ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការជាច្រើននៅខេត្តព្រះសីហនុ រួមជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានមកកម្សាន្តនៅឆ្នេរឯករាជ្យ មុជ ទឹកសមុទ្រលេង និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីជំនោរសមុទ្រយ៉ាងត្រជាក់ចិត្ត ។
ប៉ុន្តែពួកគាត់បែរជាខកចិត្ត និងបានសម្តែងការខឹងសម្បាយ៉ាងខ្លាំង ខណៈធ្វើដំណើរតាមបណ្តោយឆ្នេរខ្សាច់ដ៏សក្បុសមកដល់ចំណុចចុងពយ ភូមិកំពេញ នៅខាងក្រោយកាស៊ីណូ និងអូតែល ហូលីដេ ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានប្រទះឃើញទឹកកខ្វក់លាយឡំដោយលាមក ដង្កូវ ដែលកាស៊ីណូខាងលើដាក់បំពង់បង្ហូរចេញមកពីបង្គន់កាស៊ីណូ ទម្លាក់ចូលទៅតាមអូរ១ខ្សែ ស្ថិតនៅក្បែររបងកាស៊ីណូខាងលើនោះ និងបន្តហូរធ្លាក់ចូលទៅក្នុងសមុទ្រធ្វើឱ្យទឹកសមុទ្រក្បែរនោះ ប្រែពណ៌ជាខ្មៅ ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ករណីបង្ហូរទឹកកខ្វក់ទម្លាក់ចូលទៅក្នុងសមុទ្រនៃកាស៊ីណូខាងលើនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ តែគេមិនដែលឃើញអាជ្ញាធរ លំដាប់ថ្នាក់ណាមកទប់កស្កាត់ទេ បែរជាមើលរំលងទៅវិញ បណ្តែតបណ្តោយឱ្យម្ចាស់កាស៊ីណូខាងលើនេះបង្ហូរទឹកកខ្វក់ដែលមាន ក្លិនស្អុយអសោចិ៍ទម្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចុះមុជ និងហែលលេងកម្សាន្ត ។
ប្រភពពីភ្ញៀវទេសចរ ក៏បានលើកឡើងដែរថា ពួកគាត់ធ្វើដំណើរមកពីទីឆ្ងាយក្នុងក្តីរំពឹងទុកជាមុនថានឹងបាន មកហែលទឹកសមុទ្រដ៏ថ្លា និងមានពណ៌ខៀវស្រងាត់ត្រជាក់ត្រជំ និងបានដើរលេងកម្សាន្តនៅលើឆ្នេរខ្សាច់ ដ៏សក្បុសដែលសាកលលោកទទួលស្គាល់ថា ជាឆ្នេរដ៏ស្រស់ស្អាតជាងគេ នៅលើពិភពលោក ផ្ទុយទៅវិញពួកគាត់បែរជាមកនាំគ្នាមុជទឹក ដែលលាយឡំទៅដោយទឹកកខ្វក់ហូរចេញពីបង្គន់កាស៊ីណូខាងលើបែបនេះសោះ ។
ប្រភពខាងលើបានលើកឡើងទៀតថា បើតាមការសន្និដ្ឋានបែបមាត់ចាបមាត់ព្រាប បានលើកឡើងថា បានជាស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរដែនដី មិនមានចំណាត់ការ និងវិធានការទប់ស្កាត់នោះ ដោយហេតុថា ស្ថាប័ន និងអាជ្ញាធរទាំងនោះទំនងជាខ្លាចអំណាចម្ចាស់កាស៊ីណូនោះហើយមើលទៅ ទើបបញ្ហាខាងលើកើតមានរហូតមកដល់សព្វថ្ងៃនេះ ។
លោកសាមុត សុទ្ធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ឧសភាថា បន្ទាប់ពីលោកបានឃើញការផ្សាយតាមរយៈព័ត៌មានសង្គមហ្វេសប៊ុក ភ្លាមៗនោះលោកក៏បានឱ្យមន្ត្រីក្រោមឱវាទនៃមន្ទីរខាងលើចុះទៅ សិក្សា និងត្រួតពិនិត្យត្រង់ចំណុចបង្ហូរទឹកកខ្វក់ខាងលើនោះ ហើយ កន្លងមកមន្ទីរបរិស្ថាន ក៏បានរាយការណ៍ជូនទៅអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងបរិស្ថានរួចរាល់ហើយដែរ ។ ម្យ៉ាងទៀតអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងបរិស្ថាន កំពុងតែរកដៃគូសិក្សាគម្រោងអាងចម្រុះសម្រាប់ផ្ទុកទឹកកខ្វក់នោះ ក្នុងនោះមានដូចជា ក្រុមហ៊ុនភ្នំពេញព្រីខេស និងដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន ហេងអាស៊ី និងដៃគូអភិវឌ្ឍន៍នៃធនាគារ ADB ។
លោកបានបញ្ជាក់ថា តាមគម្រោងសិក្សាអំពីប្លង់មេអាងស្តុកខាងលើ យ៉ាងហោចណាស់ត្រូវប្រើប្រាស់រយៈពេល១ខែ ហើយអាជ្ញាធរ និង សមត្ថកិច្ចជំនាញក៏នឹងសំណូមពរឱ្យម្ចាស់សណ្ឋាគារខាងលើត្រូវតែ ចូលរួមផងដែរ ក្នុងករណីណាមានការចចេសរឹងរូស អង្គភាពស្ថាប័នជំនាញនឹងចាត់ចែងទៅតាមនីតិវិធីច្បាប់ ក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវបរិស្ថានល្អជាប្រយោជន៍សាធារណៈ នាពេលបច្ចុប្បន្ន និងទៅអនាគត ៕