បែកធ្លាយ​រឿង​មិន​ប្រក្រតី ក្នុង​មន្ទីរ​សុខាភិបាល​ត្បូងឃ្មុំ ដោយមាន​ការទារ​ប្រាក់​៥​ពាន់​ដុល្លារ ពី​មន្ត្រី​ជាប់កិច្ចសន្យា ជា​ថ្នូរ​នឹង​ការទទួលបាន​ក្របខណ្ឌ

27-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បើ​ចង់បាន​ក្របខណ្ឌពេញសិទ្ធិ នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​នោះ បុគ្គលិក​ជាប់កិច្ចសន្យា​ត្រូវបំពេញ​បែបបទ​មួយ ហើយ​បង់លុយ​៥​ពាន់​ដុល្លារ ជូន​អ្នកជំនាញ​រត់ការ​បញ្ចូល​ឈ្មោះ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ នេះ​បើតាម​ការរៀបរាប់ របស់​មន្ត្រី​ជាប់កិច្ចសន្យា​យូរ​ឆ្នាំ​ម្នាក់ នៅក្នុង​មន្ទីរ​នេះ​។​

​ប្រភព​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​រដ្ឋបាល​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​យក​លិខិត​មួយច្បាប់​ឱ្យ​មន្ត្រី​ជាប់កិច្ចសន្យា​នានា បំពេញ​សម្រាប់​ការបញ្ចូល​ទៅ​ក្របខណ្ឌ​ក្រសួងសុខាភិបាល ហើយ​ឱ្យ​ពួកគេ​បង់លុយ​៥​ពាន់​ដុល្លារ ដើម្បី​ទទួលបាន​ក្របខណ្ឌ​នោះ​។​

​ប្រភព​ខាងលើ​និយាយថា ក្របខណ្ឌ​ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល មានកំណត់ ចំណែក​បុគ្គលិក​ជាប់កិច្ចសន្យា​ជំនាញ សុខាភិបាល​នៅ​ទូទាំងប្រទេស​មាន​ច្រើន ដូច្នេះ​បើ​នរណា​មិន​បង់​តាម​ការទាមទារ របស់​ផ្នែក​រដ្ឋបាល​មន្ទីរ​ទេនោះ នឹងមិន​មានឈ្មោះ​ឡើង ទៅយក​ក្របខណ្ឌ​នៅ​ក្រសួង​ឡើយ​។ ប៉ុន្តែ​បើ​អ្នកមាន​លុយ​វិញ ទោះជា​មិនមែនជា​មន្ត្រី​ជាប់កិច្ចសន្យា​ក៏ដោយ ក៏​ពួកគេ​ដាក់បញ្ចូល​ដែរ ដោយ​គ្រាន់តែ​បង់ប្រាក់​លើស​មន្ត្រី​ជាប់កិច្ចសន្យា ២-៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​
​ជុំវិញ​ករណី​ខាងលើ​មន្ត្រី​ជាប់កិច្ចសន្យា​ខាងលើ បាន​អំពាវនាវ​ឱ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អន្តរាគមន៍ និង​ស្រាវជ្រាវ ដើម្បី​ទប់ស្កាត់​ភាពមិនប្រក្រតី​ទាំងនេះ​។​

​ទោះជា​យ៉ាងណា មិនទាន់​អាច​ទំនាក់ទំនង ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ត្បូងឃ្មុំ បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចេញ​លិខិត​មួយ ដោយ​បង្គាប់​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត បញ្ជូន​បញ្ជី​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ជំនាញ​សុខាភិបាល​របស់ខ្លួន ដើម្បីឱ្យ​ក្រសួង​បញ្ចូល​ទៅក្នុង ក្របខណ្ឌ​របស់​ក្រសួងសុខាភិបាល និង​រៀបចំ​បៀវត្ស​ជូន​សាមីខ្លួន​។​

​នៅក្នុង​លិខិត​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ក្នុងការ​បន្ថែម ក្របខណ្ឌ​ចំនួន​៣៦៨៩​កន្លែង ដល់​ក្រសួងសុខាភិបាល ហើយ​ថា​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ​សុខាភិបាល​ជាប់កិច្ចសន្យា​ត្រូវ​រៀបចំ​ឱ្យបាន​រួចរាល់ បញ្ជូន​ឱ្យ​ក្រសួង យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​៕

ចំនួនអ្នកទស្សនា

    20675837

  • ថ្ងៃនេះ1601
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7711
  • ខែនេះ233381
  • ឆ្នាំនេះ233381
  • សរុប20675837