​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ចំពោះ​ការទារ​ប្រាក់​៥​ពាន់​ដុល្លារ ពី​មន្ត្រី​ជាប់កិច្ចសន្យា

27-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បន្ទាប់ពី បានចេញ​ផ្សាយ​ព័ត៌មាន​បែកធ្លាយ​ជុំវិញ​ភាពមិនប្រក្រតី ក្នុង​មន្ទីរ​សុខាភិបាល​ត្បូងឃ្មុំ ដោយ​មន្ត្រី​សុខាភិបាល ទារប្រាក់​៥​ពាន់​ដុល្លារ ពី​មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា ជា​ថ្នូរ​នឹង​ការទទួលបាន​ក្របខណ្ឌ​របស់​រដ្ឋ​។​

​ជុំវិញ​បញ្ហា​នេះ​ឯ​កឧ​ត្ត​ម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​បញ្ជាក់ នៅមុននេះ​បន្តិច​នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា​នេះ​ថា លោក​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​តាមផ្លូវ​ច្បាប់​ចំពោះ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ណាមួយ ដែល​ហ៊ាន​ទាមទារ​ប្រាក់​៥​ពាន់​ដុល្លារ ពី​មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា ជា​ថ្នូរ​នឹង​ការទទួលបាន​ក្របខណ្ឌ​របស់​រដ្ឋ​។ ព្រោះ​មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​ដោយ​ឥតគិតថ្លៃ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សុខាភិបាល បាន​ព្រមាន​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា «​អ្នក​ស៊ី និង​អ្នក​សូក ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​ដូចគ្នា ហើយ​មន្ត្រី​ជំនាញ​នឹង បើក​ការស៊ើបអង្កេត​លើ​ករណីនេះ នឹងមិន​ឲ្យ​មាន​ករណី​ទារប្រាក់​ពី​មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា​នោះ​ជាដាច់ខាត​»​។  
​សូម​ជំរាប​ថា នៅថ្ងៃនេះ​មន្ត្រី​ជាប់កិច្ចសន្យា​មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ប្រាប់ s ក្នុង​ខ្សែអាត់​សម្លេង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​រដ្ឋបាល​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​យក​លិខិត​មួយច្បាប់​ឱ្យ​មន្ត្រី​ជាប់កិច្ចសន្យា​នានា បំពេញ​សម្រាប់​ការបញ្ចូល​ទៅ​ក្របខណ្ឌ ក្រសួងសុខាភិបាល ហើយ​ឱ្យ​ពួកគេ​បង់លុយ​៥​ពាន់​ដុល្លារ ដើម្បី​ទទួលបាន​ក្របខណ្ឌ​នោះ​។​
​ប្រភព​ខាងលើ​បាន​និយាយទៀតថា ក្របខណ្ឌ​ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល មានកំណត់ ចំណែក​បុគ្គលិក​ជាប់កិច្ចសន្យា​ជំនាញ សុខាភិបាល​នៅ​ទូទាំងប្រទេស​មាន​ច្រើន ដូច្នេះ​បើ​នរណា​មិន​បង់​តាម​ការទាមទារ របស់​ផ្នែក​រដ្ឋបាល​មន្ទីរ​ទេនោះ នឹងមិន​មានឈ្មោះ​ឡើង ទៅយក​ក្របខណ្ឌ​នៅ​ក្រសួង​ឡើយ​។ ប៉ុន្តែ​បើ​អ្នកមាន​លុយ​វិញ ទោះជា​មិនមែនជា​មន្ត្រី​ក្របខណ្ឌ​ក៏ដោយ ក៏​ពួកគេ​ដាក់បញ្ចូល​ដែរ ដោយ​គ្រាន់តែ​បង់ប្រាក់​លើស​មន្ត្រី​ជាប់កិច្ចសន្យា ២-៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចេញ​លិខិត​មួយ ដោយ​បង្គាប់​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត បញ្ជូន​បញ្ជី​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ជំនាញ​សុខាភិបាល​របស់ខ្លួន ដើម្បីឱ្យ​ក្រសួង​បញ្ចូល​ទៅក្នុង ក្របខណ្ឌ​របស់​ក្រសួងសុខាភិបាល និង​រៀបចំ​បៀវត្ស​ជូន​សាមីខ្លួន​។​

​នៅក្នុង​លិខិត​របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ក្នុងការ​បន្ថែម ក្របខណ្ឌ​ចំនួន​៣៦៨៩​កន្លែង ដល់​ក្រសួងសុខាភិបាល ហើយ​ថា​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ​សុខាភិបាល​ជាប់កិច្ចសន្យា​ត្រូវ​រៀបចំ ឱ្យបាន​រួចរាល់ បញ្ជូន​ឱ្យ​ក្រសួង យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​៕

ចំនួនអ្នកទស្សនា

    20675777

  • ថ្ងៃនេះ1541
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7651
  • ខែនេះ233321
  • ឆ្នាំនេះ233321
  • សរុប20675777