ពលរដ្ឋ​ជាង​១០០​គ្រួសារ ដង្ហោយ​រក​អន្តរាគមន៍​ពី​ឯកឧត្តម ជា សុផារ៉ា ក្រោយ​មាន​គេ​សង់​រំលោភ​ផ្លូវ​លេខ​១៩៧៤

29-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅក្នុង​សហ​គន៍​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​កណ្តាប់ដៃ​ដែក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដោះស្រាយ​ក្រោយ​មាន​គេ​សង់​សំណង់​រឹង រំលោភ​ផ្លូវ​សាធារណ​:​របស់​រដ្ឋ ពោលគឺ​ផ្លូវ​លេខ​១៩៧៤ ចាប់ពី​ផ្លូវ​លេខ​៥៩៨ ដល់​ផ្លូវ​លេខ​១០០៣​។​

​ប្រជាពលរដ្ឋ​ទាំងនេះ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ក៏ បាន​ប្តឹងទៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ផងដែរ​ចំពោះ​ករណី​មួយ​នេះ រហូត​លោក បានចេញ​លិខិត​មួយចំនួន ផ្ញើ​ទៅ​អភិបាលខណ្ឌ​ជំនាន់​លោក លី សា​វេត សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ចុះទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​
​ប៉ុន្តែ​លិខិត​ជាច្រើន​សន្លឹក​របស់​ឯក​ឧ​ត្ត​ម ប៉ា សុជា​វង្ស ហាក់​គ្មាន​តម្លៃ​គតិយុត្ត​នោះឡើយ សម្រាប់​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ ពោល​បាន​បណ្តែតបណ្តោយ​មានការ​សាងសង់​សំណង់​រឹង​រំលោភ​ចូល​ផ្លូវ​មួយ​នេះ ស្ទើរ​នៅតែ​សល់​មួយ​ចង្វា​ម ខណ​:​ដែល​ផ្លូវ​នេះ មាន​ទទឹង​រហូតដល់​១០​ម៉ែត្រ ហើយ​ជា​ផ្លូវ​សល់​តាំងពី​ដូនតា​របស់​ប្រជាពលរដ្ឋ យូរលង់​ណាស់​មកហើយ​។​

​សម្រាប់​ករណីនេះ អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​ពាក់ព័ន្ធ មិនបាន​ចូលរួម​ដោះស្រាយ​នោះទេ ជាហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ចោទថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រវាង​មន្ត្រី​ថ្នាក់ក្រោម​ទាំងនោះ​។​​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ បាន​និយាយថា «​ផ្លូវ​នេះ នៅក្នុង​ប្លង់​មាន​ទទឹង​ប្រមាណ​១០​ម៉ែត្រ តែ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ កន្លែង​ខ្លះ​មាន​ទទឹង​ប្រហែល​២​ម៉ែត្រ កន្លែង​ខ្លះ​៧​ម៉ែត្រ និង​កន្លែង​ខ្លះ​បិទ​ទាំ​ស្រុង​តែម្ដង នេះ ក៏​ព្រោះតែ​គេ​សង់​សំណង់​រឹង មួយថ្ងៃ​ទៅមួយថ្ងៃ រំលោភ​លើផ្លូវ តែ​រឿងនេះ គ្មាន​អាជ្ញាធរ​ដោះស្រាយ​នោះទេ បើទោះបី លោក​អភិបាលក្រុង បានចេញ​លិខិត​បង្គាប់ការ​ទៅ​អភិបាលខណ្ឌ​មុន និង​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​ក៏ដោយ​»​។​

​ប្រជាពលរដ្ឋ​រូបនេះ បាន​បញ្ជាក់ថា ករណីនេះ​មានតែ​ឯកឧត្តម ជា សុផារ៉ា នោះទេ​ដែល​អាច​បញ្ចប់​បាន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ភាពកក់ក្តៅ ហើយ​មាន​ផ្លូវ​អាចធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល​ដូច​មុន​បាន​។​​កាលពី​ម្សិលមិញ ពី​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្រមាន​រុក​រើកោះ​កកាយ​ឲ្យ​អស់​រាល់​ការ រំលោភបំពាន​ដីធ្លី​ពី​សំណាក់​អ្នកមានអំណាច ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ បើទោះបី​អ្នករំលោភ​ដី​ប្រជាពលរដ្ឋ​នោះ មាន​ឋានៈ​បុណ្យ​ស័ក្តិធំ ឬ​ដុះ​ចង្កូម​នៅលើ​ក្បាល​ក៏ដោយ​នោះ​។​
​ក្នុងឱកាស​អញ្ជើញ​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធិផល​នានា នៅ​វត្ត​ឥន្ទកោសិយ ហៅ​វត្ត​ចំការ​ម្លូ ស្ថិតនៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​គូសបញ្ជាក់ថា ឱកាស​នៃ​ការរំលោភបំពាន​ដីធ្លី​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នឹងត្រូវ​ចប់​ហើយ បើទោះបី​មិនទាន់​បញ្ចប់​ទាំងស្រុង តែ​ក៏​កំពុងតែ​ថមថយ​ជា​បណ្តើរៗ​ហើយ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ «​ឱកាស​នៃ​អ្នករំលោភ​ដី​គេ​ត្រូវ​ចប់​ហើយ ប្រកាស​ពី​ទីនេះ​ទៅ​ក្រែង​ឮ​ដល់​ណា​ឮ​ទៅ​! ចប់​ហើយ​! អត់​សង្ឃឹមថា មក​សូក​ខ្ញុំ ហើយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ដី​ប្រជាជន កុំ​សង្ឃឹម​ឲ្យ​សោះ​។ មួយទៀត​អ្នក​ដែល​រងគ្រោះ ហ្អែ​ង​ចង់​ប៉ុន្មាន​ឆ្នាំ​ក៏ដោយ ក៏​កកាយ​ហ្អែ​ង​មកវិញ​ទាល់តែ​អស់ កកាយ​យកមក​ឲ្យ​អស់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ អា​អ្នក​ខូច​ហ្អែ​ង​ចង់​ដុះ​ចង្កូម​នៅលើ​ក្បាល ក៏​អត់​ខ្លាច​ដែរ ហ្អែ​ង​មាន​ប៉ុណ្ណា ក៏មាន​ទៅ ហ្អែ​ង​ធំ​ប៉ុណ្ណា ក៏​ធំ​ទៅ​អត់​ខ្លាច​ទេ​»​៕

ចំនួនអ្នកទស្សនា

    20679407

  • ថ្ងៃនេះ2151
  • ម្សិលមិញ3011
  • សប្តាហ៍នេះ11281
  • ខែនេះ236951
  • ឆ្នាំនេះ236951
  • សរុប20679407