ក្រសួងការពារជាតិ ប្រកាស​ដាក់ពិន័យ ធ្ងន់ធ្ងរ​គ្រប់​អង្គភាព ដែល​ចេញ​លិខិត​ឲ្យ​មន្ត្រី​យោធា យក​កាំភ្លើង​ប្រើ​ផ្ទុយ​ពី​ភារកិច្ច

18-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រសួងការពារជាតិ នឹង​អនុវត្តន៍​បទបញ្ជា​យោធា​តឹងរឹង ចាប់ពី​ខែមីនា ឆ្នាំ​២០១៦​នេះ​តទៅ ដោយ​នឹងដាក់​វិន័យ​ធ្ងន់ធ្ងរ​តាម វិន័យ​យោធា ទៅលើ​ថ្នាក់ដឹកនាំ​អង្គភាព​ទាំងឡាយណា ដែល​ចេញ​លិខិតអនុញ្ញាត​ឲ្យ​មន្ត្រី​យោធា​ក្នុង​អង្គភាព​របស់ខ្លួន​យក​កាំភ្លើង ទៅប្រើ​ប្រាស់​ផ្ទុយ​ពី​ភារកិច្ច និង ធ្វើ​សកម្មភាព​ល្មើសច្បាប់​ណាមួយ​។​

​ការដាក់ចេញ​វិធានការ​គ្រប់គ្រង​ការអនុញ្ញាត​ឲ្យ មន្ត្រី​យោធា​ប្រើប្រាស់​អាវុធ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​ក្រសួង​ការ  ពារ​ជាតិ នា​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦​នេះ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​នៅតាម​បណ្តា​អង្គភាព ចំណុះ​ឲ្យ​ក្រសួងការពារជាតិ​ជាច្រើនរូប​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់ ថា កិច្ចប្រជុំ បាន​ពិភាក្សា​ផ្តោត​សំខាន់ ទៅលើ​ការគ្រប់គ្រង​អាវុធ និង​ការចេញលិខិត​បេសកកម្ម មាន​អាវុធ​ឲ្យ​មន្ត្រី​យោធា​ប្រើប្រាស់​អាវុធ​មិន​ច្បាស់លាស់​ជាហេតុ​នាំ​ឲ្យ មន្ត្រី​យោធា​យក​អាវុធ​ទៅប្រើ​ប្រាស់​ផ្ទុយ​ពី​ភារកិច្ច និង ធ្វើ​សកម្មភាព​ល្មើសច្បាប់​មួយចំនួន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​បន្ថែមថា ឆ្លងតាម​ស្មារតី នៃ​កិច្ចប្រជុំ ក្រសួងការពារជាតិ បានសម្រេច​អនុវត្តន៍​វិន័យ​យោធា​តឹង រឹង​ចាប់ពី​ខែមីនា ឆ្នាំ​២០១៦​នេះ​តទៅ ដោយ​ដាក់​កំហិត​ថា រាល់​សកម្មភាព​ប្រើប្រាស់​អាវុធ​ខុស​ប្រក្រតី​របស់​មន្ត្រី​យោធា​ការដាក់វិន័យ មិន​ត្រឹមតែ​ធ្វើ​លើ​មន្ត្រី​យោធា ដែល​បាន​ប្រព្រឹត្ត​នោះទេ សូម្បីតែ​អង្គ​ភាពជា​អ្នកចេញ​លិខិតអនុញ្ញាត​ឲ្យ​មន្ត្រី​យោធា​ប្រើប្រាស់​អាវុធ ឬ  លិខិត​ធ្វើ​បេសកកម្ម ក៏ត្រូវ​ទទួលខុសត្រូវ​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ «​ក្រសួងការពារជាតិ មិនដែល​គាំទ្រ​ឲ្យ​មន្ត្រី​យោធា​ណា​ម្នាក់ ប្រើប្រាស់ អាវុធ​ផ្ទុយ​ពី​ភារកិច្ច និង​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។ ដូច្នេះ​យើង​នឹងដាក់​វិន័យ​តឹងរឹង​ទៅលើ​មន្ត្រី​យោធា ដែល​ប្រើប្រាស់​អាវុធ​ក្នុង សកម្ម​ភាពមិនប្រក្រតី ហើយ​អង្គភាព ដែល​ចេញ​លិខិត​បេសកកម្ម​មាន​អាវុធ ជូន​មន្ត្រី​យោធា​ធ្វើ​សកម្មភាព ផ្ទុយ​ពី​ភារកិច្ច​នោះ ក៏ត្រូវ​ទទួល​វិន័យ​ដូចគ្នា​។ យើង​នឹង​អនុវត្ត​តឹងរឹង​ចាប់ពី​ខែមីនា នេះ​តទៅ​»​។​​បើតាម​លោក ឈុំ សុជាតិ ការដាក់ចេញ​វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​រកឃើញថា មាន​មន្ត្រី​យោធា​មួយចំនួន​ដែល​អង្គភាព ចេញ​លិខិត បេសកកម្ម​មាន​អាវុធ ឲ្យ​ទៅ​អនុវត្ត​ការងារ​នោះ យកទៅ​ប្រើប្រាស់​ផ្ទុយ​ពី​ច្បាប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​យោធា​។​
​ជាការ​កត់​សម្គាល់ការ​ចេញ​វិធានការ​រឹតបន្តឹង ការចេញលិខិត​អនុញ្ញាត​ប្រើប្រាស់​អាវុធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​យោធា​មួយ ចំនួន​បាន​យក​កាំភ្លើង​ទៅ​បាញ់បោះ​គំរាម​ជន​ស៊ីវិល ព្រោះ​មានទំនាស់​ពាក្យសម្តី​បន្តិចបន្តួច ខ្លះទៀត​ប្រើ​កាំភ្លើង​បាញ់បោះ​ក្រោយ​ផឹក ស៊ី​ស្រវឹង​។ ជាពិសេស​កាលពី​ខែមករា កន្លងទៅ​ចោរប្លន់​ម្នាក់​នៅ​ខេត្តកណ្តាល ត្រូវបាន​គេ​រកឃើញថា មាន​តួនាទី​ជា​មន្ត្រី​យោធា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ និង លើក​ទិសដៅ​ថ្មី​របស់​ក្រសួងមហាផ្ទៃ  កាលពី​សប្តាហ៍​កន្លងទៅ បាន​ព្រមាន​ឲ្យ​គ្រប់​ស្ថាប័ន​ប្រដាប់អាវុធ​ត្រូវ​គ្រប់គ្រង​អាវុធ​ឲ្យ​បាន​ច្បាប់​លាស់ បន្ទាប់ពី​សម្តេច​សង្កេត​ឃើញ មាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​បាន​កក្រើក​ឡើងវិញ ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​៕

ចំនួនអ្នកទស្សនា

    20658297

  • ថ្ងៃនេះ3651
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21241
  • ខែនេះ215841
  • ឆ្នាំនេះ215841
  • សរុប20658297