មន្ត្រី​អគ្គិសនី​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លើង​តាម​សំណើរ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ឆ្នាំង​

28-May-2016 | ដោយ មែន កំសត់


 
​កំពង់ឆ្នាំង​៖​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ បាន​ចុះ​ពិនិត្យមើល​កុង​ទ័​រ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ដែល​រស់នៅក្នុង​ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​មានការ​ស្នើរ​សុំ ដោយ​ពួកគាត់​មានការ​សង្ស័យថា កុង​ទ័​រ​ដែល​កំពុង​ភ្ជាប់​ចរន្តអគ្គិសនី​ប្រើប្រាស់​បច្ចុប្បន្ន​ដើរ​លឿន មិន​ត្រឹម ត្រូវ​តាម​ស្តង់ដា​។ ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ ដែល​បានស្នើរ​ឲ្យ​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​ចុះមក​ពិនិត្យ​កុង​ទ័​រ​ភ្លើង នោះ​ឈ្មោះ ឆាយ លា​ភា ឈ្មោះ​ឈឹម សំអាង ដែលមាន​ទីលំនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​ឈ្មោះ​ចាន់​ហាន មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​លោក លី ឃួ​ង ប្រធាន​ក្រុមបច្ចេកទេស​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​កុង​ទ័​រទាំង​៣​នោះ ជា​លទ្ធផល​បង្ហាញថា កុង​ទ័​រទាំង​៣​មិនមាន​បញ្ហារ​ទេ គឺ​ដើរ​ត្រឹមត្រូវ​តាម​ស្តង់ដា​។ មន្ត្រី​អាជ្ញាធរ​អគ្គិសនី​បានបញ្ជាក់​ថា បើសិន​ប្រជាពលរដ្ឋ​ណា​មានការ​សង្ស័យ​ទៅលើ​កុង​ភ្លើង​របស់ខ្លួន​ត្រូវដាក់ ពាក្យស្នើសុំ​ទៅ​អាជ្ញាធរ និង​មន្ទីរជុំនាញ ហើយ​មន្ត្រី​អាជ្ញាធរ​អគ្គិសនី នឹង​ចុះមក​ពិនិត្យ​ជូន​។​

​លោក​ហាក់​សិ​រ្យ​រណៈ ជា​កូនប្រុស​របស់លោក ឈឹម សំអាង ដែល​កន្លង​ទៅបាន​និយាយថា កុង​ទ័​រ​របស់ខ្លួន​ដើរ​លឿន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​នោះ បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយចិត្ត និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​អគ្គិសនី​ផងដែរ ដែល​បាន​យកចិត្តទុកដាក់​ចុះមក​ពិនិត្យ​កុង​ទ័​រ​ជូន​ប្រជាពលរដ្ឋ​។ សូមបញ្ជាក់​លោក ហាក់ សិ​រ្យ​រណ​: កន្លង​ទៅបាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​រិះគន់​ទៅលើ​ក្រុមហ៊ុន​អគ្គិសនី​ថា ពិតមែនតែ​តម្លៃ​ភ្លើង​ត្រូវបាន​បញ្ចុះ​ពី​១០៥០​រៀល មក​នៅត្រឹម​៨០០​រៀល ក៏​ពិតមែនតែ​ក្រុមហ៊ុន​អគ្គិសនី​បាន​ត្រូវរ៉ូវ​ជាមួយ​ខាង EDC ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​ដែនដី អភិបាលខេត្ត​កំពង់ឆ្នាំង  កែ​បច្ចេកទេស​កុង​ទ័​រ​ឲ្យ​ដើរ​លឿន​ខុសធម្មតា រហូត​ស៊ី​គីឡូ​មួយ​ទ្វេ​ជា​ពីរ ធ្វើ​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ទ្វេដង​។​

 ប៉ុន្តែ​ក្រោយពី​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​អគ្គិសនី​ចុះមក​ពិនិត្យ ជាក់ស្តែង លទ្ធផល​វា​ផ្ទុយគ្នា​ស្រឡះ​ទៅនឹង​ការលើកឡើង​របស់លោក​ហាក់ សិ​រ្យ​រណៈ ទាំងស្រុង​។  ករណីនេះ​ខាង​ក្រុមហ៊ុន​អគ្គិសនី​កំពុងតែ​ពិចារណា​ក្នុងការ​ប្តឹង​លោក ហាក់ សិ​រ្យ​រណៈ ទៅ​តុលាការ​ផងដែរ​៕


ចំនួនអ្នកទស្សនា

    20675867

  • ថ្ងៃនេះ1631
  • ម្សិលមិញ2851
  • សប្តាហ៍នេះ7741
  • ខែនេះ233411
  • ឆ្នាំនេះ233411
  • សរុប20675867