កុំ ភ័យ​ទោះជា​សង្គ្រោះ​ជាតិ​គំរាម​ធ្វើបាតុកម្ម រដ្ឋាភិបាល​នឹង​ប្រកាន់​ជំហរ​អនុវត្ត​ច្បាប់ ដើម្បី​រក្សា​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​

27-May-2016 | ដោយ មែន កំសត់


 ភ្នំពេញ ៖ បើទោះបី​ជាមាន​ការចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​តែមាន​សភាព​ធ្ងន់ធ្ងរ ហើយ​គ្រោង​នឹង​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ឬ​ធ្វើ​មហា​បាតុកម្មអហិង្សា​ដើម្បី​ប្រឆាំងនឹង​ការឃាត់ខ្លួន​លោក​កឹម សុខា ក្ដី​ក៏​រាជរដ្ឋាភិបាល​ហាក់​ពុំបាន​បង្ហាញ​ក្ដីបារម្ភ​អ្វី​នៅឡើយ ដោយហេតុថា​បញ្ហា​នេះ​ពុំមាន​ជា​បញ្ហា​ធំ​របស់​ជាតិ តែ​ជា​បញ្ហា​របស់​បុគ្គល​មួយចំនួន ដែល​ហាក់​មិន​ចង់​គោរព​នីតិរដ្ឋ ហេតុនេះ​រដ្ឋាភិបាល​ក៏​ពុំមាន​វិធានការ​អ្វី​ច្រើន​ដែរ ក្រៅតែពី​រក្សា​ជំហរ​អនុវត្ត​ផ្លូវច្បាប់​តែប៉ុណ្ណោះ​។​
    
​ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នា​រសៀល​ថ្ងៃទី​២៧​ខែឧសភា នេះ​ថា បើទោះបីជា​ខាង​ណា​គេ​ធ្វើ​ព្យុះភ្លៀង​អ្វី ក៏​រដ្ឋាភិបាល​ពុំ​ចាប់អារម្មណ៍​ដែរ តែ​រដ្ឋាភិបាល​នឹង​រក្សា​ជំហរ​អនុវត្ត​ច្បាប់ ដែលជា​កត​ព្វ​កិច្ច​ក្នុង​ការរក្សាសន្ដិសុខ សណ្ដាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​
    
​ឯកឧត្តម​បាន​មានប្រសាសន៍ថា “...​យើង​មាន​ជំហរ​អនុវត្ត​ផ្លូវច្បាប់ ដែលជា​កត​ព្វ​កិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ​សណ្ដាប់ធ្នាប់ សង្គម​...​ដូច្នេះ​យើង​មិនអាច​ឲ្យ​អ្នក​ណាមួយ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បា​នេ ទេ​..”​។​
    
​ដោយឡែក​ឯកឧត្តម​ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថាបើ​ទោះបីជា​មានការ​ផ្សព្វផ្សាយ​ថា គណៈបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​មហា​បាតុកម្ម ឬ​ការ​ដង្ហែ​ញត្តិ​នោះ​ក្ដី​តែ​លោក​ក៏​នៅ​ពុំទាន់​បានទទួល​ការស្នើសុំ​នៅ ឡើយ​ទេ​។ ប៉ុន្តែ​លោក​ថា ទោះបីជា​យ៉ាងណាក៏ដោយ គណៈ​អភិបាល​រាជធានី​នឹង​អនុវត្ត​តាមច្បាប់ មិនមែន​ថា​ចង់​ធ្វើ​ក៏​ធ្វើទៅបាន​នោះទេ គឺ​វា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដែលជា​ការរំលោភច្បាប់​នោះ គឺ​មិនអាច​អនុគ្រោះ​បានឡើយ​។​
    
​ឯកឧត្តម​ប៉ា សុជាតិ​វង្ស​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ដូចនេះ​ថា “ ...​ជា​ការពិតទៅ​ត្រូវតែ​អនុវត្តតាម​ច្បាប់​ពី​ការធ្វើ​បាតុកម្ម​ហើយ មិនអាច​ថា គាត់​ចង់​ធ្វើ​ក៏​ធ្វើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ អាហ្នឹង​វា​ជាការ​រំលោភច្បាប់​មួយទៀត​ដែល​យើង​មិនអាច​នឹង​អនុគ្រោះ​ឲ្យ​បាន ទេ​”​។​
    
​ក្រៅពីនេះ លោក​អភិបាល​រាជធានី​ក៏បាន​បន្ថែមថា រឿង​ដីកា​ដែល​តុលាការ​បានចេញ​នេះ គឺជា​រឿង​បុគ្គល​របស់លោក​កឹម សុខា តែ​ម្នាក់​នោះទេ គឺ​ពុំមាន​ទាក់ទង​ទៅនឹង​គណបក្ស​ទេ ប៉ុន្តែ​គាត់​បែរជា​បំផុស កៀងគរ​សមាជិក​ឬ​អ្នកគាំទ្រ​មក​ទទួលខុស​ត្រូវ​នោះ​ក៏​មិនអាច​លើកលែង​បាន ឡើយ​។
    
​ឯកឧត្តម​ថា “​ការដែល​ដាក់​នេះ មិនមែន​ដាក់ទោស​គណបក្ស​ទេ គឺ​ដាក់ទោស​បុគ្គល ព្រោះ​បុគ្គល​ហ្នឹង​បានធ្វើ​ឲ្យ​មាន​កំហុស​ដែល​មុននេះ​គ្រាន់តែ ត្រូវបំពេញ​កត​ព្វ​កិច្ច​ជា​សាក្សី​សោះ​ហ្នឹង តែ​គាត់​មិន​ព្រម​..​ចឹ​ង​មានន័យថា​គាត់​មាន​ចេតនា​ប្រឆាំងនឹង​ច្បាប់ ប្រឆាំងនឹង​នីតិរដ្ឋ​ហើយ ហើយ​អាហ្នឹង​ជា​កំហុស​របស់គាត់​”​។​
    
 លោក​អភិបាល​រាជធានី​រូបនេះ ក៏បាន​បញ្ជាក់ដែរថា “​ក្រៅពីនេះ យើង​ក៏​នឹង​មើល ថា​តើ​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​ហ្នឹង គឺ​ដើម្បី​អី បើសិន​ជាការ​ធ្វើទៅ​ហ្នឹង គឺ​ដើម្បី​ប្រឆាំងនឹង​ច្បាប់ ប្រឆាំងនឹង​នីតិរដ្ឋ អាហ្នឹង​ជា​កំហុស​មួយទៀត​ដែល​មេដឹកនាំ​គណបក្ស​រូបនេះ កាន់តែ​ធ្វើ​ឲ្យ​ជា​បញ្ហា​ធ្ងន់ធ្ងរ​”​។​
    
​ឯកឧត្តម​ប៉ា សុជាតិ​វង្ស ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ដោយសារតែ​ពុំមាន​ការស្នើសុំ ឬ​តម្រុយ​ពិតប្រាកដ​ក្នុងការ​ធ្វើបាតុកម្ម​ឬ​ដង្ហែ​ញត្តិ​របស់​ក្រុម អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ កម្លាំង​សមត្ថកិច្ច​ក៏​ពុំទាន់​មានការ​ចាត់តាំង​អ្វី​ដែរ​គឺ​គ្រាន់តែ រក្សា​កម្លាំង​រក្សា​សន្ដិសុខ​ដូច​ធម្មតា​តែប៉ុណ្ណោះ​។​
    
 គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​ដីការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​មានការ​ឃាត់ខ្លួន​លោក​កឹម សុខា  អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បក្ស​នេះ​ក៏បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​២៧ ឧសភា នេះដែរ ដោយ​បានចេញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចំនួន​៤​ចំណុច ពាក់ព័ន្ធ​ស្ថានភាព​នយោបាយ​នាពេល​ថ្មីៗ​នេះ នៅក្នុង​ក្នុងនោះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រកាន់យក​វប្បធម៌​សន្ធ​នា​ជា​មូលដ្ឋាន ក្នុងការ​ស្តារ​ស្ថានការណ៍​នយោបាយ ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ​។​

 យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា នៅ​ចំពោះមុខ​ស្ថានការណ៍​បែបនេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស បានសម្រេច​ដូចខាងក្រោម​៖ ទី​១-​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​មូលដ្ឋាន​គ្រប់​រាជធានី​-​ខេត្ត​ដង្ហែ​ញត្តិ មក​រាជធានី​ភ្នំពេញ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​, ទី​២-​គាំទ្រ​ឲ្យ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ក្រុម​សាម​ជិ​ក​សភា ធ្វើ​ញត្តិ​ផ្ញើជូន​ប្រធានរដ្ឋសភា ដើម្បី​បញ្ជាក់​ប្រាប់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មិនអាច​ទៅ​បំពេញការងារ​នៅ មន្ទីរ​រដ្ឋសភា បាន​ក្នុង​កាលៈទេសៈ​ដែលមាន​ការរំលោភបំពាន​អភ័យឯកសិទ្ធិសភា​រប​ស់ អ្នកតំណាងរាស្ត្រ​ជា​បន្តបន្ទាប់​បែបនេះ​, ទី​៣-​គណបក្ស​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្មអហិង្សា ក្នុងករណី​ដែលមាន​ការចាប់ខ្លួន​លោក កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៤-​បន្ត​យក​វប្បធម៌​សន្ទនា ធ្វើជា​មូលដ្ឋាន ក្នុងការ​ស្តារ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​មករក​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​នា​ឆ្នាំ​២០១៧-២០១៨ ខាងមុខ​ប្រព្រឹត្ត​ទៅដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕

ចំនួនអ្នកទស្សនា

    20675887

  • ថ្ងៃនេះ1651
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7761
  • ខែនេះ233431
  • ឆ្នាំនេះ233431
  • សរុប20675887