20655497

  • ថ្ងៃនេះ851
  • ម្សិលមិញ4001
  • សប្តាហ៍នេះ18441
  • ខែនេះ213041
  • ឆ្នាំនេះ213041
  • សរុប20655497