ពលរដ្ឋ​ខេត្តបាត់ដំបង​បារម្ភ​ពី​អសន្តិសុខ​សង្គម​បន្ទាប់ពី​កើតមាន​ល្បែងភ្នាល់​ទឹកភ្លៀង​

25-May-2016 | ដោយ មែន កំសត់





​ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ចារ និង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​បារម្ភ​ពី​ល្បែងស៊ីសង​នៅ​មូលដ្ឋាន​កើតមាន យ៉ាង​អនាធិបតេយ្យ ពុំ​ឃើញ​មានការ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ឡើយ​។ ពួកគេ​អះអាងថា បន្ទាប់ពី​មាន​ល្បែងស៊ីសង​នោះ បណ្ដាល​ឲ្យ​កើតមាន​នូវ​បាតុភាព ដូចជា​ចោរកម្ម និង​អំពើហិង្សា ជាដើម​។​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ល្បែងស៊ីសង​ដូចជា បៀ អាប៉ោង កន្ទុយលេខ និង​ជល់​មាន់​ល្បែងភ្នាល់​ទឹកភ្លៀង​ជាពិសេស​គ្រឿងញៀន បានកើត​មាននៅ​មូលដ្ឋាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយចំនួន​ងប់ងុល​ល្បែង​នេះ​រហូត ខ្ចីបុល​គេ លក់​ទ្រព្យសម្បត្តិ បញ្ចាំ ហើយ​អាច​ឈានដល់​កើត​អំពើហិង្សា​ក្នុង​គ្រួសារ​ថែ​ន​ទៀតផង​។​ពលរដ្ឋ​ម្នាក់ រស់នៅ​សង្កាត់​អូរ​ចារ​បាន​និយាយថា បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ព្រងើយកន្តើយ​មិន​ចាត់វិធានការ​ករណីនេះ​ទេ នឹង​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​។​

 

​លោក​បន្តថា ល្បែង​ជល់​មាន់ និង​អាប៉ោង​ភ្នាល់​ទឹកភ្លៀង បានកើត​យ៉ាង​គគ្រឹកគគ្រេង​។ ពួកគាត់​សំណូមពរ​លោក​ចៅហ្វាយខេត្ត លោក​ចុះ​បិទ​បន្តិច​ផង បើ​មិន​អ៊ីចឹង​ទេ ប្រជាជន​ខ្មែរ​ក្រ​ដោយសារតែ​ល្បែង​នេះឯង​។ តាំងពី​មាន​ល្បែង​នេះ លួច​ក៏​លួច ប្លន់​ក៏​ប្លន់ មិនដែល​ឃើញ​បង្ក្រាប ទេ​។​ពួកគាត់​បាន​រិះគន់ថា លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ដែលមាន​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ជា​ខ្នងបង្អែក​មិន​យកចិត្តទុកដាក់​លុបបំបាត់​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន រាលដាល​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​ក្រុង​បាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។​

​នៅក្នុង​ក្រុង​បាត់ដំបង នេះ​ដែល​ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​កក្រើក​យ៉ាង​ពេញបន្ទុក​ក្រោយពេល​មាន ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមខែ​ឧសភា​រហូតមក ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អ​ញ៉ា​ញ សង្កាត់​អូរ​ចារ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​អ្នកបើក​ល្បែងភ្នាល់​ទឹកភ្លៀង​ឈ្មោះ តា​ល់ ដែល​គេ​ស្គាល់​ថា​ជា​ប្អូនធម៌​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ចន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​ក្នុង​ក្រុង បាត់ដំបង​ជាបន្ទាន់ ព្រោះ​បទល្មើស​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ សង្គម ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​។​ការ​បណ្តោយ​ឲ្យ​មាន​ល្បែងស៊ីសង គ្រប់​ប្រភេទ​នៅតាម​មូលដ្ឋាន គឺជា​សញ្ញា​បង្ហាញ​ពី​ការបរាជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ និង​បរាជ័យ​ក្នុងការ​អនុវត្ត​ខ្លឹមសារ​ច្បាប់​ស្ដីពី​ល្បែងស៊ីសង​។​ឥទ្ធិពល ល្បែងស៊ីសង គឺជា​ប្រភព​ចម្បង​នៃ​អសន្តិសុខ​សង្គម ដូចជា​អំពើហិង្សា ចោរកម្ម ហើយ​អាច​កើតមាន​ការកាប់សម្លាប់​។ ការ​បណ្តោយ​ឲ្យ​កើតមាន​ល្បែងស៊ីសង ហាក់ដូចជា​ដើរ​បញ្ច្រាស​ពី​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​របស់ រដ្ឋាភិបាល និង​ដើរ​បញ្ច្រាស​ពីគោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង មហាផ្ទៃ​អាជ្ញាធរខេត្ត​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​លើ​ករណីនេះ​។

ល្បែងស៊ីសង​ពាក់ព័ន្ធ​ច្រើន​ទី​១ រត់ចោលស្រុក​ទី​២​ជំពាក់​លុយ​គេ​និង ទី​៣ ពាក់ព័ន្ធ​ចោរលួច​ចោរ​ប្លង់​។​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង ឆ្នាំ​១៩៩៦ មាត្រា​៥ ចែងថា ចំពោះ​អ្នកបើក​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង និង​ភ្នាក់ងារ​ស៊ីសង ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី ១​ឆ្នាំ​ដល់ ៥​ឆ្នាំ​៕
​ប្រភព​៖​ចលនា​សង្គម​
 

ចំនួនអ្នកទស្សនា

    20675817

  • ថ្ងៃនេះ1581
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7691
  • ខែនេះ233361
  • ឆ្នាំនេះ233361
  • សរុប20675817