ក្រសួង​ពង្រឹង​វិធានការ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ចំណុះ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​

15-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ព្រមាន​ចាត់វិធានការ​ក្តៅ​ទៅលើ​មន្ត្រី​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង រថយន្ត​នៅ​ទូទាំងប្រទេស​ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកជញ្ជូន​លើស ទម្ងន់​កំណត់​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​ផ្លូវ និង​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ទៅលើ យានដ្ឋាន​ជួលជុល និង​កែច្នៃ​ដំឡើង​យានយន្ត​ជិត ២០០០ កន្លែង​ដែល​នៅ​មិនទាន់​ចុះបញ្ជី​។​
​នៅក្រោយ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការពង្រឹង​វិធានការ​ទប់ស្កាត់ យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ដំឡើង​យានយន្ត​ខុស​ស្តង់ដារ​បច្ចេកទេស​នៅ​ក្រសួង សាធារណការ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា​មួយឆ្នាំៗ​រដ្ឋាភិបាល​ចំណាយលុយ​ជួសជុល និង​ថែទាំ​ផ្លូវ និង​ស្ពាន​អស់​ជាង ១០០ លាន​ដុល្លារ​ព្រោះតែ​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ និង​ការកែច្នៃ​យានយន្ត​ខុស​ស្តង់ដារ​បច្ចេកទេស​។​

​ឯកឧត្តម​បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ​ទប់ស្កាត់ និង​បង្ក្រាប​ការដឹក​ទំនិញ​ហួសកំណត់​ឲ្យ​បាន​តឹងរ៉ឹង​ជាពិសេស មន្ត្រី​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​និ​មួយៗ​បើ​ពុំ​នោះទេ​ក្រសួង នឹងដាក់​ពិន័យ​ជា​ទឹកប្រាក់ ឬ​ប្រើ​វិន័យ​រដ្ឋបាល​ទៅលើ​មន្ត្រី​ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស កំណត់​បន្តធ្វើ​ចរាចរ​ណ៍​ទៅមុខទៀត​បណ្តាល​ឲ្យ​ខូចខាត​ផ្លូវ និង​ស្ពាន​។
​ឯកឧត្តម​ថា «​យើង​ត្រូវតែមាន​នីតិវិធី​ពិន័យ​មន្ត្រី​របស់​យើង​មិនអាច​អនុញ្ញាត ឲ្យ​គាត់​ស៊ីសស៊ុស​គ្នា​ឲ្យ​ឡាន​ហ្នឹង​ដឹក​ធ្វើ​ឲ្យ​ខូច​ផ្លូវ​អស់​ទេ យើង​នឹង​ទប់ស្កាត់​ឲ្យ​ដល់​ឫសគល់​តែម្តង​»​។​

​បច្ចុប្បន្ន​ក្រសួង​មាន​ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​ចំនួន ២៤ គ្រឿង​ហើយ​ក្រសួង​គ្រោង​នឹងដាក់​ជញ្ជឹង​ចល័ត​បន្ថែមទៀត​នៅ​ទូទាំង ប្រទេស និង​រៀបចំ​ប្រព័ន្ធ GPS ដើម្បី​ពិនិត្យ និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​កំណត់​។ ចំណែក​យានដ្ឋាន​ជួសជុល និង​កែច្នៃ​ដំឡើងរថយន្ត​គិត​ត្រឹម​ឆ្នាំ ២០១៥ មាន​ចំនួន ២៦៣៣ យានដ្ឋាន​ក្នុងនោះ​មាន ៧១០ យានដ្ឋាន​ចុះបញ្ជី​រួច និង ១៩៣៣ យានដ្ឋាន មិនទាន់​ចុះបញ្ជី​។​

​ឯកឧត្តម​ស៊ុន ចាន់ថុល ក៏បាន​បញ្ជា​ដល់​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​យានដ្ឋាន​ជួលជុល និង​កែច្នៃ​រថយន្ត​ដែល​មិនទាន់​ចុះបញ្ជី​ត្រូវ​ចុះបញ្ជី​តាម​នីតិវិធី ច្បាប់​នៅ​ក្រសួង ឬ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​។ ចំណែក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ត្រូវ​រៀបចំ​រថយន្ត​ដឹកទំនិញ របស់ខ្លួន​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ដែល​បាន​កំណត់ដោយ​ច្បាប់​បើ​ពុំ នោះទេ​នឹង​ប្រឈម​ការផាកពិន័យ ឬ​ឈានដល់​ការបិទ​ក្រុមហ៊ុន​តែម្តង​។​
​ទាក់ទង​ករណីនេះ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក ស៊ុយ ធា​រិ​ទ្ធ បាន​លើកឡើងថា កន្លងមក​សាលា​រាជធានី​ធ្លាប់​បានចេញ​គោលការណ៍​កំណត់​ប្រភេទ​យានយន្ត ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្រុង​ត្រួតពិនិត្យ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស និង​កំណត់​ម៉ោង​ធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ ប៉ុន្តែ​ការគ្រប់គ្រង​នៅមាន​ភាពស្មុគស្មាញ​ដោយសារ​អាជ្ញាធរ​នៅ​មិន ទាន់​មាន​ចំណាត់ការ​ច្បាស់លាស់​ការ​យល់ដឹង​ផ្នែក​ច្បាប់​នៅមាន កម្រិត​ហើយ​មាន​

សមត្ថកិច្ច​មួយចំនួន​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ដឹក ជញ្ជូន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​លើស​ចំណុះ​ជាដើម​។
​ទោះយ៉ាងណា​លោក​ស្នើថា «​បើ​យក​ល្អ​រថយន្ត [​ដឹកទំនិញ​] កុំ​ឲ្យ​មានការ​កែច្នៃ​បើ​កែច្នៃ​នឹង​ខុស​ស្តង់ដារ​អន្តរជាតិ​ហើយ​»​។​
​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ យល់ថា​វិធានការ​ទាំងនេះ​ពុំមាន​អ្វី​ថ្មី​នោះទេ​ដោយ​លោក​ជំរុញ ឲ្យ​ក្រសួង​គួរតែមាន​ការត្រួតពិនិត្យ និង​កំណត់​លក្ខខណ្ឌ​ឲ្យ​ច្បាស់លាស់​ចំពោះ​រថយន្ត​ដឹកទំនិញ និង​ដឹក​ដី​ធំៗ​ដែល​ដឹក​លើស​ចំណុះ និង​ជ្រុះ​កម្ទេច​ដី​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ខូច​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​។

​លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​ចាត់វិធានការ​ទៅលើ​ករណី​ចាស់ៗ​ដែល​បង្ក ឲ្យ​ខូច​ផ្លូវ និង​ស្ពាន​ដូចជា​ករណី​នៅ​ស្ពាន​អ្នក​លឿង​ជាដើម​មុន​នឹងមាន​វិធានការ ថ្មី​បន្ថែមទៀត​៕

ចំនួនអ្នកទស្សនា

    20657307

  • ថ្ងៃនេះ2661
  • ម្សិលមិញ4001
  • សប្តាហ៍នេះ20251
  • ខែនេះ214851
  • ឆ្នាំនេះ214851
  • សរុប20657307