ខេត្តបាត់ដំបង ៖ ពាក្យថា ស្នេហ៍មានពិសមួយឃ្លានេះគឺមានន័យទូលំទូលាយណាស់ សម្រាប់មនុស្សគ្រប់មជ្ឈដ្ឋានដែលកំពុងជួបស្នេហាបែបនេះ ប៉ុន្តែមនុស្សទូទៅមុខតែយល់ច្បាស់ណាស់ថា ស្នេហាវាអាចចាប់ផ្តើមពីត្រឹមយុវវ័យឡើងទៅតែប៉ុណ្ណោះ ហើយការស្វែងយល់បែបនេះវាបានកើតឡើងច្រើនជំនាន់មកហើយ ប៉ុន្តែអ្វីដែលគេខ្លាចនោះ គឺស្នេហ៍មានពិសនេះឯង។ ផ្ទុយទៅវិញសម្រាប់សម័យកុំព្យូទ័រដ៏ទំនើបនាបច្ចុប្បន្នគេ សង្កេតឃើញស្នេហាបានពុះកញ្ជ្រោលពេញបន្ទុកតែទៅលើក្រុមក្មេង ប្រុស-ស្រី ដែលស្ថិតក្នុងវ័យអនីតិជនទៅវិញ ។ ពួកគេតែងបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលតាមផ្ទះសំណាក់ ឬតាមសួនច្បារសាធារណៈ ឬតាមបណ្តាភោជនីយដ្ឋាននានាដោយមិនមានការខ្មាសអៀនឡើយ ដែលយើងគ្រប់គ្នានមិននឹកស្មានដល់ ។
ជាក់ស្តែងដូចជារឿងរ៉ាវស្នេហាមួយគូដែល លើកយក មកបញ្ជាក់ការពិតប្រាប់មិត្តអ្នកអានក្នុងលេខនេះ គឺតួស្រីទើបមានវ័យ១៥ឆ្នាំសោះ បានបង្កើតភ្លើងស្នេហ៍រំជើបរំជួលពេញស្រុកសំឡូត រហូតដល់ទៅ៣លើករួចមកហើយ តែក្នុងរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ។ គឺលើកទី១នាងធ្លាប់សែនព្រេនដោយលួចលាក់ជាមួយបុរសម្នាក់ ហើយចំណងស្នេហ៍នោះតួប្រុសបានត្រឹមគ្រាំគ្រាបេះដូងតែប៉ុណ្ណោះ ព្រោះបានប៉ុន្មានខែសោះ ក៏លែងលះគ្នា...លុះស្នេហ៍លើកទី២ តួប្រុសត្រូវឪពុកម្តាយខាងស្រីចោទប្រកាន់ពីបទរំលោភសេព សន្ថវៈហើយកំពុងជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃ។ ចំណែកការបង្កើតស្នេហ៍លើកទី៣នេះគឺផ្តោះផ្តងស្នេហ៍ស្នងតាម ទូរស័ព្ទតែប៉ុន្មានខែប៉ុណ្ណោះ ក៏ជាប់ចំណងមនោសញ្ចេតនា ប៉ុន្តែមិនទាន់បានរួមរ័ក្សមេត្រីអ្វីនោះទេ ក៏ត្រូវឪពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទៀត ។ គេមិនដឹងថា តួប្រុសមានវាសនាបែបណាទេ ព្រោះកំពុងជាប់ទ្រុងបណ្តោះអាសន្នរបស់សមត្ថកិច្ចនៅឡើយ ។ ទាំងនេះគឺជាស្នាដៃរបស់នាងអាយុ១៥ឆ្នាំ ។
យុវជនឆែ សុភាពអាយុ២០ឆ្នាំ ស្នាក់នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានរបរលក់ទឹកអំពៅ ។ ឆែ សុភាព ជាកម្លោះទី៣ ដែលកំពុងវ័ណ្ឌកជំពាក់វក់វីនឹងស្នេហាជាមួយកុលាបរុះរោយ វ័យ១៥ឆ្នាំ ឈ្មោះម៉ៅ មរកត ហៅស្រីពេជ្រ ជាកូនស្រីក្នុងគ្រួសារមានទ្រព្យសម្បត្តិធូរធារមួយនៅឃុំតា សាញ ស្រុកសំឡូត ។ កម្លោះសុភាព ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣ មេសា ខណៈដែលរូបគេបានឌុបនាងស្រីពេជ្រ ចេញពីស្រុកសំឡូត ដោយជិះកង់មកដល់ចំណុចភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយអាណាព្យាបាលរបស់នាងប្តឹងទៅសមត្ថកិច្ចថា សុភាព បានពង្រត់កូនស្រីរបស់គាត់។