ភ្នំពេញ៖ ឆ្លើយតបទៅនឹងស្ថានភាពចាំបាច់អំពីការគាំពារសុខមាលភាពលើកុមារ កម្ពុជា នៅថ្ងៃចន្ទទី១៦ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់ថវិកាមនុស្សធធម៌ចំនួន១.០០០.០០០ដុល្លារអាមេរិក ( មួយលានដុល្លារអាមេរិក)ដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីឲ្យមន្ទីរ ពេទ្យមួយនេះមានលទ្ធភាពបន្តនូវសកម្មភាពរបស់ខ្លួនក្នុងការទទួល ការព្យាបាលកុមារកម្ពុជារាប់សែននាក់ក្នុងមួយឆ្នាំៗ ។
យោងតាម ផេករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្ហោះកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦បានឲ្យដឹងថាអំណោយជាថវិកាដែលនឹងផ្តល់ជូនមន្ទីរពេទ្យ គន្ធបុប្ផាគឺបានមកពីសប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ដែលបានប្រារព្ធកាលពីពេលថ្មីៗកន្លងមកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ប្រភពដដែលបានបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា នឹងផ្តល់ជូនថវិកា១លានដុល្លារនេះដល់ លោកប៊ីណាត រីចន័រ( Beat Richner)ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់នៅទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៦ ដើម្បីមន្ទីរពេទ្យមានលទ្ធភាពបន្តរទទួលការព្យាបាលកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ ។
គួររំលឹកថា នេះជាឆ្នាំទី៥ហើយ ចាប់ពីឆ្នាំ២០១២មកម្ល៉េះ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដែលសរុបថវិកាមកដល់ពេលនេះមានចំនួន៥ លានដុល្លារសហរដ្ឋអាមរិកហើយ ៕