ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំឲ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់របស់ខ្លួនទាំងអស់ដែលប្រើប្រាស់រថយន្តជាកម្មសិទ្ធិ របស់រដ្ឋ ត្រូវគោរពច្បាប់ឲ្យបានម៉ឹងម៉ាត់និងជាពិសេសមិនត្រូវយករថយន្តរដ្ឋ ទៅកន្លែងកំសាន្តក្លឹប ខារ៉ាអូខេ និងកន្លែងម៉ាស្សា...។
ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីមានមន្ត្រីខិលខូចមួយចំនួននៅតាមក្រសួង ស្ថាប័នមួយចំនួនតូចបានយករថយន្តរបស់រដ្ឋទៅធ្វើសកម្មភាព ល្មើសច្បាប់ និងឲ្យអ្នកដទៃជិះក្នុងការប្រព្រឹត្តអំពើរកស៊ីមិនត្រឹមត្រូវហើយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់បាននាពេលកន្លងមកនេះ។
នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ របស់ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការប្រើប្រាស់រថយន្តរបស់រដ្ឋ បានឲ្យដឹងថា ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋកិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន និងមន្ត្រីរាជការសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសូមណែនាំដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការគ្រប់រូប និងគ្រប់លំដាប់ថ្នាក់ អំពីការប្រើប្រាស់រថយន្ត ពិសេសរថយន្តជាកម្មសិទ្ធិរបស់រដ្ឋដូចខាងក្រោមៈ
១.ត្រូវ ប្រើប្រាស់រថយន្ត ពិសេសរថយន្តពាក់ស្លាកលេខរបស់រដ្ឋ ឲ្យបានត្រឹមត្រូវ ត្រូវបើកបរប្រកបដោយសេចក្តីថ្នៃថ្នូរនិងគោរពឲ្យបានម៉ឹងម៉ាត់នូវ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមិនត្រូវរំលោភច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាបើកបរ ក្នុងទិសដៅហាមឃាត់ មិនគោរពភ្លើង ឬផ្លាកសញ្ញាចរាចរណ៍។ល។ ជាពិសេសនៅជុំវិញ ឬនៅក្បែរបរិវេណ នៃទីស្តីការក្រសួងនិងគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ២.មិនត្រូវប្រើប្រាស់រថយន្តពាក់ស្លាកលេខរដ្ឋក្រៅពីម៉ោងដែល ខ្លួនត្រូវបំពេញភារកិច្ចឡើយ ជាពិសេសមិនត្រូវបើកបររថយន្តទាំងនោះ ទៅកន្លែងកំសាន្តសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកំសាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សា ។ល។ និងមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់រថយន្តនោះក្នុងគោលបំណង ផ្សេងដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។
នៅចុងបញ្ចប់នៃសេចក្តីណែនាំនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការគ្រប់រូបនិងគ្រប់លំដាប់ថ្នាក់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
គួរបញ្ជាក់ថា ការចេញសេចក្តីណែនាំរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការប្រើប្រាស់រថយន្តរបស់រដ្ឋ គឺបានចេញចំនួនពីរលើកមកហើយ ដោយលើកទី១ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ និងលើកទី២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
សូម រម្លឹកថា នាពេលកន្លងមកនេះ មានជនខិលខូចមួយចំនួនតូច បានយករថយន្តពាក់ស្លាកលេខរបស់រដ្ឋដឹកឈើប្រណិត និងទំនិញគេចពន្ធ... ដើម្បីបំភ័ន្តភ្នែកអាជ្ញាធរមានសមត្ថកិច្ច ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចបានជាបន្តបន្ទាប់និងចាត់វិធានការទៅ តាមផ្លូវច្បាប់។ ហើយចំពោះករណីនេះ ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័នរបស់រដ្ឋគួរតែពង្រឹងមន្ត្រីនៅក្រោមឱវាទរបស់ខ្លួនដែលទទួល បានរថយន្តរបស់រដ្ឋ យកទៅប្រើប្រាស់ឲ្យចំគោលដៅ ជៀសវាងយកទៅប្រើប្រាស់ខុសគោលដៅ៕