ឧកញ៉ា ខូវ សម្បត្តិ ផ្តល់​ថវិកា​ជាង​១,៧​លាន​ដុល្លារ សាងសង់​អាគារ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក​ឧកញ៉ា ខូវ សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង បានផ្តល់​ថវិកា​ចំនួន ១៧៥០០០០​ដុល្លារ​អាមេរិក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​សាងសង់​អាគារ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​បម្រើ​ការងា រ​ដល់​កម្លាំង​សម្រាប់​ធ្វើការ​ប្រចាំថ្ងៃ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា ការផ្តល់​ថវិកា​នេះ តប​តាម​ការអំពាវនាវ​រប​ស់នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែល​ស្វែងរក​ថវិកា​ពី​សប្បុរសជន សម្រាប់​សាងសង់​ទីបញ្ជាការដ្ឋាន សម្រាប់​ឲ្យ​កង​រាជ​អាវុធ​មាន​កន្លែង​បម្រើការ​សមរម្យ​។​
​លោក​ឧកញ៉ា ខូវ សម្បត្តិ ត្រូវបាន​សាធារណជន​ស្គាល់​ថា ជា​កូនប្រុស​របស់​អ្នកឧកញ៉ា ថេ​ង ប៊ុន​ម៉ា និង​ជា​អតីត​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ លោក​ឧកញ៉ា​តែងតែ ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ជួយ​សង្គម និង​ជនទីទ័លក្រ​ផងដែរ​។​

​ជាក់ស្តែង ក្នុង​ពិធី​អបអរសាទរ​ខួប ១៥៣​ឆ្នាំ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​នា​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ លោក​ឧកញ៉ា ខូវ សម្បត្តិ បាន​ឧ​ត្ថ​ម្ភ​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ ដល់​កាកបាទក្រហមកម្ពុជា ១១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងនោះ ក្នុងឋានៈ​អគ្គនាយក​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង លោក​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​ដុល្លារ និង​ឋានៈ​ជា​អគ្គនាយក ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ​។​
​សម្រាប់​ការសាងសង់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ លោក​ឧកញ៉ា ហុង ពា​វ ម្ចាស់​បូរី​ពិភពថ្មី ក៏បានផ្តល់​ថវិកា​ចំនួន ៣៦​ម៉ឺន​ដុល្លារ​ជូន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ផងដែរ​។​

​អគារ​សេនាធិការដ្ឋាន​ដ៏​ស្កឹមស្កៃ លេច​រូបរាង​ឡើង​ក្នុង​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​កើតឡើង​ដោយ​ការខិតខំ ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​គៀងគរ ស្វះ​ស្វែងរក​ជំនួយ​ឧបត្ថម្ភ ពី​បណ្តា​សប្បុរសជន ដើម្បី​ជា​ប្រយោជន៍ ទទួលបាន សំណង់​អគារ កន្លែង​បំពេញការងារ​ប្រកបដោយ​ភាព​រីកចម្រើន និង​សក្តានុពល ។​

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មិន​ត្រឹមតែ​បាន​គិតគូរ​ខ្ពស់ និង​សម្រេច​កសាង​អគារ​សេនាធិការដ្ឋាន ដ៏​ស្កឹមស្កៃ​រួចរាល់​ជា​ស្ថាពរ មកទល់ពេលនេះ​ប៉ុណ្ណោះ​ទេ គឺ​លោក​បាន​នឹង​កំពុង​បន្ត​ការសាងសង់​អគារ​ស្នាក់នៅ​កង​អន្តរាគមន៍ ដែលមាន​ទំហំ​បណ្តោយ​៥៦​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ កម្ពស់​៤​ជាន់ ជាមួយនឹង​ការរៀបចំ​ប្រព័ន្ធ​លូ ចាក់​បេតុង​ទីធ្លា ដាំ​ដើមឈើ ធ្វើ​សួនច្បារ របង ។​ល​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ​ទាំងនេះ នឹងត្រូវ​ដាក់​សម្ពោធ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ខាង​មុ​ខេ​នះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ៕

ចំនួនអ្នកទស្សនា

    20679387

  • ថ្ងៃនេះ2131
  • ម្សិលមិញ3011
  • សប្តាហ៍នេះ11261
  • ខែនេះ236931
  • ឆ្នាំនេះ236931
  • សរុប20679387