ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់គ្រូពេទ្យជាប់កិច្ចសន្យាសរុបចំនួន ៣៨៦៩ នាក់ ចូលក្នុងក្របខណ្ឌរដ្ឋ ឆ្នាំ២០១៦នេះ ដើម្បីជួយសម្រួលលទ្ធភាពគ្រូពេទ្យមុនពេលពួកគេចូលនិវត្តន៍។ នាយករដ្ឋមន្ត្រី បន្ថែមថា គ្រូពេទ្យដែលហួសអាយុហើយ នៅតែជាក្របខណ្ឌបុគ្គលិកអណ្តែត បុគ្គលិកជាប់កិច្ចសន្យានោះ លោកឯកភាពដាក់ឲ្យចូលទៅជាបុគ្គលិករដ្ឋក្នុងឆ្នាំ ២០១៦នេះរួចហើយដែរ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នៅថ្ងៃទី១២ ឧសភានេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ថ្ងៃមុន មុខងារសាធារណៈបានបញ្ជូនមកឲ្យខ្ញុំ ចំនួន ៣៨៦៩នាក់ បានសេចក្តីថាឲ្យយកពីរឆ្នាំ តែខ្ញុំថា ឲ្យយកតែមួយឆ្នាំបានហើយ ព្រោះអ្នកទាំងអស់កំពុងស៊ីប្រាក់ខែរដ្ឋស្រាប់ហ្នឹង។ ថែមតែតិចតើ មិនជាច្រើនទេ ព្រោះបើយើងធ្វើពីរឆ្នាំ អាចនឹងមានអ្នកចូលបានមុនសប្បាយចិត្ត អ្នកចូលក្រោយមិនសប្បាយចិត្ត ដូចនេះទៅតែមួយដងតែម្តងទៅ វាមិនសម្ពាធថវិកាប៉ុន្មានទេ»។
បើតាមសម្តេច ហ៊ុន សែន ការសម្រេចតាមសំណើគ្រូពេទ្យនេះ ក្នុងគោលបំណងជួយសម្រួលលទ្ធភាពគ្រូពេទ្យដែលជាប់កិច្ចសន្យាច្រើន ឆ្នាំហើយ ឲ្យពួកគេទទួលបានប្រាក់ឧបត្ថម្ភ នៅពេលពួកគេចូលនិវត្តន៍។
គួរបញ្ជាក់ផងដែរ ការប្រកាសដាក់គ្រូពេទ្យជាប់កិច្ចសន្យា នៅថ្ងៃនេះ ធ្វើឡើងក្រោយពីសម្តេច បានប្រកាសក្នុងពិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាលដាក់គ្រូពេទ្យ ជំនាញចូលក្របខណ្ឌរដ្ឋដោយស្វ័យប្រវត្តិផងដែរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កន្លងមក នាសណ្ឋាគារសូហ្វ៊ីតែល ដើម្បីកាត់បន្ថយប្រជាពលរដ្ឋចេញទៅព្យាបាលនៅក្រៅប្រទេស៕