ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចែករំលែកតៗគ្នាយ៉ាងច្រើន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយក្នុងប្រទេសកម្ពុជា កាលពីដើមសប្ដាហ៍នេះ អំពីរឿងនាយករងសាលាភ្នំពេញថ្មី បានទះកំផ្លៀងសិស្សស្រី ដែលគ្រាន់តែនាងមករៀនមិនទាន់ម៉ោង (មកយឺត)។
យើងសង្កេតឃើញថា មហាជននៅក្នុងបណ្ដាញសង្គមបានរិះគន់ និងបញ្ចេញមតិខុសៗគ្នាដោយអ្នកខ្លះពុំបានធ្វើការពិចារណា ស្វែងរកហេតុផលជាមុន មុននឹងសម្រេចសរសេរការរិះគន់របស់ខ្លួនឡើយ។
ថ្ងៃនេះ សូមផ្សព្វផ្សាយជូនសាធារណជន ឲ្យបានជ្រួតជ្រាបអំពីករណីនេះ ហើយចូលរួមធ្វើការពិចារណាថា តើលោកនាយករងជាមនុស្សបែបនេះមែន ឬមួយយ៉ាងណា។
តាមរបាយការណ៍បំភ្លឺ របស់លោកនាយកវិទ្យាល័យភ្នំពេញថ្មី ផ្ញើជូនទៅលោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា បានរៀបរាប់ឲ្យដឹងថា កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ លោក អូន ប៉ូណាត ជានាយករងវិទ្យាល័យ បានណែនាំសិស្សចំនួន ០៦នាក់ ដែលមករៀនមិនទាន់ម៉ោង ហើយដើរប្រលែងគ្នាលេង បោចសក់គ្នានៅផ្លូវចូលសាលា និងស្លៀកសំពត់ខ្លី ខើចជើង មានពាក់ស្រោមបារ អាវគ្មានពាក់ស្លាកឈ្មោះឡើយ និងឲ្យសិស្សទាំងអស់សរសេរឈ្មោះ ថ្នាក់រៀន ទុករាយការណ៍ជូនលោកនាយកសាលា។ ប៉ុន្តែ សិស្សទាំងនោះសរសេរតែឈ្មោះ មិនដាក់ថ្នាក់ទេ។ លោកនាយករង អូន ប៉ូណាត បានសុំឲ្យសរសេរបន្ថែម។ ក្នុងចំណោមសិស្សទាំងអស់មានសិស្សម្នាក់ឈ្មោះ ជា ស្រីអូន ភេទស្រី រៀននៅថ្នាក់ទី១០D2 បានប្រើពាក្យថា លោកគ្រូមើលមុខខ្ញុំឲ្យហើយទៅ ប្រយ័ត្នភ្លេចថ្ងៃក្រោយ។ គាត់បានប្រាប់ថា ប្អូនមិនត្រូវប្រើពាក្យនេះជាមួយលោកគ្រូទេ ក៏តឿនឲ្យប្រញាប់ចូលថ្នាក់រៀនដោយយកដៃច្រានខ្នងសិស្សឈ្មោះ ជា ស្រីអូន ដែលឈរនៅកៀក តែសិស្សនេះនៅសម្ដែងអាកប្បកិរិយាមិនសមរម្យទៀត។ នៅវេលាម៉ោង ២ សិស្សឈ្មោះ ជា ស្រីអូន មា្ដយ និងឪពុកមា ក៏បានមកដល់ទីចាត់ការសាលា។ នាងបានយំរៀបរាប់ ចោទលោកនាយករង អូន ប៉ូណាត ទះកំផ្លៀងទៅវិញ។ ពេលនោះ មានលោកគ្រូ អ្នកគ្រូមួយចំនួនបានប្រាប់នាងឲ្យនិយាយ តាមការពិតវិញ។ នាងបានសារភាពថា ប៉ះចំក្បាលផ្នែកខាងក្រោយបន្តិចទេ ពុំមែនទះកំផ្លៀងនាងទេ។ ម្ដាយនាងក៏បានឯកភាព និងប្រាប់ថា កូនរបស់គាត់កាចណាស់ នៅផ្ទះគ្មាននរណានិយាយបានទេ ហើយសូមឲ្យលោកគ្រូ អ្នកគ្រូជួយអប់រំប្រដៅកូនគាត់ផង។ លោកនាយកបានឲ្យ ម្ដាយនិងឪពុកមា ឆែកមើលសៀវភៅរៀន ឃើញថា មិនបានកត់ត្រា, ការកត់ត្រាមេរៀនមានចំនួនតិចតួច មិនយកចិត្តទុកដាក់រៀនសូត្រទេ។ បើពិនិត្យបញ្ជីវត្តមានឃើញថា នាងឈប់ញឹកញាប់ ចំណែកសៀវភៅតាមដានការសិក្សាបង្ហាញថា នាងជាសិស្សរៀនខ្សោយណាស់ គ្មានចំណាត់ថ្នាក់ទេ។ ក្រោយពីបានជ្រាប ម្ដាយនិងឪពុកមាក៏បានឯកភាព សុំទោស សុំបញ្ចប់បញ្ហានេះព្រមទាំងសុំឲ្យលោកគ្រូ អ្នកគ្រូជួយតាមដាន និងណែនាំ អប់រំកូនគាត់ផង។
សិស្សស្រីឈ្មោះ ជា ស្រីអូន ក៏បានសរសេរលិខិតជាលាយលក្ខណ៍អក្សរមួយច្បាប់ កាលពីថ្ងៃទី១៨ ខែឧសភានេះ ដែលខាង កម្ពុជាថ្មី ស្ទើរតែអានមិនដាច់នូវរាល់ពាក្យពេចន៍ដែលនាងបានសរសេរ ទុកឲ្យអ្នកអានជួយអាន ហើយស្វែងយល់ន័យតាមតែខ្លួនអាច ហើយសុំសង្ខេបខ្លឹមសារលិខិតរបស់នាងខ្លីមកថា នាងសុំលុបរូបភាព និងខ្លឹមសារដែលនាងបានបង្ហោះនោះចោល ដោយសារនាងយល់ថាមិនគួរខឹងលោកគ្រូដល់ថ្នាក់ហ្នឹងទេ ហើយនាងក៏មានការញុះញង់ពីមិត្តភក្តិតែប៉ុណ្ណោះ។ ជាចុងក្រោយ នាងនឹងខិតខំរៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ។
កម្ពុជាថ្មីសង្ឃឹមថា លោកអ្នកអាចយល់ពីដើមទងនៃរឿងនេះ ហើយសូមលោកអ្នក ដែលប្រើប្រាស់បណ្ដាញសង្គមទាំងអស់មេត្តាពិចារណាជាមុនចំពោះរឿងដែល ទទួលបានពីបណ្ដាញសង្គម ព្រោះរឿងមួយចំនួនជារឿងមិនពិត ឬគ្មានប្រភពច្បាស់លាស់៕