កំពង់ចាម៖ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញអនុក្រិតឲ្យមានការចិញ្ចឹមត្រីរស់ត្រីឆ្តោរ ដែលជាប្រភេទត្រីកាចស៊ីកូនត្រីស្រស់ ជាអាហារនាពេលថ្មីៗ កន្លងមកនេះស្រាប់ តែមានជនល្មើសបាននាំគ្នា រំលោភទន្ទ្រានយកដីបឹងធម្មជាតិ តាមដែនឡូនេសាទ ចាស់មកធ្វើជាទីតាំងចិញ្ចឹមត្រីឆ្តោរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលប្រកបរនេសាទ បាត់បង់ផ្ទៃដីបឹង ហើយដីបឹងមួយចំនួន ក្លាយជតំបន់ហាមឃាត់ របស់ក្រុមអ្នកមានអំណាច និងឧកញ៉ាមួយចំនួន ជាក់ស្តែងនៅថ្ងៃទី២៣ ឧសភា២០១៦នេះ កម្លាំង របស់ជលផលខេត្តកណ្តាល បានចុះបង្ក្រាបគ្រឿងចក្រប្រភេទអេស្កាវទ័រចំនួន២គ្រឿង និងអាប៊ុល១គ្រឿង ដែលគេដឹងថាជារបស់ក្រុមហ៊ុន ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលល្បីល្បាញខាងរកស៊ីបទល្មើសព្រៃឈើ នាពេលកន្លងមក ដែលកំពុងធ្វើសកម្មភាពកាយព្រៃ កំប្លោក និងប្រឡាយ អតីតដែនឡូនេសាទ នៅចំនុចបឹងសន្ទុះ ស្ថិតក្នុងភូមិអកពាង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាប់ជាមួយព្រំប្រទល់ខេត្តកណ្តាល។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បានជាក្រុមឧកញ៉ា និងអ្នកមានអំណាច ខំប្រឹងទន្ទ្រានដីបឹង របស់រដ្ឋមកធ្វើជាទីតាំងផ្ទាល់ខ្លួន ក៏ដោយសារ តែមិនចាំបាច់ទិញដី និងចំណាយក្នុងការកាយជាស្រះ ហើយងាយស្រួលក្នុងការរកកូនត្រី ក្នុងបឹងមកធ្វើជាចំណីដែលសកម្មភាពទាំងអស់នេះបណ្តាលឲ្យអន្តរាយធនធានធមច្ឆាជាតិក្នុងបឹងនិងទន្លេ តែបានផលមកលើតែឧកញ៉ា និងអ្នកមានអំណាចមួយចំនួន។
ពាក់ព័ន្ធករណីនេះ លោក អ៊ុក ណារិន នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម បានឲ្យដឹងថា ឮតែថាសុំច្បាប់ទៅអភិបាលខេត្ត ប៉ុន្តែរហូតពេលនេះមិនទាន់ឃើញយកមកបង្ហាញនៅឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់បឹងសំនូមពរ ដល់ឯកឧត្តមអេងជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកនិងលោករដ្ឋមន្ត្រីក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ ពិសេសសម្តេចនាយករដ្ឋមន្ត្រីមេត្តារឹតដល់ខណ្ទរដ្ឋបាលជលផលតាមបណ្តាខេត្តឲ្យទប់ស្កាត់រាល់ការរំលោភទន្ទ្រានដីព្រៃលិចទឹកដែលជាជំរកត្រីពងកូនផង ៕