មន្ទីរពេទ្យគន្ធបុបា្ផដែលកៀរគរ មូលនិធិដំណើរការដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner សំដៅការសង្គ្រោះជីវិត និងទ្រទ្រង់សុខភាពកុមារកម្ពុជាជាច្រើននាក់រៀងរាល់ឆ្នាំដោយឥត គិតថ្លៃនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រោងយកមកគ្រប់គ្រងវិញ ដើម្បីឲ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យរដ្ឋ ខណៈមជ្ឈដ្ឋានឪពុកម្តាយមួយចំនួនដែលធ្លាប់នាំកូន-ចៅទៅទទួលសេវា សុខភាពនៅមន្ទីរពេទ្យគន្ធបុប្ផា សម្តែងនូវការព្រួយបារម្ភចំពោះប្រសិទ្ធភាពសេវា ដែលអាចប្រឈមនឹងការធ្លាក់ចុះរុំព័ទ្ធដោយអំពើពុករលួយ នៅពេលមន្ទីរពេទ្យត្រូវបានគ្រប់គ្រងដោយរដ្ឋរបៀបមន្ទីរពេទ្យផ្សេងៗ ទៀតនាពេលអនាគត ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី និងក្រសួងសុខាភិបាលដែលមានឯកឧត្តម ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី បានចុះហត្ថលេខារួមគ្នានៅលើប្រកាសអន្តរក្រសួងមួយស្តីពីការបង្កើត ក្រុមការងារទទួលបន្ទុកលើការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុបា្ផ ដោយក្រុមការងារមានសមាសភាពចំនួន១៦នាក់ ក្នុងនោះមានលោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុបា្ផជាសមាជិកក្រុមការងារផងដែរ ។
ប្រកាសអន្តរក្រសួងរវាងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលលេខ១៧៤សហវ.ប្រក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកលើការងារគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា បានចែងកំណត់អំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារនេះ ដូចតទៅ ៖ ១-ធ្វើការងារជាមួយលោកវេជ្ជបណ្ឌិត Beat Richner និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីទទួលព័ត៌មាន និងសិក្សាលើទិដ្ឋភាពហិរញ្ញវត្ថុ ប្រតិបត្តិការ សេវាសុខាភិបាល និងនីតិវិធីនៃការគ្រប់គ្រងរបស់មន្ទីរពេទ្យ ។ ២-សិក្សាលើបញ្ហាហិរញ្ញប្បទាននៃមូលនិធិគន្ធបុបា្ផ ដើម្បីធានាចីរភាពនៃដំណើរការជាប្រចាំរបស់មន្ទីរពេទ្យនៅថ្ងៃអនាគត ដោយផ្អែកលើគោលការណ៍នៃស្តង់ដារសេវាសមស្រប និងប្រសិទ្ធភាព ។ ៣-រៀបចំយន្តការនៃការគ្រប់គ្រង និងកិច្ចដំណើរការរបស់មន្ទីរពេទ្យ នៅពេលដែលរាជរដ្ឋាភិបាលទទួលយកមន្ទីរពេទ្យនេះមកគ្រប់គ្រងវិញ ដើម្បីឲ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យរដ្ឋដែលមានស្តង់ដារ គំរូនាពេលអនាគត ។
មន្ទីរពេទ្យគន្ធបុបា្ផនៅរាជធានី ភ្នំពេញដែលមានលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកចម្បង បានដំណើរការតាំងពីឆ្នាំ១៩៩២ ដោយសង្គ្រោះជីវិត និងថែទាំសុខភាពកុមារកម្ពុជាមិនគិតថ្លៃសេវាព្យាបាល ។ គ្រាន់តែឆ្នាំ២០១៥កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ចំនួនប្រមាណ៤៣លានដុល្លារ អាមេរិក ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក និងជាប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល មានឋានៈស្មើរដ្ឋលេខាធិការដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៦/៣៣៦ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ៕