សម្តេច ហ៊ុន សែន​៖ ល្មម​ដល់ពេល​ដាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ជលផល ក្រោម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

13-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា ការដាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង ជលផល ឲ្យ​ស្ថិត នៅក្រោម​រដ្ឋបាល​ថ្នាក់ជាតិ ពោលគឺ​ស្ថិតនៅក្រោម​មន្ទីរ​កសិកម្ម​ខេត្ត​ល្មម​ដល់ពេល​ហើយ គ្រា​ដែល​បញ្ហា​នេះ សម្តេច​បាន​ជំរុញ​ឲ្យ ធ្វើ​រយៈពេល ៥​ឆ្នាំ​មកហើយ​តែ​គ្មាន​លទ្ធផល​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​រសៀល​ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​ព្រៃឈើ និង​ជលផល មាន​បញ្ហា​ស្មុគស្មាញ​ច្រើន ដោយសារតែ​រដ្ឋបាល​ព្រៃឈើ និង​ជលផល​នៅតាម​តាម​ខេត្ត​ស្ថិតនៅ​ឯករាជ្យ មិន​ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ «​ព្រោះ​កន្លងទៅនេះ រដ្ឋបាល​ព្រៃឈើ និង រដ្ឋបាល​ជលផល ដែល​គេ​ហៅថា ខណ្ឌ​នុះ​វា​អត់​នៅ​ចំណុះ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទេ វា​ជា​អធិរាជ​មួយ​ដោយឡែក​គ្មាន​ស្តាប់​នរណា អ៊ីចឹង​ទេ​បានជា​ត្រូវ​បង្ខំ យើង​កំពុងតែ​ធ្វើ​រដ្ឋបាល​ឯកភាព​មួយ មន្ទីរ​កសិកម្ម​តាម​បណ្តា​ខេត្ត អត់​មាន​រដ្ឋបាល​ព្រៃឈើ និង​ជលផល​នៅ​ទី​នោះទេ មានតែ​សេត​សាស្ត្រ បសុព្យាបាល​អី​ប៉ុណ្ណឹង​ទេ​។ ប៉ុន្តែ​មន្ទីរ​កសិកម្ម​ក្រោយនេះ ត្រូវតែ​នៅក្នុង​បណ្តាញ​វា​តែមួយ​បាន​ហើយ ឲ្យ​វា​នៅ​ចំណុះ​ឲ្យ​រដ្ឋបាល​តាម​ថ្នាក់​តែម្តង គឺ​មិន​អាចមាន​ខណ្ឌ​នៅ​ដាច់ដោយឡែក​របៀបនេះ​ទេ គ្រប់គ្រង​អត់​បាន​។ ម្តងថា​រាយការណ៍​ឲ្យ​រដ្ឋមន្ត្រី​កសិកម្ម​ទៅ តែ​វា​មិន​ស្តាប់​ខេត្ត ចឹ​ង​បាន​បន្ទោស​ខេត្ត​ថា ម៉េច​មិន​មើល​ព្រៃឈើ ម៉េច​មិន​មើលទៅ អា​ណឹ​ង ក៏​ពិបាក​ដែរ វា​ប្រទាញប្រទង់​គ្នា​អ៊ីចឹង​»​។​

​បើទោះបីជា​យ៉ាងណា ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា ដំណើរការ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល​នេះ ហាក់​មានដំណើរ​ការល្អ​ជា​ប្រក្រតី ប៉ុន្តែ​អ្វី​ជា​បញ្ហា​នោះ គឺ​ការបែងចែក​អំណាច​គ្រប់​គ្រង និង ការបែងចែក​ផលប្រយោជន៍​មិន​ស្មើ ពោល​ខាង​ខេត្ត និង​មន្ទីរ​មានការ​អាក់អន់ស្រពន់ចិត្ត ដោយ​មិនអាច​គ្រប់គ្រង​លើ​ខណ្ឌ​រដ្ឋបាល​ជល ផល និង ព្រៃឈើ​៕

ចំនួនអ្នកទស្សនា

    20655687

  • ថ្ងៃនេះ1041
  • ម្សិលមិញ4001
  • សប្តាហ៍នេះ18631
  • ខែនេះ213231
  • ឆ្នាំនេះ213231
  • សរុប20655687