ភ្នំពេញ៖ជាការពិតការធ្វើអត្តសញ្ញាណប័ណ្ណ ហ្វ្រ៊ីៗជូនប្រជាពលរដ្ឋមិនជាការងារងាយស្រួលទេ រហូតដល់មានការត្អូញត្អែរពីអ្នកធ្វើអត្តសញ្ញាណប័ណ្ណខ្លះថាធ្វើជាង មួយឆ្នាំហើយតែនៅមិនទាន់បាន ខណៈដែលអ្នកខ្លះទទួលបានវា ក្រោយធ្វើបានតែពីរបីខែ។ថ្នាក់ដឹកនាំក្រសួងសាមីក៏ក្រើនរំលឹកអោយ មន្ត្រីពាក់ព័ន្ធបង្កើនល្បឿនការធ្វើនិងផ្តល់អត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋអោយបានលឿន ពោលមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។
បញ្ហា អត្តសញ្ញាណប័ណ្ណនេះក៏នាំអោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់អារម្មណ៍ផងដែរ ដោយនៅថ្ងៃនេះFacebookរបស់សម្តេចបានសេរសេរថា"តាមសំណូមពរក៏ដូចជា ការលើកឡើងរបស់ប្រជាពលរដ្ឋតាមFacebookសម្តេចតេជោនាយករដ្ឋមន្ត្រី គឺយើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរិះគន់ទៅកាន់ មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណនៃ “ អគ្គនាយកដ្ឋានអត្តសញ្ណាណកម្ម”ដោយបានលើកឡើងថារយៈពេលនៃការធ្វើ អត្តសញ្ញាណប័ណ្ណគឺ យូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយឆ្នាំក៏មានហើយមិនទាន់បានទទួល ID នៅឡើយ។តើមានករណីពិតបែបនេះពិតមែនទេ?
“ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ” គឺតម្រូវអោយប្រជាពលរដ្ឋមានគ្រប់ៗគ្នា ដើម្បីសំគាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាន៍បញ្ជាក់ ជាច្រើនលើកមកហើយថា សេវាតម្រូវការចាំបាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវធ្វើអោយបានឆាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះប្រសិនបើបងប្អូនមានបញ្ហានៅមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណ ថ្មីទេ គឺពេលនេះក្រុមការងារ “ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម“ នឹងដោះ ស្រាយជូនបងប្អូនទូទាំងប្រទេសអោយបានឆាប់តែម្តង។
សូមទំនាក់ ទំនងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាបន្ទាន់នៅថ្ងៃនេះ ហើយផ្តល់ព័ត៌មានមកកាន់ Facebookសម្តេចតេជោអោយបានដឹងថាអ្វីដែលជាសំណូមពររបស់បងប្អូនតើ មន្ត្រីយើង បានដោះស្រាយជូនបានក្នុងកម្រិតណា?"។
Facebookបានបញ្ជាក់ថា៖ក្នុងករណីចាំបាច់បន្ទាន់ណាមួយសូមទាក់ទងផ្ទាល់មកកាន់
លោក ឃៀង សុគន្ឋា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ Tel: 012-258-858
លោក ប៊ី ចានើធី អនុប្រធាន Tel: 012-880-990
លោក សឿ សុថា អនុប្រធាន Tel: 016-808-020៕