កក្រើក​ដល់​ព្រះ​មហា​ក្សត្រ ច្រានចោល​ព័ត៌មាន​ដែលថា ទ្រង់​មាន​ហ្វេ​ស​ប៊ុ​ក​សរសេរ​រិះគន់​រាជរដ្ឋាភិបាល​សុំ​អន្តរាគមន៍​ដោះលែង មន្ត្រី​សិទ្ធិមនុស្ស​

24-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ទាក់ទិន​ទៅនឹង​ការដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​អន្តរាគមន៍​ដោះលែង មន្ត្រី​សិទ្ធិមនុស្ស​ទៅ​សាលា​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​សាលា​រា​ធានី​ភ្នំពេញ​និយាយថា សាលា​រាជធានី​បានទទួល​រួចហើយ តែ​មិនទាន់​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​យ៉ាងណា​នោះទេ ។​
​លោក ជិន ប៊ុនធឿន អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៣ ខែឧសភា តាម​ទូរស័ព្ទ​ថា «​សាលា​រាជធានី​ភ្នំពេញ បានទទួល​ហើយ​នូវ​លិខិត​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ស្នើសុំ​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​ដោះលែង​មន្ត្រី សិទ្ធិមនុស្ស និង​អគ្គលេខាធិការរង គ​.​ជ​.​ប ប៉ុន្តែ​រឿង​ហ្នឹង​ទុកពេល​ឲ្យ​សាលា​រាជធានី​គិត​សិន​។ ទុកពេល​ឲ្យ​ខ្ញុំ​គិត​សិន តែ​ខ្ញុំ​ថា​ប្រហែលជា​មិនយូរ​ទេ នឹងមាន​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សាគ្នា​។ ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​វិញ ប្រហែលជា​ល្ងាច​នេះ ឬ​ពេលខាងមុខ​ទៀត​» ។​​ទោះជា យ៉ាងណាក្តី​ចំពោះ​សំណើ​នេះ​ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី ភ្នំពេញ​អះអាងថា នឹង​ឆ្លើយតប​នៅពេល​ឆាប់ៗ​នេះ​ថា​អនុញ្ញាត ឬ​មិន​អនុញ្ញាត​នោះ ។

 

​ចំពោះ​ការអន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​មន្ត្រី សិទ្ធិមនុស្ស​នេះដែរ គេហទំព័រ​សារព័ត៌មាន​វី​អូ​ឌី​បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃនេះ បណ្តាញ​សង្គម​បាន​បង្ហោះ​តៗ​គ្នា​ពី​ផេ​ក​(Page)​មួយ​ដែល​ដាក់​រូបភាព ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ហ្វេ​ស​ប៊ុ​ក​នោះបាន​រិះគន់​រាជរដ្ឋាភិបាល​ថា រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ប្រជារាស្ត្រ​។ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​នេះ​ត្រូវបាន​មន្ត្រី​ព្រះបរមរាជវាំង​ច្រានចោល នូវ​ព័ត៌មាន​ដែលថា ព្រះមហាក្សត្រ​ព្រះអង្គ​មាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ព្រះអង្គ​សម្រាប់​បញ្ចេញ ទស្សនៈ ពី​បញ្ហា​សង្គម ដូចដែល​បណ្តាញ​សង្គម កំពុង​ចែករំលែក​ព័ត៌មាន​ត​គ្នាៗ​នោះទេ ។​

​នៅក្នុង​ផេ​ក​(page) មាន​ឈ្មោះថា «​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែល​គេ​បាន​បង្ហោះ​តៗ​គ្នា​នោះ​មាន​ខ្លឹមសារ​ថា «​បើសិនជា​ថ្ងៃ​ណាមួយ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ប្រជារាស្ត្រ​ត្រូវ បាន​គេ​បិទ​សិទ្ធិ​រហូតដល់​ក្លាយជា​មនុស្ស​«​គ​» អស់​ទៅហើយនោះ ប្រជារាស្ត្រ​ក៏​មិន​ខុសគ្នា​អំពី​សត្វ​ចៀម​ឬ​ពពែ ដែល​ត្រូវបាន​គេ​យកទៅ​ចូល​កន្លែង​សត្តឃាត​នោះឡើយ​»

​មន្ត្រី ព្រះបរមរាជវាំង និង​ជាទី​ប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋានរ​បស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ ត្រូវបាន វី​អូ​ឌី​ស្រង់​សំដី​ផ្សាយ​ថា ព្រះមហាក្សត្រ​មិនមាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ព្រះអង្គ​ទេ ។ លោក​ថា ករណីនេះ​ព្រះបរមរាជវាំង​នឹងធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ច្រានចោល​ជា សាធារណៈ​នៅពេល​ឆាប់ៗ​នេះ ។​

​ចំណែក​ទាក់ទង​នឹង​រឿង​អន្តរាគមន៍​នេះ ត្រូវបាន​លោក​អះអាងថា ព្រះមហាក្សត្រ​អព្យាក្រឹត ទំនងជា​ទុក​ឲ្យ​រាជរដ្ឋាភិបាល​ជា​អ្នកដោះស្រាយ​ជំនួស ។​
​ការ បង្ហោះ​ពី​ព័ត៌មាន​ដ៏​កម្រ​ថា ព្រះមហាក្សត្រ​មាន​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​រិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ធ្វើឡើង​ចំពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ឈានទៅ​ចាប់ខ្លួន​សកម្មជន​គណ​បក្សប្រឆាំង ចាប់​តំណាងរាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ និង​ចាប់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​មួយចំនួន​ដាក់ពន្ធនាគារ ព្រមទាំង​សេរីភាព​បញ្ចេញមតិ ត្រូវគេ​មើលឃើញថា បាន​រឹតបន្តឹង ។​​ទោះ យ៉ាងណាក្តី ប្រភព​ដដែល​បានលើកឡើង​ទៀតថា អ្នកបង្កើត (page) មាន​ឈ្មោះថា «​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» នេះ មាននៅ​ប្រទេស​បារាំង និង​អាមេរិក ប៉ុន្តែ​លោក​ថា មិនទាន់​ដឹងថា បុគ្គល​ណាមួយ​ពិតប្រាកដ​នៅឡើយ​ទេ ៕​ប្រភព​៖Evryday .com

ចំនួនអ្នកទស្សនា

    20671387

  • ថ្ងៃនេះ11
  • ម្សិលមិញ3241
  • សប្តាហ៍នេះ3261
  • ខែនេះ228931
  • ឆ្នាំនេះ228931
  • សរុប20671387