ភ្នំពេញ៖លោកម៉ម សូណង់ដូ ប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គ្រោងនឹងដឹកនាំធ្វើបាតុកម្មខាងមុខនេះដើម្បីទាមទារឲ្យមានការដោះលែង មន្ត្រីសមាគមអាដហុកចំនួន៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប។ ការធ្វើបាតុកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។
លិខិតស្នើសុំធ្វើបាតុកម្ម គឺលោកម៉ម សូណង់ដូ ត្រូវបានគេរាយការណ៍ថាបានដាក់ទៅសាលារាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែឧសភា ស្នើសុំធ្វើបាតុកម្មនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួន២០០នាក់។
យោងតាមលិខិតរបស់លោកម៉ម សូណង់ដូ ដាក់ជូនឯកឧត្តមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទីសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦ លោកនឹងដឹកនាំបាតុករចំនួនតិចជាង២០០នាក់ ដោយជួបជុំគ្នានៅទីលានប្រជាធិបេត្យ ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ដើម្បីសំណូមពរដល់អង្គភាពប្រឆាំងអពើពុករលួយ ដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្ត្រីអង្គការសង្គមស៊ីវិលចំនួន៤រូប គឺលោកស្រី លឹម មុន្នី លោកណៃ វ៉ង់ដា លោកយី សុខសាន្ត លោកនី សុខា និងអគ្គលេខាធិការរង គ.ជ.ប ១រូប គឺលោកនី ចរិយាដែលសព្វថ្ងៃកំពុងស្ថិតនៅក្នុងការឃុំឃាំងបណ្តោះអាសន្ននៅ ពន្ធនាគារ។
លោកបានបន្តថា លោកនិងប្រជាពលរដ្ឋខ្មែរទាំងអស់ មិនចង់បានអ្វីក្រៅពីភាពយុត្តិធម៌នោះទេ។ សូមអង្គភាពប្រឆាំងអំពើពុករលួយមេត្តាយកច្បាប់ទៅអនុវត្តគ្រប់ ស្ថាប័ន និងប្រជាពលរដ្ឋទាំងអស់ ដោយគ្មានភាពលំអៀង ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ហើយលោកជឿជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស ចង់បាននូវការផ្សះផ្សារជាតិ ឯកភាពជាតិ ជាដំណោះស្រាយតែមួយគត់ ដែលធ្វើឲ្យខ្មែរទាំងអស់ រួបរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចំរើនទៅថ្ងៃអនាគត៕