រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ អាជីវករផ្សារកណ្តាលបានផ្ទុះការតវ៉ានៅមុខផ្សារក្រោយពីដឹងថា សាលារាជធានីភ្នំពេញមានគម្រោងអភិវឌ្ឍផ្សារឡើងវិញ តែទោះជាយ៉ាងណាក្រុមអាជីវករទាំងនោះបានសុំឲ្យសាលារាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ផ្សារកណ្តាលធ្វើតាមគំរូផ្សារចាស់ ។
អាជីវករម្នាក់មានមុខរបរលក់សាច់បាននិយាយថា ការអភិវឌ្ឍន៍ផ្សារបងប្អូនអាជីវករមិនប្រឆាំងទេ តែសុំឲ្យសាលារាជធានីភ្នំពេញអនុវត្តតាមការសន្យាឲ្យបានច្បាស់លាស់ ព្រោះពួកគាត់ព្រួយបារម្ភថា ការលើកឡើងរបស់អាជ្ញាធរនឹងមិនត្រូវបានធ្វើជូនក្រោយពីផ្សារ សាងសង់រួច ដូច្នេះពួកគេសុំថ្នាក់ដឹកនាំទាំងសាលាក្រុង និងខណ្ឌ ចេញមកបញ្ជាក់ និងធានាឲ្យបានត្រឹមត្រូវ ក៏ប៉ុន្តែបងប្អូនអាជីវករសំណូមពរដល់សាលារាជធានីភ្នំពេញសាងសង់ផ្សារ កណ្តាលយកគំរូតាមផ្សារចាស់ ទើបបងប្អូនអាជីវករឯកភាព ។
ទាក់ទិននឹងការតវ៉ារបស់អាជីវករផ្សារកណ្តាល លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានឲ្យដឹងថា នៅចំពោះមុខក្រុមអាជីវករជាច្រើននាក់ លោកក៏បានលើកឡើងនូវគុណសម្បត្តិ និងផលប្រយោជន៍យ៉ាងច្រើនក្រោយពេលផ្សារនេះបានត្រូវសាងសង់រួចជា ស្ថាពរ ។ ផលប្រយោជន៍ដែលនឹងទទួលបាននោះត្រូវបានប្រធានផ្សារកណ្តាលរូបនេះ ពន្យល់ថា សម្រាប់តូបរបស់បងប្អូនអាជីវករចាស់ទាំងប៉ុន្មាន មានទំហំប៉ុនណា នៅកន្លែងណា នោះនឹងទទួលបានដូចដើម ពោលគឺគ្មានការបាត់បង់នោះឡើយ ។ ដោយឡែកសម្រាប់ក្រុមអាជីវរលក់ចល័តវិញ ក្រោយពេលសាងសង់រួចនោះ នឹងមានប័ណ្ណកម្មសិទ្ធិមួយ មិនដូចស្ថានភាពលក់ដូរនៅពេលនេះទេ ដែលត្រូវបានគេដេញពេលណាក៏បាន ។ ហើយការសាងសង់វិញ គឺរដ្ឋជាអ្នកទទួលបន្ទុក មិនត្រូវបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជាអ្នកសាងសង់ធ្វើនោះឡើយ ព្រមទាំងគ្មានការបង់ថ្លៃអ្វីទៀតនោះទេ ។
គម្រោងអភិវឌ្ឍផ្សារកណ្តាល គឺគ្មានស្ថិតនៅលើការសម្រេចរបស់អភិបាលក្រុង អភិបាលខណ្ឌ និងលោកជាប្រធានផ្សារនោះទេ ពោលគឺស្ថិតនៅលើការសម្រេចចិត្តរបស់បងប្អូនអាជីវករទាំងអស់ បើសិនបងប្អូនមិនយល់ព្រមទេនោះ ក៏គ្មានការអភិវឌ្ឍន៍ផងដែរ ។ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា ពួកគេចង់បានការអភិវឌ្ឍន៍ផ្សារកណ្តាលដែលពេលនេះប្រឈមការ ទ្រុឌទ្រោមយ៉ាងខ្លាំង ជាពិសេសផ្សារថ្មដែលមានសរសរចាស់ៗអាចមានការបាក់ស្រុតជាយថាហេតុ តែពួកគេទទួចសុំឲ្យសាលារាជធានីភ្នំពេញសាងសង់ផ្សារកណ្តាលយក គំរូតាមផ្សារចាស់ ប៉ុន្តែបើចង់អភិវឌ្ឍបែបណានោះត្រូវឲ្យមានវត្តមានអាជីវករចូលរួម ផ្តល់យោបល់ក្នុងការសាងសង់ផ្សារកណ្តាល ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែលក្រុមអាជីវករផ្សារកណ្តាលផ្ទុះការតវ៉ាក្នុង ការអភិវឌ្ឍន៍ផ្សារ ដែលផ្សារកណ្តាលបច្ចុប្បន្នមាន៨៧៤តូប(ពេញសិទ្ធិ) តូបចល័ត៥៨២ និងគ្រែលក់លើផ្លូវមានជាង៥០០កន្លែង ៕