បោះឆ្នោត​ជ្រើសរើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ ចំ​ថ្ងៃអាទិត្យ​ទី​៤ មិថុនា​

24-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​រាជរដ្ឋាភិបាល ចេញ​សេចក្តីសម្រេច​កំណត់​យក​ថ្ងៃអាទិត្យ​ទី​០៤ ខែមិថុនា​ឆ្នាំ​២០១៧​ជា​កាល​បរិ​ច្ចេ​ទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​រើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧បន្ទាប់ពី​រាជរដ្ឋាភិបាល​បង្ហាញ​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៏ដូចជា​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​ទទូច​ដូចគ្នា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀមលក្ខណៈ​សម្បត្តិ ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នេះ បានប្រកាស​ឲ្យ​ដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​។​​ការកំណត់​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ ក៏ត្រូវ​បាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញមក​បង្ហាញ​នូវ​ការយល់ស្រប ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ត្រៀមលក្ខណៈ​សម្បត្តិ​ចូលរួម​បោះឆ្នោត​។​

​លោក សម រង្ស៊ី បាន​សរសេរ​ភ្លាមៗ នៅលើ Facebook របស់លោក​ថា «​ប្រទេស​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃអាទិត្យ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ សូម​បងប្អូន​កូនក្មួយ​ត្រៀមខ្លួន​ចាប់ពីពេលនេះ​»​។ លោក សម រង្ស៊ី ក៏បាន​រំលឹក​ឲ្យ ប្រជាពលរដ្ឋ នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ចូលរួម​ការបោះឆ្នោត​នេះ​បាន​។​

ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ ក៏បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​បោះឆ្នោត ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​ធ្វើឡើង​ដូច​កាលបរិច្ឆេទ​រាជរ​ដ្ឋា​ភិ​បាល​កំណត់​។ ព្រោះ​រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ ជា​ពេលវេលា​សមរម្យ​សម្រាប់​បងប្អូន ប្រជាពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ការបោះឆ្នោត​នេះ​ជាការ​ជ្រើសរើស​មេដឹកនាំ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​យើង​ផ្ទាល់​តែម្តង​។​

​បន្ថែម​ពីលើ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឯកឧត្តម ផៃ ស៊ី​ផាន ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​នូវ​មេដឹកនាំ ដែល​បាន​បម្រើ ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ នៅ​ផ្ទាល់​ជាមួយ​បងប្អូន ជាពិសេស​មេដឹកនាំ​រស់​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​៕




ចំនួនអ្នកទស្សនា

    20671337

  • ថ្ងៃនេះ3211
  • ម្សិលមិញ4471
  • សប្តាហ៍នេះ3211
  • ខែនេះ228881
  • ឆ្នាំនេះ228881
  • សរុប20671337