ផលិតកម្ម​ថោ​ន​ព្រួយបារម្ភ​រឿង​ខេ​ម​បើកឡាន​បុក​គ្នា បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់

18-May-2016 | ដោយ មែន កំសត់


​កាលពី​យប់​ថ្ងៃទី​១៧ ឈានចូល​១៨ ឧសភា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ត្រូវបាន​បណ្ដាញសារព័ត៌មាន​ព្រោងព្រាត​ចុះផ្សាយ​ថា​ជួប​ឧបទ្ទវហេតុ​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​ម្ខាង​ទៀត បណ្ដាល​ឲ្យ​អ្នកបើករថយន្ត​ម្ខាង​ទៀត​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តំណាង​ផលិតកម្ម​ថោ​ន បានបង្ហាញ​ទឹកចិត្ត​ព្រួយបារម្ភ បន្ទាប់ពី​បានដឹងថា​នៅក្នុង​ឧបទ្ទវហេតុ​នោះ គឺ​ជនរងគ្រោះ​ម្នាក់​បាត់បង់​ជីវិត​។​
​លោក មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន បាន​អះអាងថា​លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេលដែល​បានដឹងថា​តារាចម្រៀង​របស់លោក​បាន​ជួប​ឧបទ្ទវហេតុ​ចរាចរណ៍ ហើយ​បណ្ដាល​ឲ្យ​អ្នករងគ្រោះ​ម្នាក់​ស្លាប់​។ លោក​និយាយថា​៖ “​មិនមែន​រឿង​ខេ​ម​គាត់​តួ​ធំ​តួ​តូច​អី​ទេ​អូន តា​ពេលណា​មាន​បញ្ហា​កើតឡើង​ហ្នឹង​គឺ​យើង​ជា​ផលិតកម្ម​ចេះតែ​បារម្ភ​ហើយ ប៉ុន្តែ​ខ្ញុំ​គិតថា​ម្នាក់ៗ​អត់​មាន​អ្នក​ចង់​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទេ ហើយ​រឿង​ដែល​បណ្ដាល​ឲ្យ​ម្ខាង​ទៀត​ស្លាប់​ហ្នឹង​គឺ​រឹតតែ​មិន​ចង់​ទៅទៀត​!”​។ លោ​កថា​មិនទាន់បាន​ជួប​សម្ដី​ផ្ទាល់​ជាមួយ​លោក​ខេ​ម​នៅឡើយ​ទេ ដោយសារតែ​ទូរស័ព្ទ​ខ​ល​មិន​ចូល​។​

​យោងតាម​ការចុះផ្សាយ​ពី​ព័ត៌មាន​ក្នុងស្រុក​និង​ការ​ចែកចាយ​ព័ត៌មាន​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​កបាន​អះអាងថា តារាចម្រៀង​ខេ​ម ដែលជា​តារាចម្រៀង​ល្បីល្បាញ​របស់​ផលិតកម្ម​ថោ​ន បាន​បើករថយន្ត​ហើយ​បុក​គ្នា​ជាមួយ​រថយន្ត​បញ្ច្រាសទិស​គ្នា ហើយ​បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​ម្ខាង​ម្នាក់​ស្លាប់​និង​ម្នាក់​រងរបួស​។ ព័ត៌មាន​ដដែល​បាន​អះអាងថា​ក្រោយពី​មានការ​ចោមរោម​មើល​លោក ខេ​ម និង​នារី​ម្នាក់​ដែល​ជិះ​ជាមួយ​ក៏បាន​ឡើង​ម៉ូតូឌុប​ចាកចេញ ដោយសារតែ​អ្នក​ទាំងពីរ​មិនមាន​របួសធ្ងន់​។ ហេតុការណ៍​នោះ​ត្រូវបាន​បញ្ជាក់ថា​កើតឡើង​នៅវេលា​ម៉ោង​១​និង ៥០​នាទី នៅ​យប់​ពាក់កណ្ដាល​អា​ធ្រា​ត​ឈានចូល ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​ឃ្លាំង​សាំង សូ​គី​មិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយ​បុរស​ដែល​បាន​ស្លាប់មាន​ឈ្មោះថា លី កា​រិ​ន អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ម៉ា​ម្តុំ គីឡូ​ម៉ែត​លេខ​៨ សង្កាត់ ច្រាំង​ចំ​រះ ក្នុង​ខណ្ឌឫស្សីកែវ​។ ព័ត៌មាន​ជាច្រើន​បាន​អះអាងថា​លោក​ខេ​ម ជា​អ្នកបើករថយន្ត​ម៉ាក Range Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2x.9987 ដែល​រថយន្ត​នេះ​ត្រូវគេ​ស្គាល់​ថា​ជា​របស់លោក​ខេ​មយូរ​ដែរ​មកហើយ បន្ទាប់ពី​លោក​ឡើង​កាលី​ប​ក្លាយជា​តារាចម្រៀង​ជួរមុខ​ម្នាក់​។ លោក​ត្រូវគេ​អះអាងថា​ជិះ​ជាមួយ​នារី​ស្រី​រូប​ស្រស់​ម្នា​ក់ដោយ​អ្នក​ទាំងពីរ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈដែល​រថយន្ត​មួយគ្រឿង​ទៀត​គឺ​ម៉ាក​សេ​លីកា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M.5575 បើក​បញ្ច្រាស់​គ្នា​លើផ្លូវ​តែមួយ​។ រថយន្ត​ទាំងពីរ​មាន​សភាព​ដំណំ​សងខាង ប៉ុន្តែ​លោក​ខេ​ម និង​នារី​ដែល​ជិះ​ជាមួយ​មិនមាន​បញ្ហា​នោះទេ រថយន្ត​Range Rover ខ្ពស់​មិន​ធ្វើ​ឲ្យ​លោក​គ្រោះថ្នាក់​។​
​មកទល់នឹង​ពេលនេះ ទូរស័ព្ទ​គ្រប់​ខ្សែ​របស់លោក​ខេ​ម ត្រូវបាន​បិទ មិនអាច​សុំ​ការបញ្ជាក់​បាន​នៅឡើយ​ទេ​។​
​យ៉ាងណាមិញ លោក ទៀង ច័ន្ទ​សារ អធិការ​ខ័​ណ្ឌ​ឫស្សីកែវ​បាន​ប្រាប់​VOD​ថា​ពិតជា​ឧបទ្ទវហេតុ​បុក​គ្នា​របស់​តារាចម្រៀង​ខេ​ម​នោះ លោក​សុំ​មិនទាន់​ផ្ដល់ព័ត៌មាន​លម្អិត​យ៉ាងណា​នោះទេ ដោយ​ទុកពេល​ឲ្យ​នរគ​បាល​ធ្វើការ​សិន​។ លោក​និយាយថា​៖ “​យប់មិញ​ម៉ោង​១​យប់​ហ្នឹង គឺមាន​គ្រោះថ្នាក់​ច​រា​រណ៍​ហ្នឹង​មែន​(​ខេ​ម​បើករថយន្ត​បុក​គ្នា​) ប៉ុន្តែ​ខ្ញុំ​សុំ​ទុកពេល​ឲ្យ​ខាង​សមត្ថកិច្ច​គាត់​ធ្វើការ​សិន​!”៕

ចំនួនអ្នកទស្សនា

    20658617

  • ថ្ងៃនេះ3971
  • ម្សិលមិញ4001
  • សប្តាហ៍នេះ21561
  • ខែនេះ216161
  • ឆ្នាំនេះ216161
  • សរុប20658617