សម្តេច​តេ​ជោ មិន​ជឿ​លើ​សេចក្តីថ្លែងការណ៍ CNRP និង​ទាមទារ​ឲ្យ​ថ្កោលទោស​ដាច់ខាត​លើ​សកម្មជន CNRP នៅ​អាមេរិក

13-May-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា សម្តេច​តេ​ជោ​មិន​ជឿ​ជាដាច់ខាត​ចំពោះ​សេចក្តីថ្លែងការណ៍​ដ៏​ស្មោកគ្រោក​របស់ CNRP និង​បានប្រកាស​ទាមទារ​ឲ្យ​ថ្កោលទោស​ជាដាច់ខាត ចំពោះ​ទង្វើ​ដ៏​គឃ្លើន​របស់​សកម្មជន​មួយរូប ឈ្មោះ Brady N Young នៅ​សហរដ្ឋអាមេរិក ដែល​ចេញ​វិ​ដេ​អូ​ចោទថា លោក ហ៊ុន ម៉ា​ណែ​ត មិនមែនជា​កូនប្រុស​របស់​សម្តេច​តេ​ជោ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​លោក លឹម ជា​វុត្ថា នាយក​ប្រតិបត្តិ​អង្គភាព​ព័ត៌មាន  យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ជឿ​លើ​សេចក្តីថ្លែងការណ៍​នេះ​ទេ ព្រោះ​ក្នុង​សេចក្តីថ្លែងការណ៍​មិនបាន​ប្រើពាក្យ​ថ្កោលទោស​ចំពោះ​ជន​ទាំងឡាយណា​ដែល​ធ្វើការ​ប្រមាថ​លើ​រូបខ្ញុំ ភរិយា​និង​កូន​នោះឡើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​ពួកវា​ជា​ក្រុម​តែមួយ បានជា​មិន​ហ៊ាន​ថ្កោលទោស​, ដូចនេះ​ចាំបាច់​ត្រូវការ ជួសជុល​លុបលាង​នូវ​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ​។ ពួកគេ​ត្រូវ​ត្រៀម​សង​នូវ​តម្លៃ​មួយ​ដ៏​ខ្ពស់​ណាមួយ ប្រសិន​រឿង​បែបនេះ​នៅ​បន្ត​»​។​
​ការ​ប្រតិកម្ម​ខ្លាំងៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថា ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា លោក ហ៊ុន ម៉ា​ណែ​ត មិនមែនជា​កូន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះទេ​។​
​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់ នៅក្នុង​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ល្ងាច​នេះ​ថា «​គណបក្ស​សង្គ្រោះ​ជាតិ សូម​បដិសេធ​ចំពោះ​ការ ចោទប្រកាន់​ណាមួយ មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលថា ជា​អ្នក​ប្រឌិត​ព័ត៌មាន​ថា កូនប្រុស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​កូនប្រុស​របស់​មេដឹកនាំ​វៀតណាម​»​។​

​បើទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ សកម្មជន​ដ៏​ល្បី​មួយរូប​របស់ CNRP នៅ​សហរដ្ឋអាមេរិក Brady N Young បាន​សរសេរ​យ៉ាងច្បាស់​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា «​តើ​បងប្អូន​ចង់​ឲ្យ​មានការ​ពិនិត្យ​ឈាម រវាង​ឪពុក​កូន ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត ដែរឬទេ​? បើ​ចង់​ឲ្យ​មាន DNA Test សូមជួយ Like n share my clip»​។​
​ក្រៅពី​ការសរសេរ​ខាងលើនេះ សកម្មជន​របស់ CNRP រូបនេះ បាន​អត្ថាធិប្បាយ​ជាច្រើន​ទៀត​នៅក្នុង​វិ​ដេ​អូ ដែលមាន​រយៈពេល​ជិត​៣​នាទី ពាក់ព័ន្ធ​នឹង​ការពិនិត្យ DNA រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​៕

ចំនួនអ្នកទស្សនា

    20655697

  • ថ្ងៃនេះ1051
  • ម្សិលមិញ4001
  • សប្តាហ៍នេះ18641
  • ខែនេះ213241
  • ឆ្នាំនេះ213241
  • សរុប20655697