យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ប្រកាស​ផ្អាក​បណ្តោះអាសន្ន​

14-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយរូប​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ ពន្ធនាគារ គ្រោង​នឹង​ផ្អាក​នៅ​សប្តាហ៍​ក្រោយ​ជា​បណ្តោះអាសន្ន ។ លោក អ៊ី សា​រ៉ុ​ម នាយក​ប្រតិបត្តិ​អង្គការ សមាគម​ធាងត្នោត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ឧសភា ថា យុទ្ធនាការ​អាវខ្មៅ​នៅ​ថ្ងៃទី​១៦ ខែឧសភា ខាងមុខ នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន ។ ការផ្អាក​នេះ​បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល NGOs ធ្លាប់បាន​អះអាងថា នឹង​រៀបចំ​យុទ្ធនាការ​អាវខ្មៅ​ជា​រៀងរាល់​សប្តាហ៍​នៅ​ថ្ងៃ​ចន្ទ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​រវាង​លោក កឹម សុខា និង​នាង​ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ។​

​លោក អ៊ី សា​រ៉ុ​ម បាន​គូសបញ្ជាក់ថា «​មកដល់ពេលនេះ យើង​មិនទាន់មាន​គម្រោង​ធ្វើ​ទេ ព្រោះថា​ដូចជា​មាន​សញ្ញា​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដូចជា​មានការ​លើកលែង​ទោស​ដល់​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ ពន្ធនាគារ​ទាំងនោះ​» ។​
​គួរ​រឭក​ថា កាលពី​ថ្ងៃទី​៩ ខែឧសភា ក្រុម​សង្គម​ស៊ីវិល​បានធ្វើ​យុទ្ធនាការ​អាវខ្មៅ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា​៣០០​នាក់ បាននាំគ្នា​ដង្ហែ​ក្បួន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​លោក នី ចរិយា​។ ក្នុង​យុទ្ធនាការ​នោះ ក៏មាន​ការឃាត់ខ្លួន​៨​នាក់​ដែលជា​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​មកពី​អង្គការ​ផ្សេងៗ និង​សកម្មជន​ដីធ្លី ព្រមទាំង​ជនបរទេស​២​នាក់​ផង ប៉ុន្តែ​ក្រោយពី​ពួកគេ​ធ្វើ​កិច្ចសន្យា​ហើយ​អប់រំ សមត្ថកិច្ច​ក៏បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ។​
​សកម្មជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួមមាន លោក អ៊ី សា​រ៉ុ​ម នាយក​ប្រតិបត្តិ​អង្គការ​ធាងត្នោត លោក ថាវ គឹម​សាន មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ អ្នកស្រី សរ ស៊ន តំណាង​ប្រជាពលរដ្ឋ​បុរី​កីឡា កញ្ញា ស៊ង ស្រី​លាភ តំណាង​ប្រជាពលរដ្ឋ​បឹងកក់ អ្នកស្រី គង់ ចន្ថា តំណាង​ប្រជាពលរដ្ឋ​បឹងកក់ និង​អ្នកស្រី ប៉ូវ សោភា តំណាង​ប្រជាពលរដ្ឋ​បឹងកក់ និង​ជនបរទេស​២​នាក់ ដែលជា​ទីប្រឹក្សា​អង្គការ​លីកាដូ ។​
​ទាក់ទង​នឹង​ការធ្វើ​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​កាលពីពេល​ថ្មី​នេះៗ​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្រាប់​ផ្តល់​ថវិកា​ធ្វើ​យុទ្ធនាការ​នេះ​។ ជាងនេះទៀត សម្តេច​តេ​ជោ បាន​បន្លុយ​ថា ឲ្យ​រក​មេធាវី​ពូកែ​សម្រាប់​ដោះ​បន្ទុក​ចំពោះ​មន្ត្រី​សិទ្ធិមនុស្ស​ដែល ជាប់ពន្ធនាគារ​នោះ​ផងដែរ ។​

​បញ្ហា​បើក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ ក្រុមមន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​បាន​ចោទប្រកាន់​ទៅលើ​មន្ត្រី​ទូត សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ។ ការចោទប្រកាន់​បែបនេះ គឺ​បន្ទាប់ពី​មានការ​ជួបជុំ​ក្រុមគ្រួសារ​បុគ្គលិក​អាដហុក​ដែល​ជាប់ ឃុំ​នៅ​ពន្ធនាគារ ។ ទោះបីជា​បែបណា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក្នុងឱកាស​ចូលជួប​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បដិសេធ​រាល់​ការចោទប្រកាន់​ពី​កាសែត​ក្នុងស្រុក​ខ្លះ ដែលថា​លោក​ជាប់​ទាក់ទិន​នឹង​យុទ្ធនាការ​ពណ៌​ខ្មៅ​នេះ ៕

ចំនួនអ្នកទស្សនា

    20656477

  • ថ្ងៃនេះ1831
  • ម្សិលមិញ4001
  • សប្តាហ៍នេះ19421
  • ខែនេះ214021
  • ឆ្នាំនេះ214021
  • សរុប20656477