គ​.​ជ​.​ប ចុះឈ្មោះ​ចាប់ពី​ខែកញ្ញា​ដល់​វិច្ឆិកា គ្រោង​ចំណាយ​23​លាន​ដុល្លារ​

20-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​១៩ ខែឧសភា​ថា គ​.​ជ​.​ប​គ្រោង​នឹង​ចំណាយ​ប្រមាណ​២៣​លាន​ដុល្លារ​អាមេរិក ក្នុង​ការរៀបចំ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ទៅ ចំនួន​ប្រមាណ​៩,៦​លាន​នាក់​នៅ​ទូទាំងប្រទេស​តាម​ប្រព័ន្ធ​កុំព្យូទ័រ ។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់រូប​ទោះបី​អ្នក​ធ្លាប់បាន​ចុះឈ្មោះ​ពីមុនមក​ក៏ដោយ ត្រូវ​ទៅ​ចុះ​សាជាថ្មី​តាម​ប្រព័ន្ធ​ទំនើប​(​កុំព្យូទ័រ​) ព្រោះ​បញ្ជី​ឈ្មោះ​ចាស់​គ្មាន​សុពលភាព​ទៀត​ទេ នៅពេល​ការចុះឈ្មោះ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សម្រាប់​ការកសាង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ។​

​ចំពោះ​ថវិកា​នេះ សហភាព​អឺរ៉ុប​នឹង​ផ្តល់​៦,៧​លាន​អឺ​រូ​ក្នុង​ការទិញ​សម្ភារ ប្រទេស​ជប៉ុន​ប្រកាសថា ជួយ​១​លាន​ដុល្លារ​សម្រាប់​កសាង​ប្រព័ន្ធ​ស្តុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ កុំព្យូទ័រ ហើយ​ថវិកា​សល់​ពីនេះ​រាជរដ្ឋាភិបាល​ជា​អ្នកចំណាយ​។ ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ឆ្ងាយ​ពី​ស្រុកកំណើត​អាច​ចុះឈ្មោះ​នៅក្នុង ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុងស្នាក់នៅ​បាន ដោយមាន​អត្ត​សញ្ញាប័ណ្ណ និង​លិខិតបញ្ជាក់​ពី​កន្លែង​ស្នាក់នៅ ។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា បញ្ជី​ឈ្មោះ​ថ្មី​នេះ​មាន​រូបថត​អ្នក​ចុះឈ្មោះ​និង​ងាយស្រួល​ជាង​បញ្ជី ចាស់ ដែល​មិនអាច​អនុញ្ញាត​ឲ្យ​មានការ​ចុះឈ្មោះ​ពីរដង​បានទេ ព្រោះ​នៅពេលណា​មានការ​ចុះឈ្មោះ​ពីរដង​ម៉ាស៊ីន​មិន​ទទួល​ទេ ។ របៀប​ចុះឈ្មោះ​ថ្មី​នេះ នឹងមាន​តម្លាភាព​ជាង​ការចុះឈ្មោះ​ពីមុន ។​
​មន្ដ្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានប្រកាសថា ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ឃុំ សង្កាត់ នា​ឆ្នាំ​២០១៧​ខាងមុខនេះ ។​

​លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់​អ្នកកាសែត​ថា ការដែល​អាច​ចាប់ផ្ដើម​ដំណើរការ​ចុះឈ្មោះ​នៅ​ថ្ងៃទី​១ ខែកញ្ញា​នេះ គឺ​បន្ទាប់ពី គ​.​ជ​.​ប ទទួលបាន​នូវ​ឧបករណ៍​សម្ភារ​បច្ចេក​ទេស​ពី​សហភាព​អឺរ៉ុប​សម្រាប់​បម្រើ​ដល់ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ ។​
​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប រូបនេះ​លើកឡើងថា ការចុះឈ្មោះ​បោះឆ្នោត​នេះ ត្រូវ​ប្រើ​រយៈពេល​បី​ខែ ចាប់ពី​ខែកញ្ញា​រហូតដល់​ខែវិច្ឆិកា ហើយ​នៅ​ខែធ្នូ និង​ខែមករា ឆ្នាំ​២០១៧ គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បឋម ដើម្បី​ទុកពេល​វេលា ឱ្យ​ប្រជាពលរដ្ឋ​មក​ធ្វើការ​កែតម្រូវ​ឈ្មោះ និង​គណបក្សនយោបាយ​ដាក់ពាក្យ​បណ្ដឹងតវ៉ា និង ការដោះស្រាយ​បណ្ដឹង ។​

មន្ត្រី គ​.​ជ​.​ប បាន​ទទួលស្គាល់ថា បើទោះបីជា​មានការ​យឺតយ៉ាវ​ក្នុងការ​ធ្វើបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​រហូត ដល់​ខែកញ្ញា​ខាងមុខនេះ​យ៉ាងណាក្ដី ប៉ុន្ដែ​មិនមាន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់​នោះទេ ដោយ គ​.​ជ​.​ប មាន​ថវិកា​គ្រប់គ្រាន់ ក្នុងការ​គ្រប់គ្រង​ដំណើរការ​ចុះឈ្មោះ និង​ការបោះឆ្នោត នាពេលខាងមុខ ។​

​រហូតមកដល់​ពេលនេះ កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​មិនទាន់បាន កំណត់​ជាក់លាក់​នៅឡើយ​ទេ ដែល​តាមច្បាប់​រាជរដ្ឋាភិបាល​ត្រូវ​ប្រកាស​ឱ្យបាន​រយៈពេល​មុន​៩​ខែ នៃ​ថ្ងៃ​បោះឆ្នោត ប៉ុន្ដែ​រាជរដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ខែក្រោយ​នេះហើយ ។​
​អង្គការ​សង្គម​ស៊ីវិល​អះ​អា​ថា ការកំណត់​កាលបរិច្ឆេទ​ចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប នៅ​ខែកញ្ញា​ខាងមុខនេះ​អាច​នឹង​កៀក​ពេលវេលា​បន្ដិច ហើយ​អាច​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​ខ្លះ​ដែរ ដោយសារ​តែមាន​ភ្លៀង​ធ្លាក់ ហើយ​ក្នុងដំណាក់កាល​នេះ គ​.​ជ​.​ប ត្រូវ​ចេញ​បញ្ជី​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ ឱ្យបាន​រួចរាល់ ។​

​ប៉ុន្ដែ​ប្រសិនបើ​មាន​បញ្ហា​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​មិន ដំណើរ​ការល្អ វា​អាច​នឹង​ជួប​បញ្ហា​ខ្លះ​ចំពោះ​ពេលវេលា​ឆ្ពោះទៅ​ដំណើរការ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ដើម្បីឱ្យ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ប្រ​ព្រឹ​ត្ដទៅ​ដោយរ​លួ​ន​និង គ្មាន​ឧបសគ្គ​នោះ រាជរដ្ឋាភិបាល​ត្រូវ​កំណត់​ថ្ងៃ​បោះឆ្នោតឱ្យ​បានច្បាស់លាស់​នៅពេល​ឆាប់ ៗ​នេះ សម្រាប់​ផ្ដល់​លទ្ធភាព​ទុកឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​រៀបចំ​ប្រតិទិន បាន​កាន់តែ​ជាក់លាក់ និង​បំពេញការងារ​បាន​ពេញលេញ​សម្រាប់​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ទូទាំងប្រទេស ៕

ចំនួនអ្នកទស្សនា

    21311117

  • ថ្ងៃនេះ3461
  • ម្សិលមិញ5691
  • សប្តាហ៍នេះ3461
  • ខែនេះ84031
  • ឆ្នាំនេះ868661
  • សរុប21311117